កីឡាករបារាំង Sebastien Ogier កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការឈ្នះពានជើងឯកប្រណាំងរថយន្តកម្មវិធី Rally Mexico បន្ទាប់ពីបានបន្តការនាំមុខចូលដល់ថ្ងៃទី២ នៃការប្រណាំងកាលពីថ្ងៃសៅរ៍ ទី៨ ខែមីនា ម្សិលមិញ។ ការប្រណាំងក្នុងថ្ងៃទី២ នេះត្រូវបានបញ្ចប់នៅទីក្រុង Leon រដ្ឋ Guanajuato ប្រទេសម៉ិកស៊ិក ។
Ogier បានបើករថយន្ត Volkswagen របស់ខ្លួនចូលដល់ទីព្រ័ត្រក្នុងថិរវេលា៣ម៉ោង៣៦នាទី និង៤២.២វិនាទី យកឈ្នះកីឡាករមិត្តរួមក្រុម Jari-Matti Latvala ដែលបានប្រើពេលច្រើនជាង១នាទីនិង០.៣វិនាទី ។
ចំណែកកីឡាករ Theirry Neuville បើកបរឱ្យក្រុម Hyundai បញ្ចប់ការប្រណាំងក្នុងលំដាប់ទី៣ ខណៈកីឡាករ Elfyn Evans របស់ក្រុម M-Sport Ford បញ្ចប់ការប្រណាំងក្នុងលំដាប់ទី៤ បន្ទាប់ពីបានប្រើពេលច្រើនជាង Ogier ៥នាទីនិង២៤វិនាទី ។
Ogier បាននិយាយថា ៖ «ការប្រណាំងក្នុងថ្ងៃនេះ មិនសូវជាពិបាកដូចជាថ្ងៃម្សិលមិញទេ ។ ការទស្សន៍ទាយដែលថាមានកំណកព្រឹលនៅលើផ្លូវប្រណាំងនោះពិតជាមានមែន ប៉ុន្តែវាមិនរំខានខ្លាំងទេ ដ្បិតវារលាយបាត់បន្តិចម្តងៗ ។ វាពិតជាអស្ចារ្យខ្លាំងណាស់ ។ សម្រាប់ខ្ញុំបានមកប្រណាំងនៅទីនេះពិតជាមានក្តីរីករាយខ្លាំងណាស់ ជាពិសេសការដែលខ្ញុំកំពុងនាំមុខគេ»។
ចំណែកកីឡាករហ្វាំងឡង់ Mikko Hirvonen បើកបរឱ្យក្រុម M-Sport Ford បានរអិលធ្លាក់ទៅចំណាត់ថ្នាក់ទី៨ បន្ទាប់ពីបានប្រើអស់ថិរវេលា៣ម៉ោង៥២នាទី និង៥១វិនាទី ខណៈកីឡាករជើងខ្លាំងរបស់បារាំង សេបាស្ទៀន ឡូអែប អវត្តមាន ។
សូមបញ្ជាក់ថា ការប្រណាំងរថយន្តប្រភេទRally សម្រាប់ឆ្នាំ២០១៤ នេះចែកចេញ១៣ដំណាក់កាល ។ ដំណាក់ទី១ ចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែមករា ដើមឆ្នាំនៅប្រទេសបារាំង និងដំណាក់ចុងក្រោយបំផុតនឹងធ្វើនៅថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកាខាងមុខ នៅចក្រភពអង់គ្លេស ។ ដោយឡែក ការប្រណាំងនៅប្រទេសម៉ិកស៊ិកនេះគឺស្ថិតនៅក្នុងដំណាក់ទី៣ ៕
ចែករំលែកព័តមាននេះ