កីឡាការិនីចិន លីណា និងកីឡាករស្វ៊ីស រ៉ូជើ ហ្វេដឺរ័រ ទាំងពីរនាក់បានឆ្លងផុតការប្រកួតបើកឆាករបស់ខ្លួនក្នុងព្រឹត្តិការណ៍វាយកូនបាល់ BNP Paribas Open នៅទីក្រុង Indian Wells រដ្ឋកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី ៨មីនា ម្សិលមិញ។
នាងលីណា ឆ្លងផុតជុំទី២ បន្ទាប់ពីបានបំបាក់កីឡាការិនីមិត្តរួមជាតិខ្លួនគឺនាង Zheng Jie ក្នុងលទ្ធផល៦-១និង៧-៥ ។ កីឡាការិនីលំដាប់ទី២ពិភពលោករូបនេះបានថ្លែងថា៖ «នេះជាការប្រកួតលើកទី១របស់ខ្ញុំ ២សប្តាហ៍បន្ទាប់ពីការប្រកួតនៅក្រុងដូហា ។ ពិតណាស់ ការប្រកួតលើកទី១មិនបានល្អ១០០ភាគរយនោះទេ តែយ៉ាងណា ខ្ញុំសប្បាយចិត្តចំពោះលទ្ធផលនេះ។ វាធ្វើឱ្យខ្ញុំរៀនសូត្របានច្រើនពីកំហុសខ្លួនឯង» ។ សម្រាប់ការប្រកួតលើកនេះ លីណា បានប្រើពេលអស់១ម៉ោងនិង៣៤នាទី ។ នាងបានបន្តថា៖«ខ្ញុំនៅតែគិតថា នៅមានកិច្ចការច្រើនទៀតដែលខ្ញុំត្រូវកែលម្អ» ។
នៅជុំបន្ទាប់ លីណានឹងប៉ះជាមួយកីឡាការិនីឆែក Karolina Pliskova ដែលបានយកឈ្នះមិត្តរួមជាតិខ្លួន Klara Zakopalova ក្នុងលទ្ធផល៧-៥និង៦-២ ។
សម្រាប់នាង Zheng Jie វិញយល់ថា ការជួបជាមួយលីណា គឺជាការប្រជែងដ៏លំបាកមួយ។ នាងបានថ្លែងថា ៖«សម្រាប់ខ្ញុំ វាជាការប្រជែងដ៏ខ្លាំងក្លាមួយ ។ សិតទី១ ខ្ញុំហាក់ដូចជាយឺតខ្លាំងណាស់ ខណៈដែលលីណា វាយសម្រុកយ៉ាងគឃ្លើន ។ នាងជាកំពូលកីឡាការិនី ហើយប្រសិនយើងប្រហែសបន្តិច នោះនាងពិតជាមានលទ្ធភាពយកឈ្នះយើងបាន» ។
លទ្ធផលនៃការប្រកួតផ្នែកបុរសវិញ ហ្វេដឺរ័របំបាក់កីឡាករបារាំង Paul-Henri Mathieu ក្នុងលទ្ធផល ៦-២និង៧-៦ ។
វាជាលើកទី៧ហើយដែលកីឡាករលំដាប់ទី៨ ពិភពលោករូបនេះយកឈ្នះ Mathieu នៅក្នុងការជួបគ្នារាប់មិនអស់ក្នុងអាជីពរបស់ពួកគេ។ សូមបញ្ជាក់ថា ហ្វេដឺរ័រ ធ្លាប់បានយកឈ្នះពានជើងឯកកម្មវិធីនៅទីនេះចំនួន៤លើករួចមកហើយ ។ ជ័យជម្នះលើកចុងក្រោយរបស់គេគឺនៅឆ្នាំ២០១២ ៕
ចែករំលែកព័តមាននេះ