ខេត្តសៀមរាប ៖ អ្នកភូមិរស់នៅតាមបណ្តោយផ្លូវលំមួយខ្សែប្របដងស្ទឹងប្រវត្តិសាស្ត្ររលួស បានចោទប្រកាន់ក្រុមហ៊ុនស៊ីផាក អិុនវេសមេន វិនិយោគរមណីយដ្ឋានតំបន់ធម្មជាតិ និងវប្បធម៌មាត់បឹងទន្លេសាប «កំពង់ភ្លុក» ថាបានទទួលផលកម្រៃយ៉ាងច្រើនក្រាស់ក្រែលប្រចាំថ្ងៃពីវិស័យទេសចរណ៍ តែបែរជាមិនគិតគូរពីបញ្ហាដីហុយទ្រលោមបង្កឡើងដោយរថយន្តដឹកអ្នកទេសចរធំៗរាប់សិបគ្រឿង បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពពួកគាត់ ។
កាលពីព្រឹកថ្ងៃទីសុក្រទី៧ មីនា អ្នកភូមិប្រមាណជាង១០០នាក់ មកពី៣ភូមិក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង គឺភូមិដូននំ ភូមិជាស្មន់ និងភូមិកំពង់ថ្កូវ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាដោយឈរកណ្តាលផ្លូវនិងយកសសរឈើធំៗតម្រៀបគ្នាបិទផ្លូវលំចូលទៅតំបន់រមណីយដ្ឋានខាងលើ ដើម្បីបង្ខំឱ្យអាជ្ញាធរនិងក្រុមហ៊ុនរកដំណោះស្រាយជូនពួកគាត់ គឺទាមទារឱ្យក្រាលកៅស៊ូនៅលើចម្ងាយផ្លូវប្រវែង៣គីឡូម៉ែត្រនេះ។
តាមសេចក្តីរាយការណ៍ពីកន្លែងបិទផ្លូវនោះបានឱ្យដឹងថា សកម្មភាពតវ៉ានេះចាប់ផ្តើមតាំងពីវេលាម៉ោងប្រមាណ៨ព្រឹក ក្នុងភូមិដូននំ ហើយអូសបន្លាយរហូតដល់វេលាថ្ងៃត្រង់ ដោយមិនឃើញមានមន្ត្រីអាជ្ញាធរណាម្នាក់ចេញមុខទៅសម្របសម្រួលដោះស្រាយទេ ខណៈភ្ញៀវទេសចរអន្តរជាតិរាប់រយនាក់ដែលធ្វើដំណើរតាមរថយន្តធំៗនិងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿងដែលមានបំណងទៅទស្សនាតំបន់រមណីយដ្ឋានកំពង់ភ្លុកនោះខកបំណងដោយបង្ខំចិត្តត្រឡប់ក្រោយ ។
លោកឃឹម ប៊ុនសុង អភិបាលខេត្ត បន្ទាប់ពីខកខានក្នុងការលើកទូរស័ព្ទកាលពីព្រឹកលុះនៅវេលាម៉ោង១១និង១១នាទីបានទូរស័ព្ទត្រឡប់មកវិញ ដោយប្រាប់ថា នៅពុំមានអ្នកណារាយការណ៍ពីបញ្ហាបិទផ្លូវហ្នឹងជូនលោកឱ្យដឹងនៅឡើយទេ ប៉ុន្តែលោកសន្យាថានឹងបញ្ជូនមន្ត្រីឱ្យចុះទៅពិនិត្យនិងដោះស្រាយ ។ នៅកន្លែងបិទផ្លូវតវ៉ាកាលពីព្រឹកបុរសម្នាក់ឈ្មោះអុ៊ក សំអាត ដែលស្ថិតនៅកណ្តាលក្រុមអ្នកតវ៉ាមានស្រីមានប្រុសបាននិយាយថា គោលបំណងចម្បងនៃការលើកគ្នាបិទផ្លូវធ្វើការតវ៉ានេះ គឺដើម្បីទាមទារឱ្យក្រុមហ៊ុនស៊ីផាក អិុនវេសមេន ជួសជុលកំណាត់ផ្លូវក្រាលក្រួសក្រហមចម្ងាយប្រមាណ៣គីឡូម៉ែត្រ ដែលហុយសំពោងនេះឱ្យទៅជាផ្លូវក្រាលកៅស៊ូវិញ ទើបអាចបញ្ចៀសបាននូវបញ្ហាដីហុយទាំងស្រុង ។
គាត់បានរំលឹកថា បញ្ហាដីហុយបានកើតឡើងប្រមាណ៣ឆ្នាំមកហើយ ហើយប្រជាពលរដ្ឋបានផ្តិតមេដៃទៅអាជ្ញាធរមូលដ្ឋានឱ្យជួយដោះស្រាយជាច្រើនដងដែរ តែពុំមានដំណោះស្រាយបន្តិចណាឡើយ ។ ផ្ទុយទៅវិញ បញ្ហាដីហុយកាន់តែធ្ងន់ធ្ងរឡើងៗ ខណៈចំនួនរថយន្តក្រុងដឹកភ្ញៀវទេសចរទៅកាន់តំបន់កំពង់ភ្លុកកាន់តែមានចំនួនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងបើកក្នុងល្បឿនលឿនថែមទៀត ។
ក្រុមអ្នកភូមិបានព្រមានថា ការតវ៉ានេះនឹងបន្តធ្វើដោយពុំមានថ្ងៃកំណត់ បើសិនជាក្រុមមន្ត្រីអាជ្ញាធរ និងក្រុមហ៊ុនខាងលើមិនរកដំណោះស្រាយតាមការទាមទាររបស់ពួកគាត់ ។ ពួកគាត់បានបន្ថែមបែបរិះគន់ថា ក្រុមហ៊ុនហ្នឹងកំពុងតែដើរថយក្រោយនៃទ្រឹស្តីដែលថា វិស័យទេសចរណ៍នាំទៅការអភិវឌ្ឍនៅក្នុងតំបន់ គឺគិតតែប្រឹងប្រែងប្រមូលប្រាក់កម្រៃពីការលក់សំបុត្រទៅឱ្យភ្ញៀវទេសចរ ហើយទម្លាក់បញ្ហាមកឱ្យប្រជាពលរដ្ឋទៅវិញ ។
ស្រដៀងគ្នានេះដែរ ស្ត្រីម្នាក់ឈ្មោះ ហ៊ាយ តុំ នៅភូមិជាស្មន់ ឃុំមានជ័យ ដែលនៅក្នុងដៃកាន់កាំបិតធ្វើត្រីយ៉ាងញាប់ដៃដើម្បីធ្វើម្ហូបបាននិយាយរៀបរាប់ថា គាត់រីករាយនៅពេលបានឃើញរាល់សកម្មភាពអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាននេះ បុ៉ន្តែការអភិវឌ្ឍដូចក្រុមហ៊ុនស៊ីផាក អុិនវេសមេន ដែលមិនខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋបែបហ្នឹង គាត់មិនត្រូវការទេ ។ គាត់ធ្វើម្ហូបបណ្ដើររៀបរាប់បណ្ដើរថា «ជួយមើលចុះនៅជុំវិញទីនេះ ទាំងស្លឹកឈើ ទាំងដំបូលផ្ទះ សុទ្ធតែពណ៌ក្រហមឆ្អៅ និងក្រាស់ឃ្មឹកដោយសារធូលី ដែលហុយខ្លាំងណាស់ពេលមានរថយន្ដបើកឆ្លងកាត់ម្ដងៗ ។ សូម្បីតែចានឆ្នាំង សម្លៀកបំពាក់ក៏ប្រឡាក់គ្មានសល់ដែរ ជាពិសេសបញ្ហាដីហុយហ្នឹងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដកដង្ហើមរបស់មនុស្ស» ។
ចំណែកស្រ្ដីម្នាក់ទៀតដែលមិនបញ្ចេញឈ្មោះ និយាយថា ចាប់តាំងពីមានរថយន្ដបើកលឿនបង្ហុយដីរហូតមក កូនៗរបស់គាត់ឈឺញឹកញាប់ណាស់ ហើយពេលយកទៅមន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថាកើតជំងឺរលាកផ្លូវដង្ហើមធ្ងន់ ។ សូមបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិ និងវប្បធម៌កំពង់ភ្លុក នៅមាត់បឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ី បើចង់ទៅទស្សនានៅទីនោះ គេត្រូវធ្វើដំណើរពីក្រុងសៀមរាប តាមផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ២០គីឡូម៉ែត្រ រួចបត់ចូលទៅផ្សាររលួស តាមផ្លូវក្រាលកៅស៊ូមួខ្សែ ដែលស្ថាបនាដោយឧកញ៉ា សៀង ណាំ តំណាងរាស្រ្ដមណ្ឌលសៀមរាប ។ ប៉ុន្ដែទៅដល់ត្រឹមភូមិដូននំ នៃឃុំមានជ័យ ថ្នល់កៅស៊ូត្រូវបានបញ្ចប់ ហើយជំនួសមកវិញនូវផ្លូវក្រាលក្រួសក្រហមចម្ងាយប្រមាណ៣គីឡូម៉ែត្រ សម្រាប់រថយន្តតូចធំ រុឺម៉កម៉ូតូ ដឹកភ្ញៀវទេសចរទៅកាន់រមណីយដ្ឋាននោះ ដោយបន្សល់បញ្ហាដីហុយទ្រលោមយ៉ាងធំធេង ហើរតាមខ្យល់ទៅប៉ះលើភូមិឋានប្រជាពលរដ្ឋពិបាករស់នៅ ។
នៅព្រឹកថ្ងៃទី៧ មីនា នោះដែរ ក្រុមអ្នកយកព័ត៌មានបានធ្វើដំណើរទៅដល់ស្នាក់ការលក់សំបុត្ររបស់ក្រុមហ៊ុនស៊ីផាក អុិនវេសមេន ដែលកំពុងកើតរឿងចម្រូងចម្រាស ដើម្បីសុំបំភ្លឺជុំវិញបញ្ហានេះ និងដំណោះស្រាយចំពោះមុខ ក៏ប៉ុន្តែការស្វែងរកជួបត្រូវបានបរាជ័យដោយសារទីនោះស្ថិតនៅក្នុងសភាពស្ងាត់ជ្រងំ ។ ទាក់ទិននឹងហេតុការណ៍តវ៉ាខាងលើ អភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត ក៏មិនអាចស្វែងរកជួបដើម្បីសុំការពន្យល់បានទេនៅរសៀលថ្ងៃដដែល ដោយទូរស័ព្ទលោកហៅចូលតែគ្មានអ្នកទទួល ។ ដូច្នេះមិនដឹងថាអាជ្ញាធរស្រុកមានចំណាត់ការយ៉ាងណាទេក្នុងការពន្លត់កំហឹងតវ៉ាដែលមានការព្រមានផងថា នឹងបន្តធ្វើគ្មានទីបញ្ចប់នោះ ៕
ចែករំលែកព័តមាននេះ