រាជធានីភ្នំពេញ៖ កិច្ចពិភាក្សាស្តីពីការកែទម្រង់ប្រព័ន្ឋបោះឆ្នោតនៅកម្ពុជា រវាងក្រុមគណៈកម្មការចម្រុះមកពីគណបក្សប្រជាជនកម្ពុជា ( CPP ) និង គណបក្សសង្គ្រោះជាតិ ( CNRP ) បានបិទបញ្ចប់ហើយនៅម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី១០ មីនា ២០១៤ និង បន្តណាត់ជួបគ្នាទៀតនៅថ្ងៃទី១៧ មីនា ខាងមុខ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់ប្រសាសន៏លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ឲ្យដឹងថា ក្នុងការជជែកពិភាក្សាគ្នាពេញមួយព្រឹកនេះ ភាគីទំាងពីរបានព្រមព្រៀងគ្នាឲ្យមានការពិនិត្យឡើងវិញលើស្ថាប័នបោះឆ្នោត និង ឯកភាពឲ្យមានក្រុមអង្គការសង្គមស៊ីវិលចូលរួមពិភាក្សាផងដែរលើការកែទម្រង់ប្រព័ន្ឋបោះឆ្នោត ។
បើតាមលោក ប៊ិន ឈិន ក្នុងការពិភាក្សាគ្នានេះ ភាគីទំាងពីរមិនបានពិភាក្សាគ្នាលើរបៀបវារៈស្តីពីការកំណត់ឲ្យនាយករដ្ឋមន្រ្តីមានសញ្ជាតិតែមួយនោះទេ ។ ទាក់ទងទៅនឹងការចង់ឲ្យមានការកំណត់នាយករដ្ឋមន្រ្តីឲ្យមានសញ្ជាតិតែមួយដែលលើកឡើងដោយមន្រ្តីគណបក្សប្រជាជនកម្ពុជានោះ លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងស្វាគមន៏ ។
យ៉ាងណាក៏ដោយកិច្ចពិភាក្សានៅព្រឹកថ្ងៃចន្ទនេះ ភាគីទំាងពីរមិនបានចេញសេចក្តីថ្លែងការណ៏រួមដូចលើកមុនៗនោះទេ ដោយគ្រាន់តែឯកភាពគ្នាពីរចំណុចខាងលើប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ