ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៦នាក់ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់របស់ស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៩ មីនា ២០១៤ ដោយចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៨ មីនា ២០១៤ នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យយុវជនម្នាក់រងរបួសដាច់.កដៃឆ្វេងម្ខាង។
លោកឌុច ចំរើន នាយការិយាល័យនគរបាលកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះប៊ុន កុសល ហៅម៉ាត់ អាយុ២១ឆ្នាំ រស់នៅភូមិតាឯក ឃុំបានី ស្រុកកំពង់ត្រឡាច។ ចំណែកជនរងគ្រោះឈ្មោះឡាយ ប៊ុនធា អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុទាំងជនរងគ្រោះ និងជនបង្កបានជិះម៉ូតូទៅលេងរាំវង់ក្នុងពិធីបុណ្យមួយនៅភូមិ-ឃុំខាងលើ ពេលនោះក្រុមម៉ូតូបង្កហេតុបានបើកម៉ូតូលឿនធ្វើឱ្យដីហុយពេញផ្លូវងងឹតមើលអីមិនឃើញ និងទំនងប៉ះពាល់ដល់ជនរងគ្រោះផងទើបពេលនោះជនរងគ្រោះក៏បានស្រែកស្តីឱ្យក្រុមជនបង្ក ខណៈនោះជនដៃដល់ក៏ទាញដាវពីចង្កេះកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យដាច់.កដៃខាងឆ្វេង ។ ក្រោយពីកាប់ជនរងគ្រោះឱ្យរបួសហើយជនដៃដល់ និងបក្សពួកបានរត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលមន្ទីរពេទ្យក្រុងភ្នំពេញ ។
ចែករំលែកព័តមាននេះ