ខេត្តប៉ៃលិន ៖ យុវសិស្សពីរនាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវមិត្តភក្តិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅគ្លីនិកឯកជនក្រុងប៉ៃលិន បន្ទាប់ពីក្រុមក្មេងទំនើងខាងភាគីចាញ់បាល់ទាត់ខឹងរូបគេហោរខ្លាំងៗ ធ្វើឱ្យពួកគេបាក់មុខ ទើបពេលចេញពីទីលានប្រកួតបាននាំគ្នាជិះម៉ូតូយកបំពង់ទីប និងដុំថ្មដេញវាយនិងគប់ បណ្តាលឱ្យរងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៥ មីនា ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចស្តេចកន ក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
យុវសិស្សរងគ្រោះទាំងបីនាក់ គឺ១-ឈ្មោះសុខ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ វិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិត ជាអ្នកបើកម៉ូតូត្រូវជនបង្កយកដុំថ្មគប់ជើងឆ្វេងរងរបួសស្រាល រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ ២-ឈ្មោះលី ស៊ីវមិញ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៧ រៀននៅវិទ្យាល័យជាមួយគ្នា និងជាអ្នករួមដំណើរត្រូវជនបង្កយកដុំថ្មគប់ ត្រូវខ្នង និងដៃខាងឆ្វេងសន្លប់ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និង៣-ឈ្មោះផល ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី៩រៀននៅវិទ្យាល័យជាមួយគ្នានិងជាអ្នករួមដំណើររងរបួសបែកក្បាលផ្នែកខាងក្រោយផុងដល់លលាដ៍សន្លប់ ត្រូវគ្រូពេទ្យដេរអស់៥ថ្នេរ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ចំណែកក្រុមក្មេងទំនើងមានគ្នាច្រើននាក់ជិះម៉ូតូចំនួន៥គ្រឿងត្រូវគេស្គាល់ថា ខ្លះរស់នៅឃុំសាលាក្រៅ និងខ្លះទៀតរស់នៅឃុំស្ទឹងកាច់ ។ បន្ទាប់ពីធ្វើសកម្មភាពវាយទៅលើយុវជនរងគ្រោះរួចក៏នាំគ្នាបើកមូ៉ូតូរត់គេចខ្លួនបាត់ស្រមោល តែត្រូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណនឹងកំពុងតែតាមស៊ើុបដើម្បីចាប់់ឃាត់ខ្លួន ។
ប្រភពព័ត៌មានពីលោកទុំ សុផល ជាឪពុករបស់យុវសិស្ស ឈ្មោះផល ឧត្តម បានរៀបរាប់ឱ្យដឹងថា នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត មានការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សកម្រិតបឋមសិក្សា និងមធ្យមសិក្សាសម្រាប់ឆ្នាំសិក្សា២០១៣-២០១៤ ហើយនៅថ្ងៃកើតហេតុ សិស្សសាលាបឋមសិក្សាអូរតាពុកក្រោមត្រូវជួបប្រកួតលើវិញ្ញាសាបាល់ទាត់ជាមួយសិស្សសាលាបឋមសិក្សាផ្សារព្រំ ។ ពេលនោះកូនប្រុសរបស់គាត់និងសិស្សពីរនាក់ទៀតបានទៅចូលរួមហោរដើម្បីផ្តល់កម្លាំងចិត្តដល់សិស្សសាលាបឋមអូរតាពុកក្រោមនៅខាងក្រៅទីលាន ។ លុះការប្រកួតចាប់ពីម៉ោង៨ជាង រហូតដល់ម៉ោង៩ មិត្តភក្តិរបស់ពួកគេទទួលជ័យជម្នះ ទើបកូនប្រុសរបស់គាត់និងសិស្សដទៃទៀតនាំគ្នាស្រែកហោរសប្បាយ បណ្តាលឱ្យពួកសិស្សដែលជាអ្នកផ្តល់កម្លាំងចិត្តដល់សិស្សសាលាបឋមសិក្សាផ្សារព្រំ ដែលឈរនៅខាងក្រៅមានការបាក់មុខ ទើបបបួលគ្នាបាន៥ម៉ូតូដេញតាមវាយកូនរបស់គាត់ដែលកំពុងតែជិះម៉ូតូឌុបមិត្តភក្តិពីរនាក់ទៀតចេញពីទីលានប្រកួតក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យរងរបួសសន្លប់ពីរនាក់នៅនឹងកន្លែង ។
ឪពុកយុវសិស្សរងគ្រោះបន្តទៀតថា ពេលនោះយុវជនរងរបួសស្រាលបានទូរស័ព្ទហៅមិត្តភក្តិចំនួនជាង២០ម៉ូតូឱ្យទៅជួយ ទើបពួកក្មេងទំនើងបង្កហេតុនាំគ្នាឈប់វាយដំ ក៏នាំគ្នាជិះគ្នាម៉ូតូរត់គេចខ្លួនបាត់ស្រមោល រួចក៏លើកសិស្សរងគ្រោះដាក់លើម៉ូតូដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនក្រុងប៉ៃលិន ។ ទាក់ទិនទៅនឹងក្មេងទំនើងយកដុំថ្មគប់កូនប្រុសរបស់គាត់ និងយកបំពង់ទីបវាយទៅលើក្បាលកូនប្រុសរបស់គាត់រហូតដល់ផុងលលាដ៍នោះ លោកបានដាក់ពាក្យប្តឹងទៅអធិការក្រុងប៉ៃលិន ដើម្បីតាមចាប់ខ្លួនក្មេងទំនើងទាំងនោះយកមកផ្តន្ទទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ