ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានប្រភពព័ត៌មានលេចឮកាលពីរសៀលថ្ងៃទី៥ មីនា ថា នៅក្នុងក្រុងប៉ោយប៉ែតមានគេចែកខិត្ដប័ណ្ណមិនប្រក្រតីពាក់ព័ន្ធនឹងភ្ញៀវទេសចរនោះ ពេលនេះត្រូវបានលាតត្រដាងហើយគឺអង្គភាពនគរបាលទេសចរណ៍ក្រសួងប្រចាំច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានចែកប័ណ្ណព័ត៌មានជាភាសារុស្សុីដល់ភ្ញៀវរុស្សុី ហើយត្រូវថ្នាក់លើស្ដីបន្ទោស និងឱ្យប្រមូលវិញជាបន្ទាន់ ។
ក្នុងការជួបសម្ភាសន៍ផ្ទាល់មាត់ជាមួយក្រុមអ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី៦ មីនា ជុំវិញព័ត៌មានខាងលើនេះ លោក ព្រុំ ចាន់ឌី នាយនគរបាលទេសចរណ៍ក្រសួងប្រចាំច្រកទ្វារអន្ដរជាតិប៉ោយប៉ែតប្រាប់ថា ការភ្ញាក់ផ្អើលពីថ្ងៃទី៥ មីនានោះ មិនមែនជារឿងចែកខិត្ដប័ណ្ណអ្វីទេ គឺលោកបានឱ្យកម្លាំងក្រោមឱវាទចែកប័ណ្ណព័ត៌មានជាភាសារុស្សុីដល់ភ្ញៀវរុស្សុីដែលមានអត្ថន័យថា «សូមភ្ញៀវទាំងអស់យកចិត្ដទុកដាក់ខ្ពស់ ត្រួតពិនិត្យរាល់ទំនិញដែលបានទិញពីក្រុមហ៊ុន ឬអ្នកនាំភ្ញៀវដែលនាំលោកអ្នកទៅហាងលក់វត្ថុអនុស្សាវរីយ៍ ព្រោះរបស់ទាំងនោះអាចជារបស់មិនសុទ្ធ សូមជួយប្រាប់បន្ដទៀតទៅភ្ញៀវផ្សេងៗ» ។
លោក ព្រុំ ចាន់ឌី បានបន្ដថា ដោយសារបញ្ហាមួយនេះ លោកត្រូវបានថ្នាក់ដឹកនាំស្ដីបន្ទោសនិងឱ្យបញ្ឈប់ ព្រមទាំងប្រមូលមកវិញនូវប័ណ្ណព័ត៌មានទាំងនោះទៀតផង ។ ទោះជាយ៉ាងណា លោកគ្មានចេតនាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិទេ ព្រោះមិនមែនធ្វើដោយលួចលាក់ ដោយការធ្វើនេះបានធ្វើជាចំហនៅមាត់ច្រកទ្វារអន្ដរជាតិប៉ោយប៉ែតតែម្ដង ក្នុងគោលបំណងឱ្យភ្ញៀវយល់ដឹងពេលចូលមកដល់កម្ពុជា ព្រោះកន្លងទៅថ្មីៗនេះ ក្នុងកិច្ចប្រជុំមួយ ថ្នាក់ដឹកនាំក្រសួងបានលើកឡើងឱ្យមន្ដ្រីក្រោមឱវាទយកចិត្ដទុកដាក់ទៅលើភ្ញៀវទេសចរឱ្យបានហ្មត់ចត់ ។ ក្នុងនោះ កិច្ចប្រជុំក៏បានលើកឡើងពីភ្ញៀវទេសចរប្រទេសមួយដែលចូលមកកម្ពុជាទៅទស្សនានៅខេត្ដសៀមរាប បានទិញវត្ថុអនុស្សាវរីយ៍មួយតម្លៃជិត១ម៉ឺុនដុល្លារ ហើយពេលវិលត្រឡប់ទៅដល់ប្រទេសរបស់គេវិញ ទើបដឹងថា ជារបស់ក្លែងក្លាយ ។ ភ្ញៀវនោះបានប្ដឹងមកកម្ពុជាតាមរយៈស្ថានទូតរបស់គេនៅរាជធានីភ្នំពេញ រហូតព័ត៌មាននេះបានដឹងដល់ក្រសួងមហាផ្ទៃ ទីបំផុតក្រុមហ៊ុនមួយដែលលក់វត្ថុអនុស្សាវរីយ៍នោះបានចេញប្រាក់សងទៅភ្ញៀវនោះវិញបន្ទាប់ពីមានការយកចិត្ដទុកដាក់ដោះស្រាយពីថ្នាក់លើ។
លោក ព្រុំ ចាន់ឌី បន្ដថា ដោយសារលោកមិនចង់ឱ្យបញ្ហានេះកើតមានជាថ្មីប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ទើបលោកចែកប័ណ្ណព័ត៌មានដល់ក្រុមភ្ញៀវរុស្សុី តាំងពីថ្ងៃទី២៦ កុម្ភៈ មកម៉្លេះ ។ មន្ដ្រីរូបនេះប្រាប់ថា កន្លងមកដោយសារការប្ដូរប្រាក់ អ្នកខ្លះបានបោកប្រាស់ភ្ញៀវ១០០ដុល្លារអាមេរិក ប្ដូរបានតែជាង២០ម៉ឺុនរៀល លោកក៏បានធ្វើប័ណ្ណព័ត៌មានប្ដូរប្រាក់ចែកជូនភ្ញៀវចម្រុះជាតិសាសន៍ឱ្យដឹងពីអត្រាប្ដូរប្រាក់ផងដែរ ៕
ចែករំលែកព័តមាននេះ