ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃបានបិទច្រករបៀងខ្លាងាប់ដែលស្ថិតក្នុងភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃតាំងពីព្រឹកថ្ងៃទី៩ មីនា២០១៤ មកទល់ព្រឹកថ្ងៃទី១០ មីនា នេះ នៅមិនទាន់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ព្រំដែននៅឡើយបន្ទាប់ពីខឹងនឹងបុគ្គលម្នាក់បានកាត់ដើមឈើទាល១ដើម នៅមាត់អូរព្រំដែនខាងកម្ពុជា កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី៨ មីនា ២០១៤ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ការបិទច្រករបៀងខាងលើពីសំណាក់ភាគីថៃគឺដោយសារភាគីថៃខឹងបុគ្គលម្នាក់បានកាត់ដើមឈើទាលមួយដើម នៅមាត់អូរព្រំដែនប្រវែងជិត១០ម៉ែត្រ ប៉ុន្តែនៅខាងទឹកដីកម្ពុជាទេ ។ លោកមេប៉ុស្តិ៍បន្តថា ក្រោយហេតុការណ៍កើតឡើង កម្លាំងជួរមុខរបស់ថៃបានចុះមកចំណុចកើតហេតុ ហើយបានខឹងសម្បារព្រមទាំងនិយាយថា ពួកគេបានហាមប្រាមមិនឱ្យកាត់ទេ ប៉ុន្តែបុគ្គលម្នាក់នោះ នៅតែលួចកាត់ទៀត ។ ដោយសារបញ្ហាដើមឈើមួយដើមនេះ លោកថាសមត្ថកិច្ចថៃឈានដល់ការបិទព្រំដែនអស់រយៈពេល២ថ្ងៃមកហើយ មិនទាន់បើកឱ្យដំណើរការនៅឡើយទេ សូម្បីតែពលរដ្ឋខ្មែរធ្លាប់ចេញចូលទៅធ្វើការព្រឹកវិលល្ងាច ពិសេសអ្នកចូលទៅទិញម្ហូបអាហារដូចសព្វមួយដង ក៏ភាគីថៃមិនអនុញ្ញាតដែរ ដោយគេនិយាយថា ដរាបណាជួបនិយាយគ្នាឱ្យចប់សិន
មេប៉ុស្តិ៍ខាងលើបន្តថា បុគ្គលម្នាក់ដែលកាត់ដើមឈើទាលនោះឈ្មោះពៅ មិនស្គាល់ត្រកូល ប៉ុន្តែលោកបង្ហើបថាជាមន្ត្រីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៩៩៩ ប្រចាំការនៅស្រុកម៉ាឡៃ ។ ជុំវិញការកាត់ដើមឈើមួយដើមនេះ ត្រូវបានលោកមេប៉ុស្តិ៍បា្រប់ថា ពេលកើតហេតុលោកមិនបាននៅកន្លែងទេគឺរវល់ទៅញ៉ាំការគេ ប៉ុន្តែលោកប្រាប់ថាឈ្មោះពៅបានទូរស័ព្ទទៅសុំកាត់ដើមឈើទាលនោះដែរតែលោកមិនអនុញ្ញាតដោយនិយាយថាវាជាសម្បត្តិធម្មជាតិព្រំដែនលោកមិនហ៊ានទេខ្លាចមានរឿងមិនតែប៉ុណ្ណោះ លោកមេប៉ុស្តិ៍ប្រាប់ថា ក្រោយហេតុការណ៍កើតឡើងភាគីថៃក៍បានប្រាប់លោកតាមទូរស័ព្ទថាឈ្មោះពៅបានទៅសុំពួកគេ ដើម្បីកាត់ដើមឈើទាលនោះ តែពួកគេមិនអនុញ្ញាតផង បែរជាបុគ្គលនោះនៅតែបន្តលួចកាត់។
ចែករំលែកព័តមាននេះ