ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋភូមិព្រៃខ្មែរជាង៥០០គ្រួសារ បានផ្តិតមេដៃជំទាស់នឹងគំរោងទឹកស្អាតរបស់អង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានសាងសង់ស្ថានីយទឹកស្អាតនៅទំនប់ឈ្វាំង ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
ដោយសារតែមានការប្តឹងទាស់បែបនេះហើយ ទើបនៅព្រឹកថ្ងៃទី០៦ មីនា
ក្រុមប្រឹក្សាឃុំ អភិបាលស្រុករលាប្អៀរ និងលោកអនុប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តជាម្ចាស់គំរោងបានប្រជុំជាមួយប្រជាពលរដ្ឋចំនួន១២០គ្រួសារជាអ្នកតវ៉ា នៅក្នុងវត្តត្រពាំងស្នោរ ដោះស្រាយបញ្ហានេះ ប៉ុន្តែមិនទទួលជោគជ័យ ។
លោក ឈឹម វុទ្ធា អភិបាលស្រុករលាប្អៀរ បានលើកឡើងថា គំរោងអភិវឌ្ឍន៏ទឹកស្អាតរបស់អង្គការខាងលើនេះ បានផ្តល់ជូនប្រជាពលរដ្ឋក្នុងសហគមន៏ភូមិព្រៃខ្មែរជាអ្នកប្រើប្រាស់ តាមសំណើរបស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្ត។ ចំណែកតម្លៃទឹកគឺសហគមន៍ជាអ្នកកំណត់ថ្លៃ ដើម្បីយកចំណូលបានមកពីការលក់ទឹកដែលសហគមន៏ជាអ្នកគ្រប់គ្រងដែរនោះ ទុកមកទូរទាត់ថ្លៃប្រេងបូមទឹក យកមកចម្រោះ និងចំណាយផ្សេងៗក្នុងការបំរើសេវាកម្មទឹកស្អាតឱ្យមានស្ថិរភាពទៅថ្ងៃមុខ ។ ដោយឡែកទឹកក្នុងទំនប់ឈ្វាំងប្រជាពលរដ្ឋក្នុងសហគមន៍មានសិទ្ធិប្រើប្រាស់ស្រោចស្រពដីស្រែ និងប្រើប្រាស់សម្រាប់មនុស្សសត្វជាធម្មតា។
លោក អ៊ំ ចំរើន អនុប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត បាននិយាយក្នុងកិច្ចប្រជុំថា គំរោងទឹកស្អាតនេះខាងមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត បានព្យាយាមស្នើសុំគំរោងនេះ ដែលមានទឹកប្រាក់៥២ពាន់ដុល្លារ ពីអង្គការដៃគូតាំងពីឆ្នាំ២០១០ ហើយបានសម្រេចនិងកំពុងធ្វើស្ថានីយទឹកស្អាតនៅទំនប់ឈ្វាំង ក្នុងឆ្នាំ២០១៣ មកដល់បច្ចុប្បន្ននេះ។ នៅក្នុងគំរោងទឹកស្អាតរបស់អង្គការអាចផ្គត់ផ្គង់ប្រជាពលរដ្ឋបាន២៥០ខ្នងផ្ទះ និងតបណ្តាញទុយយោមេចូលផ្ទះបានចំនួន២៥០កន្លែង ហើយស្ថានីទឹកស្អាតនេះគឺជាទ្រព្យសម្បត្តិរួមដែលប្រជាពលរដ្ឋក្នុងសហគមន៍ទំនប់ឈ្វាំងភូមិព្រៃខ្មែរជាម្ចាស់ និងជាអ្នកប្រើប្រាស់និងថែរក្សា។
តំណាងប្រជាពលរដ្ឋចំនួន០៥រូបបានឡើងបញ្ចេញមតិដូចៗគ្នាថា ពួកគាត់ប្រឆាំងដាច់ខាតនិងមិនឯកភាពឱ្យធ្វើស្ថានីយទឹកស្អាតនៅទំនប់ឈ្វាំងទេ ព្រោះថាមុនពេលធ្វើស្ថានីយទឹកស្អាតគ្មានអ្នកណាកោះប្រជុំប្រាប់ប្រជាពលរដ្ឋឡើយ សូម្បីតែលោកមេឃុំរលាប្អៀរក៏អត់បានដឹងដែរ ។ ក្រោយមកទើបប្រជាពលរដ្ឋបានដឹង ហើយពេលប្រជាពលរដ្ឋជាង៥០០នាក់នាំគ្នាផ្តិតមេដៃតវ៉ា ទើបថ្ងៃនេះកោះប្រជុំប្រាប់ ។
ប្រជាពលរដ្ឋបន្តថា កន្លងមកលោកមេភូមិចាស់ធ្លាប់ធ្វើឱ្យប្រជាពលរដ្ឋខកចិត្តជាច្រើនលើករួចមកហើយ ដូចជាការបិទទ្វារទំនប់ទឹកឈ្វាំងដោយឯកចិត្ត បានធ្វើឱ្យស្រែប្រជាពលរដ្ឋលង់លិចងាប់អស់មួយចំនួននិងមិនបានដោះស្រាយឱ្យប្រជាពលរដ្ឋស្ងប់ចិត្តឡើយ ។ ករណីឱ្យគេធ្វើស្ថានីយទឹកស្អាតនៅទំនប់ឈ្វាំងនេះក៏ដូចគ្នាខ្លាចពេលធ្វើស្ថានីយទឹកស្អាតរួចក្លាយជាកម្មសិទ្ធិឯកជន។ដូចច្នេះ ពួកគាត់សូមបដិសេធមិនឱ្យគេធ្វើស្ថានីយទឹកស្អាតជាដាច់ខាត ខ្លាចចាញ់បោកគេទៀត ៕
ចែករំលែកព័តមាននេះ