ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅភូមិព្រៃខ្មែរជាង៥០០គ្រួសារ បានផ្តិតមេដៃជំទាស់នឹងគម្រោងទឹកស្អាតរបស់អង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានសាងសង់ស្ថានីយទឹកស្អាតនៅទំនប់ឈ្វាំង ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។ ដោយសារតែមានការប្តឹងទាស់បែបនេះហើយ ទើបនៅព្រឹកថ្ងៃទី៦ មីនា ក្រុមប្រឹក្សាឃុំ អភិបាលស្រុករលាប្អៀរ និងលោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាម្ចាស់គម្រោង បានប្រជុំជាមួយប្រជាពលរដ្ឋចំនួន១២០គ្រួសារជាអ្នកតវ៉ានៅក្នុងវត្តត្រពាំងស្នោដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែមិនទទួលជោគជ័យ ។
លោក ឈឹម វុទ្ធា អភិបាលស្រុករលាប្អៀរបានលើកឡើងថា គម្រោងអភិវឌ្ឍន៍ទឹកស្អាតរបស់អង្គការខាងលើនេះ បានផ្តល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍ភូមិព្រៃខ្មែរជាអ្នកប្រើប្រាស់ តាមសំណើរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។ ចំណែកតម្លៃទឹកគឺសហគមន៍ជាអ្នកកំណត់ថ្លៃ ដើម្បីយកចំណូលបានមកពីការលក់ទឹកដែលសហគមន៍ជាអ្នកគ្រប់គ្រងដែរនោះ ទុកសម្រាប់ទូទាត់ថ្លៃប្រេងបូមទឹកយកមកចម្រោះ និងចំណាយផ្សេងៗក្នុងការបម្រើសេវាកម្មទឹកស្អាតឱ្យមានស្ថិរភាពទៅថ្ងៃមុខ ។ ដោយឡែក ទឹកក្នុងទំនប់ឈ្វាំង ប្រជាពលរដ្ឋក្នុងសហគមន៍មានសិទ្ធិប្រើប្រាស់ស្រោចស្រពដីស្រែ និងប្រើប្រាស់សម្រាប់មនុស្ស សត្វ ជាធម្មតា ។
លោក អ៊ំុ ចំរើន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បាននិយាយក្នុងកិច្ចប្រជុំថា គម្រោងទឹកស្អាតនេះខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានព្យាយាមស្នើសុំគម្រោងនេះដែលមានទឹកប្រាក់៥២ពាន់ដុល្លារពីអង្គការដៃគូតាំងពីឆ្នាំ២០១០ ហើយបានសម្រេចនិងកំពុងធ្វើស្ថានីយទឹកស្អាតនៅទំនប់ឈ្វាំង ក្នុងឆ្នាំ២០១៣ មកដល់បច្ចុប្បន្ននេះ ។ នៅក្នុងគម្រោងទឹកស្អាតរបស់អង្គការ អាចផ្គត់ផ្គង់ប្រជាពលរដ្ឋបាន២៥០ខ្នងផ្ទះ និងតបណ្តាញទុយោមេចូលផ្ទះបានចំនួន២៥០កន្លែង ហើយស្ថានីយទឹកស្អាតនេះគឺជាទ្រព្យសម្បត្តិរួមដែលប្រជាពលរដ្ឋក្នុងសហគមន៍ទំនប់ឈ្វាំង ភូមិព្រៃខ្មែរ ជាម្ចាស់និងជាអ្នកប្រើប្រាស់និងថែរក្សា ។
តំណាងប្រជាពលរដ្ឋចំនួន៥រូបបានឡើងបញ្ចេញមតិដូចៗគ្នាថា ពួកគាត់ប្រឆាំងដាច់ខាត និងមិនឯកភាពឱ្យធ្វើស្ថានីយទឹកស្អាតនៅទំនប់ឈ្វាំងទេ ព្រោះថាមុនពេលធ្វើស្ថានីយទឹកស្អាតគ្មានអ្នកណាកោះប្រជុំប្រាប់ប្រជាពលរដ្ឋឡើយ សូម្បីតែលោកមេឃុំរលាប្អៀរក៏អត់បានដឹងដែរ ។ ក្រោយមកទើបប្រជាពលរដ្ឋបានដឹង ហើយពេលប្រជាពលរដ្ឋជាង៥០០នាក់នាំគ្នាផ្តិតមេដៃតវ៉ា ទើបថ្ងៃនេះកោះប្រជុំប្រាប់ ។ កន្លងមកលោកមេភូមិចាស់ធ្លាប់ធ្វើឱ្យប្រជាពលរដ្ឋខកចិត្តជាច្រើនលើករួចមកហើយដូចជា ការបិទទ្វារទំនប់ទឹកឈ្វាំងដោយឯកចិត្តធ្វើឱ្យស្រែប្រជាពលរដ្ឋលង់លិចរលួយអស់មួយចំនួន និងមិនបានដោះស្រាយឱ្យប្រជាពលរដ្ឋស្ងប់ចិត្តឡើយ។ ករណីឱ្យគេធ្វើស្ថានីយទឹកស្អាតនៅទំនប់ឈ្វាំងនេះក៏ដូចគ្នា ខ្លាចពេលធ្វើស្ថានីយទឹកស្អាត រួចក្លាយជាកម្មសិទ្ធិឯកជន ។ ដូច្នេះពួកគាត់សូមបដិសេធមិនឱ្យគេធ្វើស្ថានីយទឹកស្អាតជាដាច់ខាត ខ្លាចចាញ់បោកគេទៀត ។
លោក ឈឹម វុទ្ធា បាននិយាយបញ្ចប់ក្នុងពេលបិទកម្មវិធីថា ការតវ៉ារបស់ប្រជាពលរដ្ឋគឺមានការរៀបចំជាប្រព័ន្ធជាស្រេច ដើម្បីញុះញង់ប្រជាពលរដ្ឋឱ្យប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ខាងលើ ដែលបញ្ហានេះអ្នកញុះញង់ត្រូវតែទទួលខុសត្រូវចំពោះប្រជាពលរដ្ឋក្នុងភូមិជាង៦០០គ្រួសារទៀត ដែលគេមិនតវ៉ា ព្រោះពួកគាត់ពិតចង់បានទឹកស្អាតមកប្រើប្រាស់ ដើម្បីសុខុមាលភាពពួកគាត់ដែរ ។ ជុំវិញវិវាទខាងលើនេះត្រូវបានគេមើលឃើញថា មកពីខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មិនបានពន្យល់ប្រជាពលរដ្ឋជាមុន និងមិនបានប្រឹក្សាជាមួយពួកគាត់ជាមុនដែរថាពួកគាត់ចង់បានអី ? លុះពេលសុំគម្រោងគេបានយកមកអនុវត្តធ្វើឱ្យមានប្រតិកម្មបែបនេះ គឺជួបការលំបាកនឹងដោះស្រាយបញ្ហា ទម្រាំពួកគាត់យល់ព្រមទទួលយក ម្ចាស់ជំនួយចង់អន់ចិត្ត ៕
ចែករំលែកព័តមាននេះ