ខេត្តព្រះសីហនុ ៖ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៣ដែលប្រារព្ធធ្វើនៅខេត្តព្រះសីហនុក្រោមបាវចនា «រត់ប្រណាំងម៉ារ៉ាតុងដើម្បីការពារធម្មជាតិ សង្គ្រោះផែនដី និងសុខុមាលភាពនៃមនុស្សលោក» បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៩ មីនា ២០១៤ នេះ ដោយមានការអញ្ជើញបាញ់កាំភ្លើងស្វាគមន៍ពេលចេញដំណើរពីលោកសាន់ សុខន អភិបាលរងក្រុងព្រះសីហនុ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស និងកីឡាករ កីឡាការិនីជាច្រើននាក់។
លោកសាន់ សុខន អភិបាលរងក្រុងព្រះសីហនុបានថ្លែងថា លោកគិតថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះពិតជាមានសារសំខាន់ណាស់សម្រាប់ខេត្តព្រះសីហនុដែលជាខេត្តទេសចរណ៍មួយមានទេសភាពស្រស់ត្រកាលគួរជាទីមនោរម្យ។ លោកសាន់ សុខន ថ្លែងបន្តថា ព្រឹត្តិការណ៍នេះរៀបចំឡើងជាការលើកទឹកចិត្តដល់ភ្ញៀវទេសចរដែលមកកម្សាន្ត ហើយក៏ដូចជាអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ឱ្យចូលរួមក្នុងការការពារបរិស្ថាន ចូលរួមផ្សព្វផ្សាយដល់ពិភពលោកឱ្យស្គាល់ពីទីក្រុងព្រះសីហនុដែលមានឆ្នេរសមុទ្រស្អាតផងដែរ។
លោកសាន់ សុខន បានបញ្ជាក់ថា ខេត្តព្រះសីហនុនៅតែបន្តគាំទ្រ ស្វាគមន៍ជានិច្ចនូវព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះនៅឆ្នាំក្រោយៗទៀត៕
ចែករំលែកព័តមាននេះ