វៀតណាម ដែលជាប្រទេសនាំចេញអង្ករធំបំផុតទីពីនៅលើពិភពលោក នឹងស្តុកទុកអង្ករ១លានតោននៅក្នុងរដូវប្រមូលផលឆ្នាំនេះ ដើម្បីជួយបង្កើនតម្លៃ នេះបើយោងតាមអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ។សមាគមស្បៀងអាហារវៀតណាមនិយាយថា ការស្តុកអង្ករនឹងដំណើរពីខែមីនា ដល់ពាក់កណ្តាលខែមេសា ដែលនឹងប៉ះពាល់ដល់តំបន់ផលិតស្រូវធំបំផុតរបស់វៀតណាម នោះគឺតំបន់ដីសណ្តទន្លេមេគង្គ ។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនិយាយថា ស្រូវប្រមាណ១០,៣លានតោនត្រូវគេរំពឹងថាត្រូវបានផលិតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ អំឡុងពេលនេះ ។ ទំហំនាំចេញបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ហើយព្យាករថានឹងនៅតែទាបនៅខែក្រោយដោយសារតម្រូវការថមថយនៅក្នុងទីផ្សារពិភពលោក និងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីសំណាក់ប្រទេសដៃគូរនាំចេញអង្ករផ្សេងៗទៀតរួមមានថៃ ឥណ្ឌា និងមីយ៉ាន់ម៉ាជាដើម ។
ក្រុមហ៊ុននាំចេញជាច្រើនបានស្នើសុំឲ្យរដ្ឋាភិបាលបង្កើនការនាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា ប្រទេសចិន ឥណ្ឌូណេស៊ី និងហ្វ៊ីលីពីនជាដើម ។វៀតណាមគ្រោងនឹងនាំចេញអង្ករឲ្យបាន៧លានតោននៅក្នុងឆ្នាំនេះគិតជាទឹកប្រាក់ចំនួន២,៨៩ពាន់លានដុល្លារ ច្រើនជាងកាលពីឆ្នាំមុនដែលមានចំនួន៦,៨៨លានតោន ៕
ចែករំលែកព័តមាននេះ