ខេត្តតាកែវ ៖ ឪពុកម្តាយ និងសាច់ញាតិបានត្រឹមតែអង្គុយឱបក្បាលជង្គង់បង្ហូរទឹកភ្នែក នឹកដល់ខ្មាសអស់បងប្អូននៅក្នុងភូមិ-ឃុំ និងភ្ញៀវដែលបានចែកធៀបការ ដើម្បីមកចូលរួមមង្គលការកូនស្រីដោយក្តីសប្បាយរីករាយបំផុត តែបានរលាយទៅវិញខណៈពេលជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែកូនស្រីរត់ចោលផ្ទះបាត់មិនដឹងទៅដល់ទីណា ធ្វើឱ្យឪពុកម្តាយខ្មាសញាតិពេញភូមិ និងសងថ្លៃបណ្ណាការទៅឱ្យខាងកូនកំលោះតែប៉ុណ្ណោះ ។
ហេតុការណ៍កូនក្រមុំរត់ចោលផ្ទះមិនព្រមចូលរោងការចោលកូនកំលោះនេះ បានកើតឡើងកាលពីថ្ងៃទី៤ មីនា ២០១៤ វេលាម៉ោង៨យប់ ស្ថិតនៅភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។
បើតាមសម្តីសាច់ញាតិខាងកូនក្រមុំបាននិយាយរៀបរាប់ថា កូនក្រមុំឈ្មោះអ៊ុន ចន្ទ្រា អាយុ១៨ឆ្នាំ ជាកូនបងក្នុងចំណោមកូនស្រី៣នាក់ នាងធ្វើជាកម្មកររោងចក្រកាត់ដេរនៅឯភ្នំពេញ ហើយនាងនឹងត្រូវចូលរោងការនៅថ្ងៃទី៧ មីនា ២០១៤ ដោយភ្ញៀវចូលរួមពិសាភោជនាអាហារនៅថ្ងៃទី៨ មីនា ។ ចំណែកកូនកំលោះដែលកូនក្រមុំរត់បាត់ឈ្មោះឈា មាន អាយុ៣២ឆ្នាំ រស់នៅភូមិស្លែងរមាំង ឃុំជំរះពេន ស្រុកសំរោង ។
សាច់ញាតិដដែលបន្តទៀតថា នៅថ្ងៃទី៥ មីនា ឪពុកម្តាយកូនក្រមុំបានជូនដំណឹងដល់ខាងកូនកំលោះឱ្យបានជ្រាប និងទទឹងរង់ចាំកូនស្រីត្រឡប់មកចូលរោងការវិញ តែនៅមិនឃើញមក លុះដល់ល្ងាចថ្ងៃទី៦ មីនា ២០១៤ ដើម្បីឱ្យខ្មាសគេ ព្រោះភ្ញៀវក៏បានហៅរួចរាល់អស់នោះ ឪពុកម្តាយក៏បានពិភាក្សាជាមួយខាងកូនកំលោះ ដោយលើកកូនស្រីប្អូនឈ្មោះអ៊ុន សិលា ភេទស្រី អាយុ១២ឆ្នាំ ឱ្យចូលរោងការជំនួស ដែលនាងកំពុងតែរៀនថ្នាក់ទី៧ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ ហើយរឿងនេះវាខុសនឹងច្បាប់កូនស្រីអត់ទាន់គ្រប់អាយុ ក៏បានដឹងដល់អាជ្ញាធរ ចុះទៅឃាត់មិនឱ្យរៀបចំឡើយ ។ លុះដល់ថ្ងៃទី៧ មីនា ២០១៤ នេះ ទាំងឪពុកម្តាយកូនក្រមុំ កូនកំលោះបានពិភាក្សាដោយភាគីខាងកូនក្រមុំបានឯកភាពសងថ្លៃបណ្ណាការទៅកូនកំលោះចំនួន២.៧៥០ដុល្លារអាមេរិក ដែលថ្លៃផ្ទះយកតែ១.៥០០ដុល្លារអាមេរិកនោះ ៕
ចែករំលែកព័តមាននេះ