ខេត្តពោធិ៍សាត់ ៖ ទាហានវរសេនាតូចការពារព្រំដែនគោកលេខ១៤៥ម្នាក់បានដើរជាន់មីនបណ្តាលឱ្យផ្ទុះដាច់កែងជើងម្ខាង ខណៈពេលទៅមើលស្រូវក្រោយផ្ទះចម្ងាយប្រហែល៤០ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៧ កុម្ភៈ២០១៤ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង (ព្រំដែនកម្ពុជា-ថៃ)។
ជនរងគ្រោះឈ្មោះមាស យ៉ុង ភេទប្រុស អាយុ៤៣ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានកោះសន្តិភាពនៅឯមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ថា គាត់ជាទាហានវរសេនាតូចការពារព្រំដែនគោកលេខ១៤៥ឈរជើងនៅឃុំថ្មដា ស្រុកវាលវែង។ គាត់មានប្រពន្ធ កូន និងដីអាស្រ័យផលមួយកន្លែងនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដាខាងលើនិងបានដាំស្រូវជារៀងរាល់ឆ្នាំ។
ជនរងគ្រោះបន្តថា នៅថ្ងៃកើតហេតុ គាត់បានដើរទៅមើលស្រូវក្រោយផ្ទះចម្ងាយប្រហែល៤០ម៉ែត្រដែលកំពុងទុំដើម្បីរៀបចំច្រូតកាត់។ ពេលដើរទៅដល់ស្រាប់តែជាន់លើគ្រាប់មីនបណ្តាលឱ្យផ្ទុះ តែមិនបណ្តាលឱ្យដាច់ជើង ឬរយះសាច់ធំដុំឡើយ គឺគ្រាន់តែដាច់កែងជើងឆ្វេងម្ខាង និងរបួសភ្លៅបន្តិចបន្តួចប៉ុណ្ណោះ។
លោកបញ្ជាក់ថា មីននោះជាប្រភេទមីនK58 ដែលមានសញ្ញាលេខបូកនៅពីលើ ពេលជាន់គឺផ្ទុះតែគីបទេ ដោយសាររំសេវខូចគុណភាព តែបើវានៅមានគុណភាពវិញ រូបគាត់នឹងដាច់ជើងក្លាយជាជនពិការ ឬក៏អាចបាត់បង់ជីវិតទៀតផងក៏មិនដឹង ដែលនេះជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់៕
ចែករំលែកព័តមាននេះ