ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ាក់​ ​វិឆ័យ​ ប្រើ​​ល្បិច​អ្វី​​ទៀត​ពេល​​ជួប​ ឯម ​វិចិត្រ​ ល្ងាច​​នេះ ?​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​៨​ ​មីនា​នេះ​ កីឡា​ករ​រ៉ាក់​ វិឆ័យ​ ជើង​ខ្លាំង​ប្រចាំ​ក្លិប​កង​ពល​តូច​លេ​ខ​៧០​ និង​កីឡាករ​ឯម វិចិត្រ​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ នឹង​ជួប​ប្រកួត​គ្នា​ជា​ថ្មី​ម្តង​ទៀត​ហើយ​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​ស​្ទឹង​មាន​ជ័យ​ បន្ទាប់​ពី​ការ​ប្រកួត​លើក​មុន​បាន​លេច​ចេញ​លទ្ធ​ផល​ប្រកប​ដោយ​ចម្រូង​ចម្រាស​បំផុត​ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​៨​ ​មីនា​នេះ​ កីឡា​ករ​រ៉ាក់​ វិឆ័យ​ ជើង​ខ្លាំង​ប្រចាំ​ក្លិប​កង​ពល​តូច​លេ​ខ​៧០​ និង​កីឡាករ​ឯម វិចិត្រ​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ នឹង​ជួប​ប្រកួត​គ្នា​ជា​ថ្មី​ម្តង​ទៀត​ហើយ​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​ស​្ទឹង​មាន​ជ័យ​ បន្ទាប់​ពី​ការ​ប្រកួត​លើក​មុន​បាន​លេច​ចេញ​លទ្ធ​ផល​ប្រកប​ដោយ​ចម្រូង​ចម្រាស​បំផុត​ ។​ ការ​ប៉ះ​គ្នា​លើក​នេះ​មាន​ការ​ចោទ​សួរ​ជា​ខ្លាំង​ថា​ រ៉ាក់​ វិឆ័យ​ នឹង​ប្រើ​ស្នៀត​អ្វី​ទៀត​បន្ទាប់​ពី​លើក​មុន​បាន​ឈ្នះ​កីឡា​ករ​ឯម វិចិត្រ​ ដោយ​ប្រើ​ល្បិច​ស៊ី​ឡាក់​ម្តង​នោះ​ ?​

ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ទៀត​ហើយ​ជាមួយ​នឹង​ការ​ប៉ះគ្នា​ដើម្បី​សង​សឹក​រវាង​កីឡា​ករ​ទាំង​ពីរ​រូប​នេះ​ក្នុង​ជំនួប​លើក​ទី​២ ។​ ការ​ចាប់​អារម្មណ៍​មួយ​នេះ​ ​ គឺ​បន្ទាប់​ពី​អ្នក​ដែល​មាន​សមត្ថភាព​ និង​មាន​កម្រិត​ប្រកួត​វាយ​ចេញ​បាន​ល្អ​ជាង​ក្នុង​ការ​​ប្រកួត​កាល​ពី​លើក​ទី​១​ បែរ​ជា​ត្រូវ​ឡើង​រេញ​សង​សឹក​ទៅ​លើ​កីឡាករ​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ចាញ់​ប្រៀប​ និង​មាន​ចំណុច​ខ្សោយ​ជាង​ទាំង​ស្រុង​ក្នុងការ​ប៉ះ​គ្នា​ ។ រំលឹក​ដល់​ការ​ប្រកួត​កាល​ពី​លើក​នោះ​ អ្នក​ណា​ក៏​ឃើញ​ដែរ​ថា កីឡាករ​ឯម វិចិត្រ​ មាន​បទ​ពិសោធន៍​ខ្ពស់​ជាង​ និង​មាន​ឱកាស​វាយ​ចេញ​ល​្អ​ជាង​ ។​ គេ​បាន​ទាំង​វាយ​សម្រុក​ទៅ​លើ​កីឡាករ​រ៉ាក់​ វិឆ័យ​ ឱ្យ​ឈាន​ដល់​ចំណុច​ទាល់​ច្រក​ម្តង​ជាពីរ​ដង​ ជាមួយ​នឹង​ស្នៀត​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ដែល​ស្ទើរ​តែ​គ្មាន​ស្នៀត​ណា​មួយ​ដែលអាច​ធ្វើ​ឱ្យ​កីឡាករ​រ៉ាក់​ វិឆ័យ​ គេច​ផុត​នោះ​ទៀត​ផង ។​ ជំនួប​កាល​ពី​ថ្ងៃ​ទី​២២​ កុម្ភៈ​នោះ​ កីឡាករ​រ៉ាក់​ វិឆ័យ​ មិន​មាន​ឱកាស​ណា​មួយ​ដែល​ត្រូវគេ​មើល​ឃើញ​ថា​ អាចទប់​ទល់​បាន​ជា​មួយ​កីឡាករ​ឯម វិចិត្រ​ នោះ​ទេ​ ពិសេស​ក្នុង​ពេល​ដែល ឯម វិចិត្រ​ ស​្ទុះ​ស្ទា​វាយ​សង្គ្រុប​ក្នុង​អំឡុង​២​ទឹក​ដំបូង​ដែល​សឹង​តែ​ធ្វើ​ឱ្យ​គេ​រក​កន្លែង​តដៃ​មិន​កើត​នោះ ។​

ឈាន​ដល់​ទឹក​ទី​៣​ កីឡាករ​ឯម វិចិត្រ​ កាន់​តែ​មាន​មោទន​ភាព​ និង​ស្ទុះ​វាយ​សង្គ្រុប​លើ​ រ៉ាក់​ វិឆ័យ​ ដើម្បី​ឱ្យ​គេ​សន្លប់​ថែម​ទៀត​ ទើប​ធ្វើឱ្យ​គេស្ទុះ​ស្ទា​វាយ​សង្គ្រុប​នាពេល​នោះ​ រហូត​ឈាន​ដល់​ចំណុច​ភ្លាត់​ស្នៀត ហើយ​នាំ​ឱ្យ​ខុស​លក្ខ​ន្តិកៈ​ ។ ឯម វិចិត្រ​ ត្រូវគេ​ចាប់​កំហុស​ភ្លាមៗ​បន្ទាប់​ពី​ភ្លាត់​វាយ​ថែម​ទៅ​លើ រ៉ាក់​ វិឆ័យ​ ព្រោះ​តែ​ជក់​ដៃ​វាយ​​លុក ហើយ​ រ៉ាក់​ វិឆ័យ​ ក៏​ធ្វើ​ជា​ប្រកាច់​នឹង​មួយ​ដៃ​ថែម​នោះ​ រហូត​មិន​អាច​បន្ត​ការ​ប្រកួត​បាន ។ អ្នក​ទស្សនា​គ្រប់គ្នា​សម្តែង​ការ​រិះ​គន់​ចំពោះ រ៉ាក់​ វិឆ័យ​ យ៉ាង​ខ្លាំង​ ដែល ឯម វិចិត្រ​ វាយ​សម្រុក​តាំងពី​ណា​ពី​ណី បែរ​ជា​អត់​សន្លប់ ហើយ​មក​សន្លប់​នឹង​មួយ​ដៃ​ថែម​ចុង​ក្រោយ​ ដែល​អ្នក​ណា​ក៏​មើល​ឃើញ​​ថា ជា​រឿង​ស៊ីឡាក់ ។​ ទទួលបាន​ឱកាស​នោះ​ ទើបគេ​ឃើញ​ រ៉ាក់​ វិឆ័យ​ បន្ត​ធ្វើ​ប្រកាច់​តែ​ម្តង​ដែល​ឈាន​ទៅ​ដល់​ការកាត់​ក្តី​ដោយ​ភាព​ចម្រូងចម្រាស​មួយ​នៅ​ទីបញ្ចប់​ ។​ ឯម វិចិត្រ​ បាន​បង្ហាញ​អារម្មណ៍​ស្រយុត​ចិត្ត​យ៉ាង​ខ្លាំង​ បន្ទាប់​ពី រ៉ាក់​ វិឆ័យ​ យក​​លេស​ធ្វើ​សន្លប់​ប្រកួត​លែង​កើត​ ហើយ​តម្រូវ​ឱ្យ​ក្រុម​គណៈ​កម្មការ​សម្រេច​កាត់​ក្តី​ឱ្យ​គេចាញ់​ក្នុង​ទឹក​ទី​៣ ។​ មិន​ត្រឹម​តែ​ត្រូវគណៈ​កម្មការ​បណ្តេញ​ចុះ​ដោយ​ការ​អាម៉ាស់​បុ៉ណ្ណោះ​ទេ ឯម វិចិត្រ​ ថែម​ទាំង​ត្រូវ​ដើរ​ចេញ​ពី​រេញ​ទាំង​ស្រក់​ទឹក​ភ្នែក​ ព្រោះ​តែ​ខឹង​នឹង​ខ្លួន​ឯង​នោះ​ផង ។​ នោះ​គឺ​បទ​ពិសោធន៍​មួយ​ដែល ឯម វិចិត្រ​ ហាក់​ចង​ចាំ​មក​ទល់​ពេល​នេះ​​ ពិសេស​នៅ​ពេល​រំលឹក​ដល់​ការ​ប្រកួត​ទាំង​មូល​ជា​មួយ​ រ៉ាក់​ វិឆ័យ ។​

ក្រោយ​ការ​កាត់​ក្តី​ កីឡាករ​រ៉ាក់​ វិឆ័យ​ ត្រូវគេ​ប្រើ​ពាក្យ​ពេចន៍​ទ្រគោះ​បោះ​បោក​ឱ្យ​គួរ​សម​ ហើយ​ក៏​ធ្វើ​ឱ្យ​គេ​ទទួល​​ជ័យ​ជម្នះដោយ​បាត់​បង់​នូវ​ទំនុក​ចិត្ត​មួយ​ផ្នែក​ផង​ដែរ​ បើ​ធៀប​នឹង​ក្រេ​ឌីត​ដែល​គេ​ធ្លាប់​បាន​ទទួល​មុនៗ ។​ ឯម វិចិត្រ​ ប្រាប់​ថា​ លទ្ធ​ផល​មួយ​នោះ​នៅ​មិន​បាន​ធ្វើ​ឱ្យ​លោក​ភ្លេច​នោះ​ទេ​ ហើយ​ខ្លួន​ក៏​ដេក​មិន​លក់​ បក់​មិន​ល្ហើយ​នោះ​ដែរ​ មក​ទល់​ពេល​នេះ ។​ អុីចឹង​ហើយ​ ទើប​ការប្រកួត​ល្ងាច​នេះ​​នឹង​ក្លាយ​ទៅ​ជា​សង្វៀន​ដ៏​ក្តៅ​គគុក​មួយ​ដែល​លោក​ត្រូវ​​តែ​បំបាក់​ រ៉ាក់ វិឆ័យ​ ឱ្យ​ខាង​តែ​បាន​ សង​ភាព​អាម៉ាស់​មក​វិញ ។ ​លោក​សន្យា​មិន​ឱ្យ​កើត​មាន​នូវភាព​ភ្លាត់​ស្នៀត​ដូច​ដែល​បាន​ជ្រុល​ជ្រួស​កាល​ពី​លើក​មុន​នោះ​ទេ ដោយ​បាន​ទាំង​អះ​អាង​ថា រ៉ាក់ វិឆ័យ​ ថ្ងៃ​នេះ​នឹង​ដឹង​គ្នា​ជា​មួយ​លោក​ ដោយ​គ្មាន​លក្ខ​ខណ្ឌ ។​ ផ្អែក​តាម​សមត្ថ​ភាព​ជាក់​ស្តែង​ ឯម វិចិត្រ​ មាន​ស្នៀត​ច្បាស់​ជាង​ ល្អ​ជាង​ និង​កម្លាំង​ពេញ​ដូចគ្នា ។​ ជាមួយ​នឹង​ការ​មើល​ឃើញ​នេះ​ ទើប​គេ​សួរ​ថា​ តើ រ៉ាក់​ វិឆ័យ​ នឹង​អាច​ទៅ​រួច​ទេ​​ បើ​គ្មាន​ឱកាស​ស៊ី​ឡាក់​ដូច​ដែល​គេបាន​ធ្វើ ?​ យ៉ាងណា​ក៏​ដោយ​ រ៉ាក់​ វិឆ័យ​ ក៏​មាន​ស្នៀត​មួយ​ចំនួន​ពិបាក​មើល​ស្រាល​ផង​ដែរ​ ដូច​ជា​ជង្គង់ និង​កណ្តាប់​ដៃ​ បើ​ទោះ​ជា​គេ​មាន​សភាព​វាយ​ចេញ​ស្ពឹក​ ដែល​មិន​រហ័ស​​​ដូច​កីឡា​ករ​ឯម វិចិត្រ​ នោះ​ក៏​ដោយ ។​ ក្រុម​អ្នក​តាម​ដាន​និយាយ​ថា​ បើ ឯម វិចិត្រ​ រក្សា​ជំហរ​វាយ​បាន​ល្អ​ដូចការ​ជួបគ្នា​លើក​ទី​១ មាន​ន័យ​ថា រ៉ាក់ វិឆ័យ​ មិន​មែន​ជា​ដៃគូ​នោះ​ទេ ​ហើយ​បើ​ ឯម វិចិត្រ​ ស្រាប់​តែ​ពុះ​ពោរ​ដោយ​កំហឹង​ក្នុងការ​សង​សឹក​សម្រាប់​លើក​នេះ​ទៀត​ នោះ​ពិត​ជា​ធ្វើ​ឱ្យ រ៉ាក់ វិឆ័យ​ នឹង​កាន់​តែ​យ៉ាប់ ។​

បុ៉ន្តែ ឯម វិចិត្រ​ ក៏​ត្រូវ​ដាស់​ស្មារតី​ខ្លួន​ឯង​ឱ្យ​បាន​ជាប្រចាំ​ផង​ដែរ​ ដើម្បី​កុំ​ឱ្យ​ភ្លាត់​ស្នៀត​ថែម​ខុស​ ព្រោះតែ​ភាព​រហ័ស​នោះ ។​ ចំពោះ​ការ​ប្រកួតជម្រុះ​ជុំ​ទី​៣​ ឆ្ពោះ​ទៅ​កាន់​ការ​ដណ្តើម​ពាន​រង្វាន់ BTV ទម្ងន់​៥១​គីឡូ​ក្រាម​នៅ​ថ្ងៃ​សៅរ៍​នោះដែរ​ កីឡាករ​ចៅ រស់​ មក​ពី​ក្លិប​ចាក់​អង្រែ​មាន​ជ័យ​ ជួប​ប្រកួត​ជា​មួយ​កីឡា​ករ​អ៊ុន​ រតនា មក​ពីក្លិប​​តាឡី​ដំរី​មាន​ឫទ្ធិ​ ។ កាល​ពី​ជុំ​ទី​១​ កីឡាករ​អ៊ុន រតនា​ វាយចាញ់​ ជួប​ ជាង​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ក្នុង​ទឹក​ទី​៣​ និង​ជុំ​ទី​២​ វាយចាញ់ រិទ្ធ​ កៅ ដោយ​ពិន្ទុ​ ដែល​មាន​ន័យ​ថា​ ទោះ​ជា​គេ​ឈ្នះ​សម្រាប់​ជុំ​នេះ​ ក៏​នឹង​អស់​ឱកាស​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា ។​ ចំណែក ចៅ រស់​ គេ​​វាយ​ឈ្នះ​១​ប្រកួត និង​ចាញ់​១​ប្រកួត ដូច្នេះ​ហើយ​ទើប​ការ​យក​ឈ្នះ​លើ​កីឡាករ​អ៊ុន រតនា​ សម្រាប់​ល្ងាច​នេះ​គឺ​ជា​រឿង​សំខាន់​ ។ កាល​ពី​ជុំ​ទី​១​ ចៅ រស់​ វាយ​ឈ្នះ រិទ្ធ​ កៅ​ មក​ពី​ក្លិប​មជ្ឈ​មណ្ឌល​កីឡា​ ខ.ភ.ម​ ដោយ​ពិន្ទុ​ និង​ជុំ​ទី​២​ គេវាយ​ចាញ់​ពិន្ទុ​ ជួប​ ជាង​ អ្នក​ប្រដាល់​ក្លិប​និរោធ​មាន​ជ័យ ។​ ការប្រកួត​មួយ​គូ​ទៀត​ កីឡាករ​​រិទ្ធ​ កៅ​ មក​ពី​ក្លិប​មជ្ឈ​មណ្ឌល​កីឡា​ ខ.ភ.ម​ ប្រកួត​ជា​មួយ​កីឡា​ករ​ជួប ជាង​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ ។​ អ្នក​ប្រដាល់​ទាំងពីរ​នេះ​ជួបគ្នា​បី​ដង​ហើយ​ ដោយ​រិទ្ធ កៅ​ វាយចាញ់​ពីរដង​ និង ឈ្នះ​ម្តង ។​

ក្នុង​ជុំ​ទី​១​ រិទ្ធ​ កៅ វាយ​ចាញ់ ចៅ រស់​​ ដោយ​ពិន្ទុ​ និង​ជុំ​ទី​២ វាយ​ឈ្នះ​ អុ៊ន​ រតនា ដោយ​ពិន្ទុ ។​ ចំណែក ជួប ជាង​ នៅ​ជុំ​ទី​១​ វាយ​ឈ្នះ អ៊ុន​ ​រតនា​ ក្នុង​ទឹក​ទី​៣​ និង​ជុំ​ទី​២​ វាយ​ឈ្នះ ចៅ រស់​ ដោយ​ពិន្ទុ ។​ ដូច្នេះ​ពីរ​ប្រកួត​កន្លង​មក រិទ្ធ កៅ​ វាយ​ឈ្នះ​១​​ ចាញ់​១ បាន​៤​ពិន្ទុ ​ឯ​ជួប ជាង បាន​៦​ពិន្ទុ​ ដែល​មាន​ន័យ​ថា​ គេ​កំពុង​ជិះ​សេះ​លែង​ដៃ៕​