ខេត្តកំពត ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីតែងខ្លួនដូចប្រុសម្នាក់ ត្រូវសមត្ថកិច្ចចងក្រងឯកសារបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ ពាក់ព័ន្ធពីបទឆបោក (ដាក់ថ្នាំសណ្តំ) យកទ្រព្យសម្បតិ្តអ្នកដទៃដែលមានតម្លៃជាង១ពាន់ដុល្លារ ។
យោងតាមឯកសាររបស់សមត្ថកិច្ចខេត្តកំពតបានឲ្យដឹងថា ជនសង្ស័យជាស្ត្រីតែងខ្លួនដូចប្រុសខាងលើមានឈ្មោះ លី មិនហ៊ួរ អាយុ១៦ឆ្នាំ មុខរបរកម្មករឡនំបុ័ង នៅសូសូ គីរីវង្ស ចំណុចរង្វង់មូលគួរស្រូវ (ផ្លូវជាតិលេខ២) ត្រូវជាប់ចោទពីបទឆបោកយកទ្រព្យសម្បតិ្តអ្នកដទៃ ដែលមានតម្លៃសរុបជាងមួយពាន់ដុល្លារអាមេរិក ដោយការឃាត់ខ្លួននេះ ខណៈពេលម្ចាស់ទ្រព្យសម្បតិ្តឈ្មោះ ថុល ស្រីអូន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រនៅបិទត្រាងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៦ ខែសីហានេះ ។
ក្រោយពីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះទើបសមត្ថកិច្ចចុះស្រាវជ្រាវតាមឃាត់ខ្លួននារីជាជនឆបោកនោះនាំមកកាន់ស្នងការខេត្ត ដើម្បីធ្វើការសាកសួរ បន្ទាប់ពីបានចម្លើយពីជននោះសារភាពហើយ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ចាត់ការតាមនីតិវិធីច្បាប់ ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៣ ខែសីហានេះ នារីសង្ស័យឈ្មោះ លី មិនហ៊ួរ ខាងលើ បានឆបោកយកទ្រព្យសម្បតិ្តរបស់នារីកម្មការនីរោងចក្រឈ្មោះ ថុល ស្រីអូន នៅចំណុចភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត រួចគេចខ្លួនបាត់ ។ ចំពោះសម្ភារៈដែលត្រូវបាត់បង់រួមមានខ្សែកប្លាទីនមានតម្លៃ១.០០០.០០០រៀល ប្លាទីន២ខ្សែទៀត តម្លៃ ៦៤០.០០០រៀល ចិញ្ចៀនមាស១វង់(១ជី) តម្លៃ៧០០.០០០រៀល ចិញ្ចៀនប្លាទីន១វង់ទម្ងន់១ជី តម្លៃ៣០០.០០០រៀល ខ្សែជើងមួយខ្សែ តម្លៃ១.០០០.០០០រៀល លុយផ្ទាល់ខ្លួនចំនួន ៨០.០០០រៀល ព្រមទាំងទូរស័ព្ទដៃម៉ាក Oppo A7មួយគ្រឿងផងដែរ លុះមានពាក្យបណ្តឹង សមត្ថកិច្ចក៏តាមស្រាវជ្រាវរហូតក្របួចបានយកមកចាត់ការតាមនីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ