រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាពវាយប្លន់ទូរស័ព្ទដៃម៉ាក LG ពីយុវជនម្នាក់នៅចំណុចរង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង១២អធ្រាត្រ ថ្ងៃទី៨ មីនា ២០១៤ បានសម្រេច ហើយយកទៅលក់នៅកន្លែងទទួលបញ្ចាំ២៤ម៉ោង ដែលស្ថិតនៅតាមផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន តែត្រូវម្ចាស់តាមរកឃើញចាប់ខ្លួនប្រគល់ឱ្យប៉ូលិស។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យឈ្មោះរ៉ាឌី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចំណែកម្ចាស់ទូរស័ព្ទឈ្មោះរម្យ សុវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ប្រភពបន្តទៀតថា ដំបូងឡើយជនសង្ស័យបានធ្វើដំណើរដោយថ្មើរជើងទៅម្តុំរង្វង់មូលផ្សារដើមថ្កូវក្នុងគោលបំណងចាំវាយស្ទាក់យកសម្ភារអ្នកដទៃក្នុងពេលយប់ ហើយក៏ប្រទះឃើញឈ្មោះរម្យ សុវណ្ណ ចេញពីធ្វើការពេលយប់តាមហាងឆ្ពោះទៅលំនៅឋាននៅក្បែរនោះ ក៏ស្ទាក់វាយប្លន់យកទូរស័ព្ទដៃបានសម្រេច។
ពេលវាយប្លន់បានសម្រេចហើយ ជនសង្ស័យបានយកទៅលក់នៅចំណុចខាងលើ ប៉ុន្តែពេលនោះឈ្មោះរម្យ សុវណ្ណ បានទូរស័ព្ទហៅបងប្អូនមកជួយជិះម៉ូតូតាមរកតាមហាងបញ្ចាំទើបប្រទះឃើញនៅចំណុចខាងលើក៏ចាប់ខ្លួនប្រគល់ឱ្យប៉ូលិសតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត។
សូមបញ្ជាក់ថា ទីតាំងដែលបើកកន្លែងរកស៊ីទទួលបញ្ចាំ២៤ម៉ោងលើ២៤ម៉ោងនៅតំបន់ខាងលើក៏ដូចជាតំបន់ផ្សេងទៀតនៅរាជធានីភ្នំពេញ ពិសេសម្តុំឃ្លាំងរំសេវ គឺជាកន្លែងទទួលផលចោរកម្មពេញបន្ទុក ដូច្នេះសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគួរមានវិធានការលើទីតាំងទាំងនោះ ដោយកំណត់ពេលវេលាហាមឃាត់កុំឱ្យបើកទទួលបញ្ចាំ២៤ម៉ោងដូច្នេះតទៅទៀត។
ជាក់ស្តែងដូចករណីខាងលើនេះ បើម្ចាស់មិនតាមទាន់ទេ ចោរប្លន់ទូរស័ព្ទបានហើយយកមកលក់យកលុយចាយធ្វើព្រងើយ ដោយគ្មានសមត្ថកិច្ចណាដឹងឮឡើយ៕
ចែករំលែកព័តមាននេះ