ខេត្តស្វាយរៀង ៖ បុគ្គលិកអគ្គិសនីកម្ពុជាខេត្តស្វាយរៀងម្នាក់បានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារខ្សែភ្លើងឆក់ ខណៈជនរងគ្រោះទាំង២នាក់ឡើងតអគ្គិសនីដោយមិនបានបិទកាប៊ីនភ្លើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី៧ មីនា ២០១៤ នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀងខាងត្បូងស្ពានគយត្របែកចម្ងាយ២០០ម៉ែត្រ។
ជនរងគ្រោះដែលស្លាប់ឈ្មោះអ៊ុច វណ្ណថេត ភេទប្រុស អាយុ៣០ឆ្នាំ ជាបុគ្គលិកអគ្គិសនីកម្ពុជា មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង និងម្នាក់ទៀតរបួសធ្ងន់ឈ្មោះខៀវ កំសាន្ត ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិកអគ្គិសនីកម្ពុជាដែរ។
បើតាមមន្ត្រីអគ្គិសនីខេត្តបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានបើករថយន្តអគ្គិសនីទៅតខ្សែភ្លើងនៅបង្គោលត្រង់ស្វូរបែងចែកប្រព័ន្ធអគ្គិសនីភូមិគយត្របែក ខណៈពេលកំពុងជិះកន្ត្រករថយន្តបញ្ជាទៅតភ្លើងខ្សែចែកចាយខាងក្រោមខ្សែភ្លើងស្រាត(ខ្សែធំ) កំពស់ប្រមាណជា២ម៉ែត្រពីខ្សែធំស្រាប់តែស្រូបឡើងលើឆក់ជាប់ឈ្មោះអ៊ុច វណ្ណថេត ដែលកំពុងបញ្ជាកន្ត្រកឱ្យទៅជិតបង្គោលជាប់ អ្នកជិតខាងក៏ទូរស័ព្ទហៅអគ្គិសនីឱ្យបិទកាប៊ីនភ្លើង តែក៏ឆក់បុរសម្នាក់ទៀតដែលអង្គុយក្នុងកន្ត្រកដែរជាប់នឹងកន្ត្រកប្រមាណ៣នាទី ទម្រាំអគ្គិសនីបិទកាប៊ីនធ្វើឱ្យជនរងគ្រោះទាំង២នាក់សន្លប់ស្តូកស្តឹងតែម្តង។
បន្ទាប់បិទកាប៊ីនភ្លើងរួច អ្នកស្រុកបាននាំគ្នាបញ្ជាកន្ត្រកចុះមកក្រោម ហើយហៅរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យ តែជាអកុសលបុរសម្នាក់បានស្លាប់ខណៈដឹកទៅមន្ទីរពេទ្យ ។
ចែករំលែកព័តមាននេះ