ខេត្តប៉ៃលិន ៖ ផ្ទះមួយខ្នងជារបស់អតីតយោធាម្នាក់ដែលចងក.ធ្វើអត្តឃាតកាលពីជិត១០ថ្ងៃកន្លងទៅ ពេលនេះត្រូវបានក្រុមគ្រួសារប្រគេនផ្ទះដល់ព្រះសង្ឃឱ្យរុះរើឈើ និងស័ង្កសីយកទៅធ្វើសាលាឆាន់នៅវត្តសួស្តី កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៤ក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយការរុះរើផ្ទះអតីតយោធានេះ បានធ្វើឡើងដោយព្រះសង្ឃ ។
សូមបញ្ជាក់ផងដែរថា បុរសម្នាក់ជាមន្រ្តីយោធាសក្តិ៤កន្លះម្នាក់ បានយកខ្សែគោទៅចងព្យួរក.ជាប់នឹងធ្នឹមក្នុងផ្ទះរបស់ខ្លួន ដោយសារតែឈ្លក់នឹងល្បែងកាស៊ីណូ រស់នៅមិនចុះសម្រុងជាមួយប្រពន្ធរហូតលែងលះគ្នាបានរយៈពេលជាងមួយអាទិត្យ និងជំពាក់បំណុលធនាគារចំនួន៥.០០០ដុល្លារ បណ្តាលឱ្យគិតខ្លីក៏ចងក.ធ្វើអត្តឃាតតែម្តង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលទៅដេកយាមសពជនរងគ្រោះមិនទាន់ស្រាយចំណងនៅយប់ថ្ងៃកើតហេតុបានរៀបរាប់ឱ្យដឹងថា បន្ទាប់ពីជនរងគ្រោះចងក.សម្លាប់ខ្លួននៅក្នុងបន្ទប់ក្បែរបន្ទប់ទឹកនាពេលយប់នោះ សមត្ថកិច្ចមិនទាន់ហ៊ានស្រាយចំណងដើម្បីយកមកធ្វើកោសល្យវិច័យនៅឡើយទេ ពីព្រោះយប់ងងឹតពិបាកក្នុងការពិនិត្យ ក៏ទុកនៅរហូតដល់ព្រឹក តែនៅយប់ដដែលនោះ ស្រាប់តែមានសត្វស្លាបពណ៌ខ្មៅធំ១ក្បាល បានហើរចូលទៅក្នុងផ្ទះ ហើយក៏បុកដំបូលពេញទំហឹង បណ្តាលឱ្យសមត្ថកិច្ច និងលោកតាអាចារ្យដែលដេកកំដរសពទីនោះ នាំគ្នារត់ចែកជើងព្រាត លុះពេលបញ្ចាំងពិលឈួលមើលអត់ឃើញមានអ្វីនោះទេ ។
ប្រភពបានបន្តទៀតថា បន្ទាប់ពីឃើញដូច្នេះម្នាក់ៗបែកញើសធំៗប៉ុនគ្រាប់ពោត ដោយខ្លាចខ្មោចលងបន្លាច បណ្តាលឱ្យសមត្ថកិច្ចនិងលោកតាអាចារ្យដេកមិនលក់រហូតដល់ព្រឹក ទើបសមត្ថកិច្ចចូលទៅធ្វើកោសល្យវិច័យនិងស្រាយខ្សែចំណងដាក់ចុះមកក្រោម ។រីឯប្រភពពីស្រ្តីម្នាក់ដែលត្រូវជាបងប្អូនអតីតយោធារូបនោះបានរៀបរាប់ថា បន្ទាប់ពីគាត់ស្លាប់អស់រយៈពេលជិត១០ថ្ងៃ មនុស្សក្មេងចាស់ ប្រុស ស្រី ដែលរស់នៅក្នុងផ្ទះនេះ តែងតែនឹកខ្លាចរអារ ហើយក៏តែងនឹកស្រមៃឃើញហេតុការណ៍បុរសចងក.នៅជាប់នឹងភ្នែក និងអារម្មណ៍មិនអាចបំភ្លេចបាន ពេលខ្លះហាក់ដូចជាឃើញមានស្រមោលមនុស្សដើរនៅក្នុងផ្ទះ ។
ម្យ៉ាងវិញទៀត ក្មេងតូចៗនៅក្នុងផ្ទះនេះតែងតែនាំគ្នាខ្លាច ហើយយំនៅពេលយប់ដោយសង្ស័យថា មានខ្មោចមកលងបន្លាចដល់ពួកគេ ទើបប្រពន្ធជនរងគ្រោះ និងក្រុមគ្រួសារបានពិភាក្សាគ្នាប្រគេនផ្ទះ១ខ្នងនេះ ជូនដល់ព្រះសង្ឃឱ្យរុះរើយកឈើ និងស័ង្កសី ទៅធ្វើជាសាលាឆាន់ ។ ចំណែកសម្ភារប្រើប្រាស់ផ្សងៗនៅក្នុងផ្ទះ ម្ចាស់យករក្សាទុកខ្លួនឯង ព្រោះមានវត្ថុមានតម្លៃជាច្រើន ដូចជាតុ ទូ គ្រែ និងរបស់របរប្រើប្រាស់មួយចំនួនទៀត ។
ចែករំលែកព័តមាននេះ