កងទ័ពរុស្សុីបានពង្រឹងកម្លាំងថែមទៀត កាលពីថ្ងៃទី៩ មីនា នៅគ្រីមេ ដែលនៅទីនោះអាជ្ញាធរស្និទ្ធវិមានក្រឹមឡាំង ចង់រៀបចំការបោះប្រជាមតិមួយស្តីពីការបញ្ចូលដែនដីនោះមកក្នុងប្រទេសរុស្សុី នាថ្ងៃទី១៦ មីនា ។ មានការប៉ះទង្គិចគ្នានានាផ្ទុះឡើងនៅទីក្រុងកំពង់ផែសេបាស្តូប៉ូល ដែលជាមូលដ្ឋានរបស់កងនាវាចរណ៍សមុទ្រខាងជើងរបស់រុស្សុី ដែលនៅទីនោះពួកសកម្មជនស្និទ្ធរុស្សុី បានប្រទូស្តរ៉ាយជាមួយពួកអ្នកគាំទ្រអ៊ុយក្រែន ។
សហរដ្ឋអាមេរិកបានធ្វើការព្រមានថ្មីមួយចំពោះក្រុងមូស្គូ ដោយអះអាងថា ការបញ្ចូលសាធារណរដ្ឋស្វយ័តគ្រីមេ ដែលជាដែនដីអ៊ុយក្រែន ចាប់តាំងពីឆ្នាំ១៩៥៤មក នឹងពុំអាចនាំឱ្យមានដំណោះស្រាយខាងការទូតចំពោះវិបត្តិឡើយ ។ ក្រោយការផ្តួលរំលំអតីតប្រធានាធិបតីអ៊ុយក្រែនស្និទ្ធរុស្សុី លោកវិកទ័រ អុីយ៉ានូកូវីត ពីថ្ងៃទី២២ កុម្ភៈ មក កងទាហានរុស្សុី និងពួកជីវពលស្និទ្ធវិមានក្រឹមឡាំង បានត្រួតត្រាឧបទ្វីបគ្រីមេ ដែលប្រជាជនភាគច្រើននិយាយភាសារុស្សុី។
កាលពីយប់ថ្ងៃទី៨ មកទី៩ មីនា កងទ័ពរុស្សុីបានឡោមព័ទ្ធប៉ុស្តិ៍យោធាអ៊ុយក្រែនថ្មីមួយទៀត នៅភាគខាងលិចគ្រីមេ រាំងខ្ទប់កងឆ្មាំព្រំដែន៣០នាក់ នៅក្នុងបន្ទាយនេះ ។ អ្នកនាំពាក្យម្នាក់របស់កងឆ្មាំព្រំដែនអ៊ុយក្រែនបញ្ជាក់ថា កងទ័ពរុស្សុី បានឡោមព័ទ្ធមូលដ្ឋាន TCHERNOMORSKOIE នាវេលាម៉ោង៦ព្រឹក រួចរុស្សុីពេលនេះត្រួតត្រាប៉ុស្តិ៍ព្រំដែនអ៊ុយក្រែនចំនួន១១កន្លែង ។
លើសពីនេះទៀត ជនប្រដាប់អាវុធស្និទ្ធរុស្សុីមួយកងស្លៀកពាក់ឯកសណ្ឋានយោធាគ្មានស្លាកសញ្ញា កាលពីថ្ងៃទី៩ មីនា បានលើកទៅឡោមព័ទ្ធព្រលានយន្តហោះយោធាអ៊ុយក្រែនមួយនៅគ្រីមេ ។ អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិប្រទេសអ៊ុយក្រែននិយាយថា មនុស្សស្លៀកពាក់ឯកសណ្ឋានប្រមាណជា៨០នាក់ បានរាំងខ្ទប់ច្រកចូលព្រលានយន្តហោះនេះ ហើយដាក់កាំភ្លើងយន្តតាមបណ្តោយផ្លូវចុះឡើងរបស់យន្តហោះ ។
នៅក្រុងស៊ីមហ្វេរ៉ូប៉ូល រដ្ឋធានីគ្រីមេ ពួកអ្នកគាំទ្ររដ្ឋាភិបាលក្រុងគៀវ រងការវាយប្រហារពីពួកសកម្មជនស្និទ្ធរុស្សុី ហើយផ្ទុះការប៉ះទង្គិចគ្នា។ ប៉ូលិសបានធ្វើអន្តរាគមន៍បំបែកក្រុមទាំង២ឱ្យឃ្លាតឆ្ងាយពីគ្នា ។ ចំណែកបាតុករស្និទ្ធរុស្សុីប្រមាណជា២.០០០នាក់ បាននាំគ្នាស្រែកច្រៀងចម្រៀងចាស់ៗសម័យកាលសហភាពសូវៀត ។ ពួកគេនាំគ្នាស្រែកថា យើងជារុស្សុី ពុំមែនអ៊ុយក្រែនឡើយ ។ យើងនៅជាមួយលោកពូទីន ៕
ចែករំលែកព័តមាននេះ