ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យចែកចាយគ្រឿងញៀន២នាក់ប្តី ប្រពន្ធត្រូវនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ មីនា ២០១៤ នៅចំណុចភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ។
លោកនូ ហ៊ួ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យ២នាក់ប្តីប្រពន្ធនេះត្រូវសមត្ថកិច្ចឃាត់ខ្លួន និងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុបចំនួន១០៩គ្រាប់ ដែលជំហានដំបូងឆែកលើខ្លួនបុរសជាប្តីឃើញថ្នាំញៀនចំនួន២៥គ្រាប់ និងជំហានទី២ឆែកឆេរនៅក្នុងផ្ទះរបស់ជនសង្ស័យរកឃើញថ្នាំញៀនចំនួន៨៤គ្រាប់ទៀតលាក់ទុកក្នុងទ្រុងមាន់។
លោកនូ ហ៊ួ បន្តទៀតថា ជនសង្ស័យជាប្តីឈ្មោះលៀម ហូម អាយុ៤៦ឆ្នាំ ជាកសិករ និងប្រពន្ធឈ្មោះកៅ នី អាយុ៤៧ឆ្នាំ រស់នៅកន្លែងចាប់ខ្លួនខាងលើ។ នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាប្រពន្ធជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះមានបុរសម្នាក់នៅប្រទេសឡាវយកមកលក់ឱ្យ ដោយយកមកឱ្យម្តងៗមាន១០០គ្រាប់ នៅពេលលក់អស់ទើបយកមកឱ្យ១០០គ្រាប់ទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តី ប្រពន្ធត្រូវនគរបាលជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ