ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ​រត់​ចោល​រោង​ការ​ប្រហារ​បេះ​ដូង​កូន​កំលោះ​

11 ឆ្នាំ មុន

ខេត្ត​​តាកែវ​ ៖ មេ​បា​ចាស់​ទុំ​និង​សាច់​ញាតិ​បាន​ត្រឹម​តែ​អង្គុយ​ឱប​ក្បាល​ជង្គង់​បង្ហូរ​ទឹក​ភ្នែក​ ដោយ​សារ​ខ្មាស​អស់​បង​ប្អូន​សាច់​ញាតិ​នៅ​ក្នុង​ភូមិ​និង​ភ្ញៀវ​ដែល​បាន​ចែក​ធៀប​ការ​រួច​ហើយ​ ដើម្បី​មក​ចូល​រួម​ពិធី​មង្គល​ការ​កូន​ស្រី​នៅ​ថ្ងៃ​ទី​៧​ មីនា​ តែ​អ្វ​ីៗ​ដែល​ស្មាន​មិន​ដល់​គឺ​បាន​រលាយ​អស់​ទៅ​វិញ​ ខណៈ​ពេល​ដែល​ជិត​ដល់​ថ្ងៃ​ចូល​រោង​ការ​ទៅ​ហើយ​ ស្រាប់​តែ​កូន​ក្រមុំ​រត់​ចោល​ផ្ទះ​បាត់​មិន​ដឹង​ទៅ​ដល់​ណា​

ខេត្ត​​តាកែវ​ ៖ មេ​បា​ចាស់​ទុំ​និង​សាច់​ញាតិ​បាន​ត្រឹម​តែ​អង្គុយ​ឱប​ក្បាល​ជង្គង់​បង្ហូរ​ទឹក​ភ្នែក​ ដោយ​សារ​ខ្មាស​អស់​បង​ប្អូន​សាច់​ញាតិ​នៅ​ក្នុង​ភូមិ​និង​ភ្ញៀវ​ដែល​បាន​ចែក​ធៀប​ការ​រួច​ហើយ​ ដើម្បី​មក​ចូល​រួម​ពិធី​មង្គល​ការ​កូន​ស្រី​នៅ​ថ្ងៃ​ទី​៧​ មីនា​ តែ​អ្វ​ីៗ​ដែល​ស្មាន​មិន​ដល់​គឺ​បាន​រលាយ​អស់​ទៅ​វិញ​ ខណៈ​ពេល​ដែល​ជិត​ដល់​ថ្ងៃ​ចូល​រោង​ការ​ទៅ​ហើយ​ ស្រាប់​តែ​កូន​ក្រមុំ​រត់​ចោល​ផ្ទះ​បាត់​មិន​ដឹង​ទៅ​ដល់​ណា​ ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ខ្មាស​គេ​ពេញ​ភូមិ​ និង​សង​ថ្លៃ​បណ្ណា​ការ​ទៅ​ឱ្យ​កូន​កំលោះ​ទាំង​ក្ដី​អាម៉ាស់​ ។​

ហេតុការណ៍​កូន​ក្រមុំ​រត់​ចោល​ផ្ទះ​មិន​ព្រម​ចូល​រោង​ការ​ចោល​កូន​កំលោះ​ឱ្យ​ចំបែង​ឯកា​នេះ​ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៤​​ មីនា​ ​​នៅ​ក្នុង​ភូមិ​អំពិល​ ឃុំ​ស្លា​ ស្រុក​សំ​រោង ។​តាម​សម្ដី​សាច់​ញាតិ​ខាង​កូន​ក្រមុំ​បាន​រៀប​រាប់​ថា​ កូន​ក្រមុំ​ឈ្មោះ​ អ៊ុន​ ចន្ទ្រា​ អាយុ​ ១៨​ឆ្នាំ ជា​កូន​ច្បង​ក្នុង​ចំណោម​កូន​ស្រី​៣​នាក់​ ។​ នាង​ជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​នៅ​ឯ​រាជ​ធានី​ភ្នំពេញ​ ហើយ​នាង​ត្រូវ​កំណត់​ចូល​រោង​ការ​នៅ​ថ្ងៃ​ទី​៧​ មីនា​ ភ្ញៀវ​មក​ពិសា​ភោជនីយហារ​នៅ​ថ្ងៃ​ទី​៨​ មីនា​ ។​ ចំពោះ​កូន​កំលោះ​ឈ្មោះ​ ឈា​ មាន​ អាយុ​ ៣២​ឆ្នាំ​ រស់​នៅ​ភូមិ​ស្លែង​រមាំង​ ឃុំ​ជំរះ​ពេន​ ស្រុក​សំរោង​ ។​

សាច់​ញាតិ​ដដែល​បាន​បន្ដ​ទៀត​ថា​ នៅ​ថ្ងៃ​ទី​៥​ មីនា​ ឪពុក​ម្ដាយ​កូន​ក្រមុំ​បាន​ជូន​ដំណឹង​ដល់​ខាង​ប្រុស​ឱ្យ​បាន​ដឹង​ និង​នៅ​តែ​ទន្ទឹង​រង់​ចាំ​កូន​ស្រី​ត្រឡប់​មក​ចូល​រោង​ការ​វិញ​ តែ​មិន​ឃើញ​នាង​មក​វិញ​ទេ​ ។​ លុះ​ដល់​ល្ងាច​ថ្ងៃ​ទី​៦​ មីនា​ ដើម្បី​កុំ​ឱ្យ​ខ្មាស​គេ​ ព្រោះ​ភ្ញៀវ​ក៏​បាន​ហៅ​រួច​រាល់អស់​នោះ​ ឪពុក​ម្ដាយ​ទាំង​សង​ខាង​ក៏បាន​ពិភាក្សា​ជា​មួយ​ខាង​កូន​កំលោះ​ដោយ​លើក​កូន​ស្រី​ប្អូន​ឈ្មោះ​ អ៊ុន​ សិលា​ អាយុ​ ១២​ឆ្នាំ​ ឱ្យ​ចូល​រោង​ការ​ជំនួស​ ដែល​នាង​កំពុង​រៀន​ថ្នាក់​ទី​៧​ នៃវិទ្យាល័យ​ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ភ្នំជីសូរ​ តែ​ដំណោះ​ស្រាយ​នេះ​ខុស​នឹង​ច្បាប់​ ហើយ​អាជ្ញាធរ​ក៏​បាន​ចុះ​ទៅ​ឃាត់​មិន​ឱ្យ​រៀប​ចំ​មង្គល​ការ​ឡើយ​  ព្រោះ​កូន​ស្រី​មិន​ទាន់​គ្រប់​អាយុ​ ។​ នៅ​ថ្ងៃ​ទី​៧​ មីនា​ ទាំង​ឪពុក​ម្ដាយ​កូន​ក្រមុំ​ និង​កូន​កំលោះ​បាន​​ពិភាក្សា​គ្នា​ដោយ​​ភាគី​ខាង​ឪពុក​ម្ដាយ​កូន​ក្រមុំ​បាន​ឯក​ភាព​សង​ថ្លៃ​បណ្ណា​ការ​ទៅ​កូន​កំលោះ​ចំនួន​២.៧៥០​ដុល្លារ​អាមេរិក​ ដែល​ថ្លៃ​ផ្ទះ​យក​តែ​១.៥០០​ដុល្លារ​អាមេរិក​នោះ​ ។​

កូន​កំលោះ​អភ័ព្វ​ស្នេហ៍​ឈ្មោះ​ ឈា​ មាន​ បាន​រៀប​រាប់​ថា​ ការ​មាន​ចិត្ដ​ប្រតិព័ទ្ធ​ទៅ​លើ​នាង​ជា​កូន​ក្រមុំ​នោះ​ គឺ​តាម​រយៈ​សាច់​ញាតិ​ខាង​នាង​តែ​ប៉ុណ្ណោះ​ ដែល​បាន​ណែ​នាំ​ថា​ នាង​ជា​នារី​ម្នាក់​មាន​ចរិត​លក្ខណៈ​ស្លូត​បូត​ សុភាព​រាប​សា​​ ក៏​បាន​ឱ្យ​ឪពុក​ម្ដាយ​ចូល​ស្ដី​ដណ្ដឹង​រៀប​ការ​ធ្វើ​ជា​គូ​អនាគត​ តែ​ដល់​ថ្ងៃ​ចូល​រោង​ការ​ ស្រាប់​តែ​នាង​រត់​បាត់​ ។​ នៅ​ពេល​ឪពុក​ម្ដាយ​នាង​មក​ប្រាប់​ក៏​មិន​បាន​ថា​អ្វ​ី​ដែរ​ នឹក​ស្មាន​ថា​ នាង​ទៅ​លេង​ផ្ទះ​មិត្ដ​ភក្ដិ​២-៣​ថ្ងៃ​ លុះ​ដល់​ថ្ងៃ​ចូល​រោង​ការ​នាង​នឹង​ត្រឡប់​មក​វិញ​ តែ​រហូត​ដល់​ថ្ងៃ​ទី​៧​ មីនា​ នៅ​តែ​មិន​ឃើញ​ស្រមោល​នាង​មក​ទៀត​ ប្រហែល​ជា​នាង​មិន​ពេញ​ចិត្ដ​រស់​នៅ​ជា​ប្ដី​-ប្រពន្ធ​ជា​មួយ​រូប​គេ​ ទើប​នាង​រត់​ចោល​ផ្ទះ​បែប​នេះ​ ។​ កូន​កំលោះ​ខក​ចិត្ដ​បន្ដ​ថា​ សម្លៀក​បំពាក់​បាន​ទិញ​រួច​រាល់​អស់​​ ភ្ញៀវ​ក៏​បាន​អញ្ជើញ​អស់​ហើយ​ដែរ​ ហើយ​រូប​គេ​ក៏​ស្រមៃ​នៅ​ក្នុង​ចិត្ដ​ថា​ នឹង​បាន​ក្រាប​ផ្ទឹម​ជា​មួយ​នាង​ទទួល​ពរជ័យ​ពី​ញាតិ​មិត្ដ​ជិត​ឆ្ងាយ​ តែ​ក្ដី​ស្រមៃ​នេះ​បាន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ ។​

បើ​និយាយ​ពី​បណ្ណា​ការ​នេះ​គឺ​ថ្លៃ​ផ្ទះ​តម្លៃ​១.៥០០​ដុល្លារ​ តែ​ខាង​ប្រុស​បាន​ទាមទារ​ឱ្យ​ខាង​កូន​ក្រមុំ​សង​ថ្លៃ​បណ្ណាការ​ចំនួន​២.៧៥០​ដុល្លារ​អាមេរិក​ ដោយ​បូក​រួម​ទាំង​ការ​ចំណាយ​ផ្សេងៗ​ទាំង​អស់​សម្រាប់​ការ​ខក​ខាន​ដែល​បង្ក​ឡើង​ដោយ​កូន​ក្រមុំ​នេះ​ ។​ ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​នាំ​គ្នា​និយាយ​ថា​ កូន​ក្រមុំ​រត់​ចោលរោង​ការ​នេះ​ នាង​ធ្វើ​ជា​កម្មការិ​នី​រោង​ចក្រ​កាត់​ដេរ​នៅ​រាជ​ធានី​ភ្នំពេញ​ ពិត​ជា​មាន​សង្សារ​ហើយ​មើល​ទៅ​បាន​ជា​ដល់​ថ្ងៃ​រៀប​មង្គល​ការ​មាន​គូអនាគត​ទៅ​ហើយ​ ហ៊ាន​រត់​ចោល​បែប​នេះ​ ។​ ពិត​ជា​កូន​អត់​លើក​កិត្ដិយស​ឪពុក​ម្ដាយ​មែន​ ព្រោះ​ថា​បើ​មិន​ស្ម័គ្រ​ គួរ​​តែ​ប្រកែក​ឱ្យ​ហើយ​ទៅ​ល្អ​ជាង​ ។​ «​ថ្ងៃ​ចូល​រោង​ការ​បាត់​រូប​ជីវ៉ា​ ប្រហារ​ដួង​ចិត្ដ​ មេបា​ចាស់​​ទុំ​ អាចារ្យ​ក្រម​ក្រឹត្យ​ ស្លាក​ស្នាម​ជីវិត​ គិត​ស្មាន​មិន​ដល់​»​ ៕​