រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះនៃការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្មក់ចូលឆែកឆេរក្នុងផ្ទះសំណាក់យីហោភ្នំមាស ចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីដែលជាជនសង្ស័យបានចំនួន៨នាក់ រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួនផង ។
មនុស្សប្រុសស្រីចំនួន៨នាក់នោះត្រូវបានកម្លាំងនៃការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានី ដែលមានលោកប៉ាន់ សុភាព ជានាយការិយាល័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ដឹកនាំដោយលោកឃួន សំអុល កម្លាំងនគរបាលបុ៉ស្តិ៍ផ្សារដើមថ្កូវ និងអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌដឹកនាំដោយលោកសៀង សុខ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួននៅផ្ទះសំណាក់ភ្នំមាស បន្ទាប់ពីសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀននៅក្នុងបន្ទប់ដែលពួកគេស្នាក់នៅ ។ ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១៩ ថ្ងៃទី៥ មីនា ស្ថិតនៅផ្ទះសំណាក់ភ្នំមាសដែលមានម្ចាស់ឈ្មោះ គង់ សេង ភេទប្រុស អាយុ៥៩ឆ្នាំ និងមានទីតាំងនៅអគារលេខ២០២ និងលេខ២០៣ តាមបណ្តោយផ្លូវលេខ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ការចុះឆែកឆេរផ្ទះសំណាក់ភ្នំមាសរបស់កម្លាំងចម្រុះកាលពីយប់នោះដែរ បានឆែកឆេរចំនួន៦បន្ទប់ ដែលនៅក្នុងបន្ទប់នីមួយៗនៃផ្ទះសំណាក់ គឺបានរកឃើញវត្ថុតាងថ្នាំញៀនប្រភេទក្រាមពណ៌ស និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំស្ទើរតែគ្រប់បន្ទប់ផងដែរ ។ ពេលឃើញបែបនេះសមត្ថកិច្ចបានបន្តចូលឆែកឆេរបន្ទប់ផ្សេងទៀត ទោះបីបន្ទប់នោះមិនឃើញមានមនុស្សនៅខាងក្នុងក៏ដោយ ។ ជនសង្ស័យទាំង៨នាក់ដែលកម្លាំងចម្រុះឃាត់ខ្លួនបានរួមមាន ១-ឈ្មោះ ទិត្យ សុវណ្ណធី ភេទប្រុស អាយុ២៥ឆ្នាំ ២-ឈ្មោះ រស់ ដាលី ភេទប្រុស អាយុ២៩ឆ្នាំ ៣-ឈ្មោះ គុយ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ១៩ឆ្នាំ ៤-ឈ្មោះ ឡេ សុជាតិ ភេទប្រុស អាយុ២៥ឆ្នាំ ៥-ឈ្មោះ ជិត ពិសី ភេទស្រី អាយុ១៩ឆ្នាំ ៦-ឈ្មោះ ភាព ភក្ត្រា ភេទប្រុស អាយុ១៩ឆ្នាំ ៧-ឈ្មោះ សុខ ធីតា ភេទប្រុស អាយុ២៦ឆ្នាំ និង៨-ឈ្មោះ យី សុវណ្ណារ៉ា ភេទប្រុស អាយុ២២ឆ្នាំ រួមជាមួយនឹងម៉ូតូចំនួន៧គ្រឿងដែលមាននៅក្នុងផ្ទះសំណាក់នេះ ។
នេះជាសកម្មភាពចុះឆែកឆេរដ៏ធំមួយធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមកចោមរោមមើល ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ឈ្មោះ គង់ សេង និងឈ្មោះ នេត សុនីន ភេទប្រុស អាយុជាង៣០ឆ្នាំ ជាមេការ រួមទាំងវត្ថុតាងដែលបានរកឃើញយកទៅកាន់ការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនរាជធានីដើម្បីសាកសួរ និងស្រាវជ្រាវជាបន្តទៅទៀត ព្រមទាំងបានបិទអាជីវកម្មផ្ទះសំណាក់នេះជាបណ្តោះអាសន្នផងដែរ ៕
ចែករំលែកព័តមាននេះ