រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់វគ្គជម្រុះវិលជុំនៅក្នុងពូលA ឈានទៅដណ្តើមខ្សែក្រវាត់ K-cement ក្នុងប្រភេទទម្ងន់៧១គីឡូក្រាមនៅលើសង្វៀន CTN កាលពីថ្ងៃអាទិត្យ ទី៩ មីនា កីឡាករ ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា រកបាន៣ពិន្ទុនាំមុខមុន បន្ទាប់ពីបានផ្តួលកីឡាករ សរ រាជសីហ៍ មកពីក្លិបមោងឫស្សីមរតកគុនខ្មែរ ខេត្តបាត់ដំបង ឱ្យសន្លប់នៅត្រឹមទឹកទី៣ ។
ឡុង សុភី បានដាក់គំនាបទៅលើ សរ រាជសីហ៍ ជាប់រហូត តាំងពីទឹកទី១មកម៉្លេះ តាមរយៈការបញ្ជូនស្នៀតកណ្តាប់ដៃមា៉ត់ និងស្នៀតជើងទាត់ផ្ទួនៗ ធ្វើឱ្យ សរ រាជសីហ៍ ព្យាយាមគេចចេញទាំងព្រលឹងចុងសក់ ពេលខ្លះគេចមិនទាន់ក៏បានដួលច្រងាប់ច្រងិលដោយសារទប់ជំហរមិនជាប់ទៀតផង ។ ចូលដល់ទឹកទី២ និងទី៣ ស្ថានភាពប្រកួតរបស់ សរ រាជសីហ៍ កាន់តែយា៉ប់ខ្លាំងឡើង ខណៈពេលដែល ឡុង សុភី កាន់តែបង្កើនការវាយលុកជាប់រហូត ។ នៅពាក់កណ្តាលទឹកទី៣ ឡុង សុភី បានមា៉ត់ចូលមុខ និងបុកជង្គង់ចូលពោះទឹក សរ រាជសីហ៍ យា៉ងពេញទំហឹងបណ្តាលឱ្យចុកឆ្អល់ត្រូវអាជ្ញាកណ្តាលលោក រាម កុសល រាប់៨ម្តងទៀតផង។ ប៉ុន្តែគេមិនព្រមចុះញ៉មឡើយ ដោយបានងក់ក្បាលបញ្ជាក់ថា គេប្រកួតបន្តទៀត ។ នៅចុងទឹកទី៣ ឡុង សុភី បានមា៉ត់ចូលមុខមួយដៃយា៉ងពេញទំហឹងទៀត បណ្តាលឱ្យ សរ រាជសីហ៍ ដួលក្រោកលែងរួចតែម្តង ។
ចំណែកឯការប្រកួតជាលក្ខណៈមិត្តភាពដែលទទួលការឧបត្ថម្ភពីក្រុមហ៊ុនស្រាសាច់ដុំពិសេសវិញនោះ សរ សី មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ផ្តួល មីស្លីន អាលី មកពីក្លិបអាសីុកីឡាឱ្យសន្លប់នៅត្រឹមទឹកទី៣ ។ នួន ភិរក្ស មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ផ្តួល សឹង្ហ សាវ៉ន មកពីក្លិបព្រះខ័នរាជនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងទឹកទី៤ ។ ស័ក្ត សមវណ្ណៈ មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ឈ្នះពិន្ទុ ស្រិល ទ្រី មកពីក្លិបព្រះខ័នរាជនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ សេន ម៉ៅ មកពីក្លិបខ្លារខិនមានឫទ្ធិផ្តួល គុន សំណាង មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ឱ្យសន្លប់នៅត្រឹមទឹកទី១ និងផាន់ ផាត់យុទ្ធ មកពីក្លិបសាលវ័ន្តកីឡា ផ្តួល ទេស សំរិន មកពីក្លិបកងពលតូចលេខ៧០នៅត្រឹមទឹកទី៣ ៕
ចែករំលែកព័តមាននេះ