រាជធានីភ្នំពេញ ៖ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសជំហរជាថ្មីថា តំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ ចំនួន៥៥រូប ដែលជាប់អាសនៈក្នុងរដ្ឋសភានឹងមិនចូលរួមប្រជុំសភាជាដាច់ខាតល្គឹកណាមិនមានការរៀបចំការបោះឆ្នោតឡើងវិញនោះ ។ ជំហរដែលបានប្រកាសដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពិតជាផ្ទុយគ្នា១៨០អង្សា ដែលជំហររបស់គណប្រជាជនកម្ពុជា គឺជំទាស់ជាដាច់ខាតការបោះឆ្នោតមុនអាណត្តិ ។ តើជំហរទាំង២នេះប្រៀបដូចទឹកនិងប្រេងមែនឬ ?
មេដឹកនាំគណបក្សសង្គ្រោះជាតិនេះបានប្រាប់អ្នកសារព័ត៌មានបែបនេះបន្ទាប់ពីកិច្ចពិភាក្សាក្នុងសិក្ខាសាលាមួយជាមួយតំណាងអង្គការសង្គមសីុវិលនានា នៅព្រឹកថ្ងៃទី៧ មីនា នៅសណ្ឋាគារអីុមភើរៀល និយាយពីក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតសម្រាប់យកទៅជជែកជាថ្មីជាមួយក្រុមគណៈកម្មការរៀបចំការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១០ មីនា ខាងមុខនេះ ។
លោក សម រង្សុី បានថ្លែងទៀតថា គំនិតដែលអង្គការសង្គមសីុវិលផ្ដល់យោបល់ក្នុងសិក្ខាសាលា គឺជាការល្អសម្រាប់គណបក្សសង្គ្រោះជាតិយកទៅជជែកជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះអង្គការទាំងនោះបានគិតរយៈពេលជាយូរមកហើយ និងបានថ្លឹងថ្លែងប្រៀបធៀបជាមួយបណ្ដាប្រទេសដទៃរួចហើយ យើងយកគំនិតនេះទៅពិចារណា ។ លោក សម រង្សុី បញ្ជាក់ថា ការចរចាគ្នារវាងគណៈកម្មការចម្រុះរបស់គណបក្សទាំង២ មិនអាចនិយាយពីបញ្ហាជាប់គាំងនយោបាយទេ គឺយើងជជែកគ្នាតែរឿងកំណែទម្រង់ការបោះឆ្នោត ។ ប្រសិនបើគ្មានការកែទម្រង់ការបោះឆ្នោតទេ យើងមិនចូលប្រជុំសភាជាដាច់ខាតដរាបណាយើងមិនទាន់មានដំណោះស្រាយណាមួយដែលទាក់ទងនឹងការបោះឆ្នោតឡើងវិញឬការបោះឆ្នោតជាថ្មី ។
លោក សម រង្សុី ក៏បានលើកឡើងទាក់ទងនឹងការពង្រាយកងកម្លាំងរបស់រដ្ឋាភិបាលសម្រាប់បង្ក្រាបក្រុមប្រជាពលរដ្ឋក៏ដូចជាកម្មករដែលពួកគេគ្រោងនឹងជួបជុំគ្នាប្រារព្ធទិវាអន្តរជាតិ៨ មីនា ថា សកម្មភាពកំពុងតែចរចាគ្នាពីកំណែទម្រង់ការបោះឆ្នោតដែលកំពុងតែរលូន(កំពុងចាប់ដៃ)ហេតុអ្វីបានជារដ្ឋាភិបាលយកកម្លាំងមកគំរាមបែបនេះទៅវិញ ។ ទោះជាយ៉ាងណាក្ដី លោក សម រង្សុី នៅតែទាមទារឱ្យផ្លាស់ប្ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដដែលព្រោះថា ការបោះឆ្នោតដែលកើតឡើងនូវភាពមិនប្រក្រតីគឺមកពីគ.ជ.ប តែការចោទនេះធ្លាប់ត្រូវបានមន្ត្រីគ.ជ.ប ច្រានចោលហើយថា គ.ជ.ប អនុវត្តតែតាមច្បាប់ប៉ុណ្ណោះ ។
លោក សម រង្សុី ថ្លែងទៀតថា គណបក្សសង្គ្រោះជាតិចូលប្រជុំសភាលុះត្រាតែមានការឯកភាពគ្នា ព្រមព្រៀងកំណត់ថ្ងៃខែការបោះឆ្នោតឡើងវិញ ហើយកំណត់របៀបរៀបចំការបោះឆ្នោតឡើងវិញឲ្យបានត្រឹមត្រូវ ។ ប៉ុន្តែទោះបីជាកំណត់របៀបរៀបចំការបោះឆ្នោតបានត្រឹមត្រូវ ជឿទុកចិត្តបាន មានការធានាច្បាស់លាស់ហើយ ពេលនោះសមាជិកជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនឹងចូលប្រជុំសភាជាមួយគណបក្សប្រជាជនកម្ពុជា ។
លោក សម រង្ស៊ី អះអាងថា គណបក្សសង្គ្រោះជាតិត្រៀមខ្លួនជានិច្ចសម្រាប់ជួបថ្នាក់ ដឹកនំាកំពូលគណបក្សប្រជាជន និងចង់ឲ្យមានការជួបគ្រប់ថ្នាក់ក៏បានដែរ ។ យើងចង់ឲ្យដំណើរនៃជំនួបចរចាជាចំហ ហើយឲ្យទូលំទូលាយបំផុត យើងមិនចង់ជជែកគ្នាតែគណបក្សដែលជាប់ឆ្នោតក្នុងរដ្ឋសភានោះទេ គឺត្រូវតែមានការចូលរួមពីសង្គមស៊ីវិល និងអ្នកសារព័ត៌មាន និងជាសាធារណៈកាន់តែប្រសើរ ។ សិក្ខាសាលានេះ ដើម្បីរកសេចក្តីសម្រេចទៅជជែកគ្នានៅថ្ងៃទី១០ មីនា ខាងមុខនេះ គណបក្សសង្គ្រោះជាតិចង់បានការផ្តល់អនុសាសន៍ពីសង្គមស៊ីវិលថា គួរយកអ្វីទៅជជែកគ្នាជាមួយគណបក្សប្រជាជនកម្ពុជា និងសម្រេចត្រង់ចំណុចណាខ្លះ ។
ចំពោះការប្រកាន់ជំហររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានលោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ សវនកម្ម នៃរដ្ឋសភា និងជាសមាជិកគណៈកម្មការចម្រុះមួយរូបរបស់គណបក្សប្រជាជនកម្ពុជា បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនាថ្ងៃដដែលនោះថា ការចូលឬមិនចូលប្រជុំសភារបស់សមាជិកជាប់ឆ្នោតគណបក្សសង្គ្រោះជាតិគឺជារឿងរបស់ពួកគាត់ ព្រោះថាពេលនេះក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមក នយោបាយនៅប្រទេសកម្ពុជា មិនបានគំាងដូចអ្វីដែលលោក សម រង្ស៊ី និយាយនោះឡើយ ។ ផ្ទុយទៅវិញ ប្រសិនបើមានការជាប់គំាងនយោបាយពិតមែននោះ គ្រប់ស្ថាប័នទំាងអស់គឺមិនដំណើរការនោះទេ និងមួយវិញទៀតរដ្ឋសភាអាចបោះឆ្នោតជ្រើសរើសសមាជិកគណៈរដ្ឋមន្ត្រីបានដែរ ។
លោក ជាម យៀប បន្តថា ក្រោយពីការបោះឆ្នោត និងបន្ទាប់ពីការប្រកាសរបស់គ.ជ. ប. មកមានក្រុមប្រឹក្សារដ្ឋធម្មទទួលស្គាល់
ព្រះមហាក្សត្រទទួលស្គាល់រួចហើយ និងបានគោរពតាមរដ្ឋធម្មនុញ្ញរួចហើយ ។ រដ្ឋសភាបានអនុម័តច្បាប់មួយចំនួនរួចហើយ ហេតុអ្វីបានជាលោក សម រង្ស៊ី និយាយថា ជាប់គំាងនយោបាយ ។ លោកជាម យៀប បញ្ជាក់ថា «អ្វីដែលលោក សម រង្ស៊ី បានលើកឡើងជាសិទ្ធិរបស់គាត់ក្នុងការនិយាយ ប៉ុន្តែគ្រាន់តែជម្រាបថា បើគណបក្សសង្គ្រោះជាតិ មិនចូលរួមប្រជុំសភាក៏ដោយគឺធម្មតាទេ គណបក្សប្រជាជនកម្ពុជា ទៅមុខហើយ ហើយចូល ឬមិនចូលជាសិទ្ធិរបស់គាត់ ។ លោកសម រង្ស៊ី គាត់ក៏មិនមានសិទ្ធិចូលក្នុងសភាដែរពីព្រោះកន្លងទៅគាត់អត់មានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ ក្នុងអាណត្តិទី៥ ហើយគាត់ច្រណែននឹងអ្នកទាំង៥៥រូប ដែលបានជាប់ឆ្នោត អីុចឹងទេ គាត់ឲ្យអ្នកទាំង៥៥រូប នឹងនៅក្រៅដូចគាត់ដែរ» ។
លោកជាម យៀប បានបញ្ជាក់បន្ថែមថា ទោះបីជាគាត់ ធ្វើយ៉ាងម៉េចក៏ដោយយើងឃើញថា ការបោះឆ្នោតជាថ្មីមិនអាចទៅរួចទេ គួរមើលខ្លឹមសារក្នុងរដ្ឋធម្មនុញ្ញនៅជំពូក៧ មាត្រាទី៧៨ថ្មី ដែលបានលើកឡើងថា រដ្ឋសភាមានអាណត្តិ៥ឆ្នាំ អត់មានថា ត្រូវបោះឆ្នោតមុនអាណត្តិ ឬក៏កណ្តាលអាណត្តិស្អីទេ ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកំពុងតែបន្តនិរន្តរភាពរបស់រដ្ឋតរៀងទៅអត់មានបញ្ហាអ្វីទេ ។
លោកជាម យៀប បានលើកឡើងថា ពាក្យដែលខាងគណបក្សសង្គ្រោះជាតិថា មានការជាប់គាំងនយោបាយនៅកម្ពុជាគឺគ្មានការជាប់គាំងនយោបាយអ្វីទេ ។ ឥឡូវរដ្ឋសភា ដំណើរការទៅមុខ តំណាងរាជរដ្ឋាភិបាលបានរៀបចំសព្វបែបយ៉ាងហើយស្របទៅតាមរដ្ឋធម្មនុញ្ញដែលលោក សម រង្ស៊ី ជាអ្នកផ្តួចផ្តើមរៀបចំដំបូងនៅក្នុងឆ្នាំ២០០៤ ។ អង្គការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ អំណាចទាំងបីកំពុងតែដំណើរការនាពេលបច្ចុប្បន្ននេះនៅកម្ពុជា ។
លោក ជាម យៀប បានស្នើដល់សមាជិកគណបក្សសង្គ្រោះជាតិដែលជាប់ឆ្នោតគួរចូលប្រជុំសភា ប្រសិនបើគាត់ចង់ឲ្យមានកំណែទម្រង់ច្បាប់ ព្រោះថាមានតែក្នុងរដ្ឋសភាទេជាកន្លែងជជែកគ្នាឲ្យដឹងច្បាស់លាស់ ។ យើងខ្ញុំរង់ចាំសមាជិកគណបក្សសង្គ្រោះជាតិយូរហើយ ចុះហេតុអ្វីបានជាមិនចូលមកជជែកគ្នាឲ្យដឹងច្បាស់លាស់ ថាអ្វីត្រូវ និងអ្វីខុស បើលោក សម រង្ស៊ី ជាអ្នកចេះច្បាប់មួយរូបដែរនោះ ។
យ៉ាងណាក្តី លោក ជាម យៀប បានសាទរចំពោះការស្នើរបស់លោក សម រង្ស៊ី ពីការធ្វើសិក្ខាសាលារួមគ្នាជាមួយអង្គការសង្គមស៊ីវិល និងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិនិងបណ្តាអ្នកសារព័ត៌មានចូលរួមស្តាប់ ។ ប៉ុន្តែលោកបានលើកឡើងថា ពេលនេះក្រុមគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោតកំពុងតែរកចំណុច និងប្រធានបទសម្រាប់យកទៅពិភាក្សាក្នុងសិក្ខាសាលារួមគ្នា ។
សូមបញ្ជាក់ថា សិក្ខាសាលារបស់គណបក្សសង្គ្រោះជាតិ សង្គមស៊ីវិលបានផ្តល់អនុសាសន៍ជាច្រើនដល់ថ្នាក់ដឹកនំាគណបក្សសង្គ្រោះជាតិក្នុងការដោះស្រាយបញ្ហា និងយកទៅជជែកជាមួយគណៈកម្មការចម្រុះដែលទាក់ទិននឹងការកែទម្រង់ការបោះឆ្នោតប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕
ចែករំលែកព័តមាននេះ