ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ មករា​ ,ឃីម​ បូរ៉ា​ និង​ពេជ្រ​ ម៉ាប់​ ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​មិន​លើស​ទឹក​ទី​3 ខណៈ​គូឯក​យឹម​ ឌៀប​ និង​ប្រាក់​ ចាន់​ស៊ីន​ មិន​ប្រកាស​លទ្ធផល

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់នៅ​លើ​សង្វៀន​ CTN កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី​៨​ មីនា​ ប្រព្រឹត្ដ​ទៅ​ក្នុង​សភាព​មិន​សូវ​ជា​រលូន​ទាល់​តែ​សោះ​ ព្រោះ​ក្នុង​ចំណោម​គូ​ប្រកួត​ទាំង​៧​គូ​ ទាំង​គូ​ដណ្ដើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​លីអូ​រ​ មាន​៥​គូ​សុទ្ធ​តែ​ចាញ់​សន្លប់​មិន​លើស​ពី​ទឹក​ទី​៣​ឡើយ​ ឯ​គូ​ឯកយឹម​ ឌៀប​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ​ និង​ប្រាក់​ ចាន់​ស៊ីន​ មក​ពី​ក្លិប​មិត្ដ​ប៉ូលិស​ ត្រូវ​

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់នៅ​លើ​សង្វៀន​ CTN កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី​៨​ មីនា​ ប្រព្រឹត្ដ​ទៅ​ក្នុង​សភាព​មិន​សូវ​ជា​រលូន​ទាល់​តែ​សោះ​ ព្រោះ​ក្នុង​ចំណោម​គូ​ប្រកួត​ទាំង​៧​គូ​ ទាំង​គូ​ដណ្ដើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​លីអូ​រ​ មាន​៥​គូ​សុទ្ធ​តែ​ចាញ់​សន្លប់​មិន​លើស​ពី​ទឹក​ទី​៣​ឡើយ​ ឯ​គូ​ឯកយឹម​ ឌៀប​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ​ និង​ប្រាក់​ ចាន់​ស៊ីន​ មក​ពី​ក្លិប​មិត្ដ​ប៉ូលិស​ ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចុះ​ពី​លើ​សង្វៀន​ទាំង​២​នាក់​ ដោយ​សារ​តែ​ពួក​គេ​ប្រកួត​មិន​អស់​ពី​សមត្ថភាព​ ។​ ​​​ ​

យឹម​ ឌៀប​ និង​ប្រាក់​ ចាន់​ស៊ីន​ ត្រូវ​បាន​គណៈ​កម្មការ​រៀប​ចំ​ការ​ប្រកួត​ដាក់​ឱ្យ​ប្រកួត​ក្នុង​ឋានៈ​ជា​គូ​ឯកប្រចាំ​សប្ដាហ៍​ ប៉ុន្ដែ​គេ​បែរ​ជា​ធ្វើ​ឱ្យ​អ្នក​មើល​ភាគ​ច្រើន​រិះ​គន់​យ៉ាង​ខ្លាំង​លើ​សកម្ម​ភាព​ប្រកួត​របស់​ពួក​គេ​ ។​ គ្រាន់​តែ​ចាប់​ផ្ដើម​ប្រកួត​នៅ​ទឹក​ទី​១​ភ្លាម​ ប្រាក់​ ចាន់​ស៊ីន​ ដែល​នរណា​ក៏​ដឹង​ថា​ គេ​ជា​កីឡាករ​ជើង​ខ្លាំង​និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ជើង​ឯក​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​១​ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​ បែរ​ជា​បណ្ដោយ​ឱ្យ​យឹម​ ឌៀប​ វាយ​តាម​​អំពើ​ចិត្ដ​ ដោយ​ពុំ​បាន​ធ្វើ​ការ​តប​ត​វិញ​ឡើយ​រហូត​ដល់​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​ទៅ​២​លើក​ ។​ ចូល​ដល់​ទឹក​ទី​២​ គេ​នៅ​តែ​បើក​ដៃ​ឱ្យ​យឹម​ ឌៀប​ វាយ​មក​លើ​រូប​គេ​តាម​ចិ​ត្ដ​ដូច​កាល​ពី​ទឹក​ទី​១​ទៀត​ តែ​គណៈ​កម្មការ​នៅ​តែ​ទុក​ឱកាស​ឱ្យ​គេ​ប្រកួត​បន្ដ​ទៀត​ ដោយ​គ្រាន់​តែ​ព្រមាន​ពួក​គេ​ឱ្យ​វាយ​ឱ្យ​អស់សមត្ថភាព​ ប៉ុន្ដែ​ពួក​គេ​ទាំង​២​ ប្រហែល​ជា​មាន​ចេតនា​ចង់​លក់​ការ​ប្រកួត​មែន​ហើយ​ ទើប​គេ​ស្ដែង​ចេញ​សកម្មភាព​ប្រកួត​ដូច​ទឹក​​ទី​១​ដដែល​ ដូច្នេះ​លោក​អាជ្ញា​កណ្ដាល​ សុខ​ វិជ័យ​ ក៏​បាន​សម្រេច​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង​ ។​ គូ​នេះ​គេ​បាន​ទម្លាក់​កំហុស​ទៅ​លើ​ប្រាក់​ ចាន់​ស៊ីន​ ច្រើន​ជាង​ ព្រោះ​ថា​គេ​គឺ​ជា​ម្ចាស់​ខ្សែ​ក្រវ​ាត់​មួយ​រូប​ដែរ​ មិន​គួរ​ណា​ធ្វើ​បែប​នេះ​សោះ​ ហើយ​ការ​សម្រេច​ចិត្ដ​មិន​ប្រកាស​លទ្ធផល​របស់​លោក​អាជ្ញាកណ្ដាល​គឺ​ដើម្បី​កុំ​ឱ្យ​ពួក​អ្នក​លេង​ភ្នាល់​លុយ​បាន​ចិត្ដ​តែ​ប៉ុណ្ណោះ​ ។​

ពេជ្រ​ ម៉ាប់​ មក​ពី​ក្លិប​សាលវ័ន្ដ​កីឡា​ បាន​វាយ​សោម​ តឿ​ទី​ មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ​ ឱ្យ​សន្លប់​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​ ។​ នៅ​ក្នុង​ទឹក​ទី​១​ សោម​ តឿទី​ ត្រូវ​ពេជ្រ​ ម៉ាប់​ វាយ​ឱ្យ​រាប់ដល់​៨ម្ដង​ ដោយ​សារ​មិន​មាន​លទ្ធភាពក្នុង​ការ​វាយ​តប​ត​វិញ​ ។​ ចូល​ដល់​ទឹក​ទី​២​ ពេជ្រ ម៉ាប់​ មាន​ប្រៀប​ជាង​សោម​ តឿទី​ ដាច់​តែ​ម្ដង​គឺ​គេ​បាន​សង្ខើញ​ដើរ​ចូល​វាយ​ ដោយ​ប្រើ​ស្នៀត​កែង​និង​ជង្គង់​សង្គ្រុប​ទៅ​លើ​សោម​ តឿទី​ ធ្វើ​ឱ្យ​អាជ្ញា​កណ្ដាល​បង្ខំ​រាប់​៨​ជា​លើក​ទី​២​ ។​ ចូល​ដល់​ទឹក​ទី​៣​ ដោយ​​សារ​តែ​ឃើញ​សោម​ តឿទី​ លែង​មាន​ឱកាស​ត​ដៃ​បាន​ទៅ​ហើយ​ លោក​អេ ភូថង​ ដែល​ជា​អាជ្ញាកណ្ដាល​ក៏​សម្រេច​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដងទៅ​ ។​

ឃីម​ បូរ៉ា​ មក​ពី​ក្លិប​រស្មីភូមិ​គាប​ ខេត្ដ​បន្ទាយ​មានជ័យ​ បាន​​ប្រើស​្នៀត​កែង​វាយ​ផ្ដួលមួក​ សាវឌី​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ឱ្យ​សន្លប់​នៅ​មុន​ស្នូរ​ជួង​បញ្ចប់់​ទឹក​ទី​២​ ។​ នៅ​ទឹក​ទី​១​ បូរ៉ា​ បាន​ម៉ាត់​ចូល​មុខ​សាវ​ឌី​ យ៉ាង​ពេញ​ទំហឹង​បណ្ដាល​​ឱ្យ​ដួល​អុក​គូទ​ ហើយ​ត្រូវ​អាជ្ញា​កណ្ដាល​រាប់​៨​ម្ដង​ ។​ លុះ​ចូល​ដល់​ទឹក​ទី​២​ នៅ​ពេល​ដែលសាវឌី​ ដើរ​ចូល​វាយដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ត្រូវ​បូរ៉ា​ បុកមួយ​កែង​ចូល​សៀត​ផ្កា​ពេញ​ទំហឹង​បណ្ដាល​ឱ្យ​ដួល​សន្លប់​ហើយ​ទោះ​បី​ជា​អាជ្ញា​កណ្ដាល​រាប់​ដល់​១០​ក៏​គេ​នៅ​តែ​មិន​អាចក្រោក​ប្រកួត​បាន​ទៀត​ដែរ​ ។​

កង​ មករា​ មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១​ បាន​វាយ​អ្នក​ប្រដាល់​ជើង​ចាស់​លី​ ចំរើន​ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​ ឱ្យ​សន្លប់​ឈរ​នៅ​ត្រឹម​ទឹក​ទី​២​ ។​ នៅ​ក្នុង​ទឹក​ទី​១​ ចំរើន​ ក៏​មាន​ឱកាស​វាយ​តប​ត​ជា​មួយ​មករា​ដែរ​ លុះ​ចូល​ដល់​ទឹក​ទី​២​ រៀប​តែ​នឹង​បញ្ចប់​ទឹក​ទៅ​ហើយ​នោះ​ គេ​ត្រូវ​មករា​ ម៉ាត់​ចូល​មុខ​មួយ​ដៃ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឱ្យ​សន្លប់​ឈរ​នៅ​អែប​ខ្សែ​រេញ​មួយ​សន្ទុះ​ទើប​ដួល​ ។​
វី​ សេរីចាន់ឌីន​ មក​​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ​ ត្រូវ​អាជ្ញាកណ្ដាល​ប្រកាស​ឱ្យ​ចាញ់​អ៊ុម​ កំសត់​ មក​ពី​ក្លិប​ព្រៃ​ទទឹង​មាន​ឫទ្ធិ​បង្ក្រាប​គ្រឿង​ញៀន នៅ​ត្រឹម​ទឹក​ទី​៣​ ដោយ​សារ​តែ​ការ​​វាយ​ថែម​ទៅ​លើ​គូ​ប្រកួត​ ។​ ចំណែកម៉ឺន​ មេឃា​ មក​ពី​ក្លិប​អេ ភូថង​កីឡា​ ឈ្នះ​ពិន្ទុ​ អេង​ នីត​ មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ​ ។​

រី​ឯ​គូ​ដណ្ដើម​ខ្សែ​ក្រវាត់​ស្រាបៀរ​លីអូរ​វិញ​ ឡៅ​ ចន្ទ្រា​ មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១​ ពេល​នេះ​គេ​កើន​បាន​៣​ពិន្ទុ​ទៀត​ហើយ​ បន្ទាប់ពី​បាន​យក​ឈ្នះ​នឿន​ សាវឌី​ មក​ពី​ក្លិប​អេភូថង​កីឡា​ ដោយ​ពិន្ទុ​ ។​ នឿន​ សាវឌី​ ប្រកួត​បាន​៣​លើក​ចាញ់​ទាំង​៣​លើក​ មាន​៣​ពិន្ទុ​ ចំណែក​ឡៅ​ ចន្ទ្រា​ ប្រកួត​បាន​៣​លើកដូច​គ្នា​នៅ​មិន​ទាន់​ស្គាល់​ចាញ់​ម្ដង​ណា​ឡើយ​ មាន​៩ពិន្ទុ​កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​តារាង​ ៕