រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ ឆ្នាំ២០១៣ កន្លងមកនេះ មន្ទីរប្រមូល និងសង្គ្រោះជនអនាថាបានចំនួន៦៧៨នាក់ ក្នុងនោះអ្នកស្ម័គ្រចិត្តចំនួន១៦៥នាក់ ស្រី៤៤នាក់ មិនស្ម័គ្រចិត្តចំនួន៥១៣នាក់ ស្រី២៣៤នាក់ និងស្ត្រីរកស៊ីផ្លូវភេទចំនួន២៧៩នាក់ ដើម្បីអប់រំបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ និងខ្លះអប់រំរួចបញ្ជូនទៅស្រុកកំណើតវិញ ។
របាយការណ៍ដដែលនោះបានឱ្យដឹងទៀតថា ក្នុងចំណោមស្ត្រីរកស៊ីផ្លូវភេទចំនួន២៧៩នាក់នោះ អាជ្ញាធរប្រមូលបានចំនួន១៧៨នាក់ ថយចុះ៤៨% និងទទួលនារីរងគ្រោះចំនួន១០១នាក់ កើន៥៥% ក្នុងនោះចាញ់បោកគេ៨ករណី រំលោភ៣ករណី ជូញដូរ១ករណី និងអំពើហិង្សា៥ករណី ។ ក្នុងចំណោមស្ត្រីទាំងនោះមន្ទីរបានធ្វើការអប់រំណែនាំពិគ្រោះយោបល់ ហើយបញ្ជូនទៅអង្គភាពនានា ជួយបន្តអប់រំបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ និង៣៥នាក់ត្រូវបានធ្វើសមាហរណកម្មទៅស្រុកកំណើតវិញ ។
មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ មួយឆ្នាំកន្លងមកនេះ បានទទួលកុមារីរងគ្រោះចំនួន៥៤នាក់ ក្នុងនោះរំលោភ១៥ករណី រងការជួញដូរ៥ករណី អំពើហិង្សា២ករណី អាណាព្យាបាលបោះបង់២ករណី និងស្វែងរកសេវាគាំទ្រ១ករណី ។
ទាក់ទិនទៅនឹងជនអនាថានោះលោកសន សុផល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឱ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនៅរសៀលថ្ងៃទី៩ មីនា ២០១៤ នេះថា អនុវត្តន៍តាមផែនការរបស់ក្រសួងសង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ និងការណែនាំរបស់សាលារាជធានីភ្នំពេញ មន្ទីររបស់លោកបានខិតខំធ្វើការប្រមូល និងសង្គ្រោះដល់ជនអនាថាដែលគ្មានទីពឹង ដើរដេកតាមសំយ៉ាបផ្ទះ តាមផ្លូវ ថ្នល់ និងទីសាធារណៈនានា ដែលពួកគេងាយរងគ្រោះថ្នាក់បំផុត ។
លោកសន សុផល ប្រធានមន្ទីរសង្គមកិច្ចបានបញ្ជាក់ថា តាមរយៈការធ្វើអង្កេត និងស្រង់ទិន្នន័យនោះ បច្ចុប្បន្ននេះជនអនាថាដែលមិនទាន់ប្រមូលអស់នៅរាជធានីភ្នំពេញ មានចំនួន៥៩៨នាក់ ស្មើនឹង២០៣គ្រួសារ ក្នុងនោះកុមារ១៧៤នាក់ ស្ត្រី៦៨នាក់ទៀត ដែលកំពុងស្នាក់នៅរាជធានីភ្នំពេញ ។ ជនអនាថាទាំងនោះមកពីខេត្តព្រៃវែង ចំនួន៧១គ្រួសារ តាកែវ២៥គ្រួសារ កំពង់ស្ពឺ២៣គ្រួសារ និងខេត្តផ្សេងៗទៀតចំនួន៨៤គ្រួសារ ។
មូលហេតុដែលពួកគេចំណាកស្រុកនោះ មកពីគ្មានផ្ទះ គ្មានដី ស្រែចំការនៅភូមិកំណើត ជំពាក់បំណុលគេ គ្រួសារក្រីក្រ គ្មានមុខរបរទទួលទាន មករកការងារធ្វើនៅភ្នំពេញ ចាញ់បោកគេ បាត់ការចងចាំ ដោយមកដើរសុំទាន រើសអេតចាយ លក់កម្លាំងពលកម្ម ប្រើគ្រឿងញៀន ។ល។ ហើយជនអនាថាទាំងនោះរស់នៅតាមចិញ្ចើមថ្នល់យូរយារណាស់មកហើយតកូនតចៅតែម្តង ៕
ចែករំលែកព័តមាននេះ