យោងតាមធនាគារBank for International Settlement (BIS)បានឲ្យដឹងថា ទំហំបំណុលនៅលើពិភពលោកបានកើនឡើងជាង៤០%ដល់១០០លានលានដុល្លារអាមេរិកចាប់តាំងពីមានសញ្ញាដំបូងនៃវិបត្តិហិរញ្ញវត្ថុ ដោយសាររដ្ឋាភិបាលបានខ្ចីប្រាក់ដើម្បីអូសទាញសេដ្ឋកិច្ចចេញពីវិបត្តិ ហើយបណ្តាក្រុមហ៊ុននានាបានឆ្លៀតកេងយកផលប្រយោជន៍ពីអត្រាការប្រាក់ទាប ។
យោងតាមទិន្នន័យដែលចងក្រងដោយសារព័ត៌មានBloombergបានបង្ហាញថា ទឹកប្រាក់ចំនួន៣០លានលានដុល្លារ កើនឡើងពី៧០លានលានដុល្លារចន្លោះពាក់កណ្តាលឆ្នាំ២០០៧និងពាក់កណ្តាលឆ្នាំ២០១៣ ធៀបនឹងការធ្លាក់ចុះតម្លៃភាគហ៊ុន៣,៨៦លានលានដុល្លារដល់៥៣,៨លានលានដុល្លារនៅក្នុងអំឡុងពេលដូចគ្នា ។
កំណើនបំណុលនាពេលនេះគឺស្មើនឹងជិតពីរដងនៃផលិតផលក្នុងស្រុកសរុបរបស់អាមេរិកនេះបើយោងតាមការវាស់វែងការងារប្រចាំត្រីមាសរបស់ធនាគារដែលមានមូលដ្ឋាននៅទីក្រុងបាស្សែល ប្រទេសស្វ៊ីស ។ធនាគារបានឲ្យដឹងទៀតថា ប្រាក់កម្ចីបានកើនឡើងនៅគ្រាដែលធនាគារកណ្តាលទាំងឡាយទម្លាក់អត្រាការប្រាក់គោលរបស់ខ្លួនដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីទីផ្សារកម្ចីទិញផ្ទះរបស់អាមេរិកដួលរលំ ហើយការក្ស័យធនរបស់ធនាគារLehman Brother Holding Inc បានរុញច្រានឲ្យពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៣០ មក ។
យោងតាមលោកBranimir Gruicអ្នកវិភាគ និងលោកAndreas Schrimpf សេដ្ឋវិទូធនាគារBISបានឲ្យដឹងថា ដោយមើលឃើញពីកំណើនដ៏សំខាន់នៅក្នុងការចំណាយរបស់រដ្ឋាភិបាលក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលប្រចាំតំបន់បានក្លាយជាអ្នកបញ្ចេញបំណុលធំបំផុត ៕
ចែករំលែកព័តមាននេះ