ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​លួច​នាំ​ឈើ​ប្រណីត​ចេញ​ទៅ​ប្រទេស​វៀត​ណាម​បាន​យ៉ាង​រលូន​ជា​រៀង​រាល់​យប់​

11 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ សកម្ម​ភាព​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម​ ទាំង​តាម​ផ្លូវ​គោក និង​តាម​ផ្លូវ​ទឹក​កំពុង​តែ​កម្រើក​ឡើង​វិញ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ព្រៃ​វែង ដោយ​សារ​តែ​សមត្ថ​កិច្ច​ជំនាញ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​ឈ្មួញ​ ហើយ​នាំ​គ្នា​បិទ​ភ្នែក​ដេក​លក់​ស្ងាត់​ឈឹង​។

ខេត្ត​ព្រៃ​វែង​ ៖ សកម្ម​ភាព​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម​ ទាំង​តាម​ផ្លូវ​គោក និង​តាម​ផ្លូវ​ទឹក​កំពុង​តែ​កម្រើក​ឡើង​វិញ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ព្រៃ​វែង ដោយ​សារ​តែ​សមត្ថ​កិច្ច​ជំនាញ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​ឈ្មួញ​ ហើយ​នាំ​គ្នា​បិទ​ភ្នែក​ដេក​លក់​ស្ងាត់​ឈឹង​។

តាម​ប្រភព​ព័ត៌​មាន​ច្បាស់​ការណ៍​មួយ​ពី​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​តំបន់​ទន្លេ​លឿង​ត្រង់​ចំណុច​ព្រំ​ប្រទល់​ស្រុក​ពាម​រក៍ និង​ស្រុក​ពាម​ជរ ខេត្ត​ព្រះ​វែង​ បាន​អះអាង​ប្រាប់​កោះ​សន្តិ​ភាព​ថា ថ្មីៗ​នេះ​មាន​រថ​យន្ត​យី​ឌុប​ខ្នាត​យក្ស​ដ៏​ធំ​មួយ​ជា​រថ​យន្ត​ដដែលៗ​បាន​ដឹក​ឈើ​ប្រណីត​រាប់​រយ​ដុំ​បង្កប់​នៅ​ពី​ក្រោម​បាវ​ស្រូវ​យក​ទៅ​ទម្លាក់​ចុះ​ទូក​ដែល​រង់​ចាំ​រួច​ជា​ស្រេច​បន្លំ​ធ្វើ​ដូច​រថ​យន្ត​ដឹក​ស្រូវ​រាល់​ដង​នៅ​ចំណុច​មាត់​ទឹក​ក្បែរ​ផ្ទះ​របស់​ពួក​គាត់​ជា​រៀង​រាល់​យប់​។

ប្រភព​នេះ​បាន​បញ្ជាក់​ថា ទូក​ដែល​មក​ចាំ​ទទួល​ដាក់​ឈើ​ប្រណីត​ទាំង​នោះ​ គឺ​ជា​ទូក​របស់​ជន​ជាតិ​វៀត​ណាម​ ហើយ​បាន​បើក​មក​ចត​ចាំ​តាំង​ពី​ថ្ងៃ​ដូច​បាន​ត្រៀម​ទុក​ជាមុន​។ ប៉ុន្តែ​រហូត​ដល់​ម៉ោង​៨​ទៅ​៩​យប់​ ទើប​រថ​យន្ត​យី​ឌុប​ដឹក​ឈើ​ប្រណីត​មក​ដល់​ ដោយ​មាន​ទាំង​កម្មករ​មក​ជាមួយ​ស្រាប់​ផង​ ។ ពេល​មក​ដល់​ភ្លាមៗ​គេ​ចាប់​រើ​ដាក់​ចុះ​ទូក​ភ្លាម​រហូត​ដល់​ម៉ោង​១ទៅ​២​រំលង​អធ្រាត្រ​ទើប​រើ​ឈើ​ចុះ​ទូក​អស់​រំខាន​ដល់​ដំណេ​របស់​ពួក​គេ​ រួច​គេ​ចាក់​ស្រូវ​ចូល​ទូក​គ្រប​ពី​លើ​ឈើ​ទាំង​នោះ​តែម្តង​ ហើយ​បើក​ចេញ​ទៅ​ភ្លាម​ដោយ​មិន​រង់​ចាំ​ឱ្យ​ភ្លឺ​ទាន់​នោះ​ទេ​ ទាំង​ទូក និង​រថ​យន្ត​។

អ្វី​ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ​មាន​ការ​ងឿង​ឆ្ងល់​នោះ​ គឺ​ឈ្មួញ​ដឹក​ឈើ​ប្រណីត​យ៉ាង​គគ្រឹក​គគ្រេង​ និង​ជា​រៀង​រាល់​យប់​បែប​នេះ​ទៅ​ហើយ​ ប៉ុន្តែ​គេ​ពុំ​ដែល​ឃើញ​សមត្ថ​កិច្ច ឬ​មន្ត្រី​ជំនាញ​ណា​មួយ​ចុះ​ទៅ​បង្ក្រាប​សោះ​ គឺ​នាំ​គ្នា​ដេក​លក់​ឱ្យ​ស្ងាត់​ឈឹង​តែម្តង​ ទំនង​ជា​ត្រូវ​ថ្នាំ​របស់​ឈ្មួញ​ម្ចាស់​ឈើ​ទាំង​នោះ​អស់​ហើយ​ក៏​មិន​ដឹង​?

ពាក់​ព័ន្ធ​ករណី​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​តូច​តាច​មួយ​ចំនួន​នៅ​ស្រុក​ពាម​រក៍​បង្ហើប​ឱ្យ​ដឹង​ថា ឈើ​ប្រណីត​ទាំង​​នោះ​គឺ​ជា​របស់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មាន​ឥទ្ធិ​ពល​ម្នាក់​នៅ​ខេត្ត​ព្រៃ​វែង​ ដែល​ទាំង​មន្ត្រី​រាជ​ការ​ សមត្ថ​កិច្ច​ និង​ប្រជា​ពលរដ្ឋ​ទូទៅ​សុទ្ធ​តែ​បាន​ដឹង​ថា មន្ត្រី​ម្នាក់​នោះ​គឺ​ជា​ថៅ​កែ​ឈើ​គ្រញូង​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ដែរ ហើយ​ភាព​ល្បី​របស់​មន្ត្រី​ម្នាក់​នោះ​គឺ​ដោយ​សារ​តែ​គេ​ពូកែ​រត់​ការ​បិទ​មាត់​សមត្ថ​កិច្ច​ និង​មន្ត្រី​ជំនាញ​ពាក់​ប័ន្ធ​គ្រប់​ស្ថាប័ន​ឱ្យ​បិទ​មាត់​ដេក​លក់​អស់​ពេល​ដែល​ឈើ​ប្រណីត​ចរាចរណ៍​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម​នោះ​ ។

ជាក់​ស្តែង​ការ​នាំ​ចេញ​ឈើ​ប្រណីតៗ​ដែល​អ្នក​ស្រុក​បាន​ឃើញ​ជា​រៀង​រាល់​យប់​នេះ គឺ​គេ​បាន​រត់​ការ​បិទ​មាត់​ជាមុន​រួច​អស់​ទៅ​ហើយ ពិសេស​គឺ​មេ​ប៉េ​អឹម​ម្នាក់​នៅ​ស្រុក​ពាម​រក៍ និង​មន្ត្រី​គយ​មួយ​ក្រុម​ដែល​ល្បី​ល្បាញ​ខាង​ចាប់​មិន​ដែល​ឱ្យ​រួច​នោះ​ក៏​ត្រូវ​បាន​គេ​បិទ​មាត់​យ៉ាង​ពេញ​ចិត្ត​ហើយ​ដែរ ព្រោះ​ឃើញ​មុខ​ទៅ​ទីនោះ​ញឹក​ញាប់​ តែ​មិន​ដែល​បាន​ចាប់​ទេ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រោយ​ពី​ដឹង​ថា មាន​ក្រុមអ្នក​សារ​ព័ត៌​មាន​តាម​ប្រម៉ាញ់​ព័ត៌​មាន​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីតៗ​ខាង​លើ​នេះ​ក៏​ស្រាប់​តែ​បាត់​លែង​ឃើញ​រថ​យន្ត​ដឹក​ឈើ​ប្រណីត​ទាំង​នោះ​ឱ្យ​ឈឹង​តែ​ម្តង​ពី​រ​បី​យប់​នេះ​ដែល​តាម​ប្រភព​ក្រៅ​ផ្លូវ​ការ​ខ្លះ​បាន​និយាយ​ថា ក្រុម​ឈ្មួញ​បាន​ដូរ​ទីតាំង​ពី​ចុះ​ឈើ​តាម​ផ្លូវ​ទឹក​ ហើយ​ងាក​ទៅ​តាម​ផ្លូវ​គោក​វិញ​ហើយ​ដើម្បី​គេច​ពីការ​តាម​ប្រម៉ាញ់​របស់​ក្រុម​អ្នក​កាសែត​ ៕