រាជធានីភ្នំពេញ ៖ នៅរាជធានីភ្នំពេញ យូរៗម្តង ចរន្តអគ្គិសនីដាច់រលត់អស់មួយចំហៀងក្រុង ទាំងគ្មានជូនដំណឹងមុន ដោយសារមូលហេតុគ្រឿងចក្រលើកដាក់សម្ភារនានា បានធ្វើឱ្យប៉ះដល់ខ្សែតង់ស្យុងខ្ពស់ ។
ជាក់ស្តែង នៅម៉ោង១១ព្រឹក ថ្ងៃទី៥ មីនា ឆ្នាំ២០១៤ ចរន្តអគ្គិសនីនៅភ្នំពេញបានដាច់អស់រយៈពេលជាង១ម៉ោង រលត់អស់មួយចំហៀងរាជធានី គួរឱ្យកត់សម្គាល់ និងឆ្ងល់ណាស់ ភ្លើងសម្បូរទៅហើយ ហេតុអ្វីនៅដាច់ទៀត ? ការរលត់ភ្លើងមួយចំហៀងរាជធានីនេះ មន្ត្រីអគ្គិសនីមួយរូបទទួលបន្ទុកប្រធានខណ្ឌបណ្តាញនៅសាខាអគ្គិសនីអូរបែកក្អម ប្រាប់កោះសន្តិភាពថា មានដាច់ចរន្តជាង១ម៉ោងមែន ដោយសារគ្រឿងចក្រខួងដីមួយគ្រឿង បានធ្វើសកម្មភាពលើកសម្ភារបណ្តាលឱ្យដងសន្ទូចរបស់ខ្លួនប៉ះខ្សែតង់ស្យុង 115 KV ពី GS2-GS3 ដែលស្ថិតនៅចន្លោះបង្គោលលេខ៣៤១-៣៤២ ។ ការប៉ះនេះ សាក្សីនៅតំបន់កើតហេតុនិយាយថា មានសំឡេងផ្ទុះប្រៀបដូចគ្រាប់ផ្លោង គឺលាន់កក្រើកដី គួរឱ្យខ្លាច ។
មន្ត្រីទទួលបន្ទុកបណ្តាញដដែលនិយាយថា ការធ្វើឱ្យប៉ះពាល់ដល់តង់ស្យុងខ្ពស់នេះ បណ្តាលឱ្យភ្លើងរលត់មួយចំហៀងភ្នំពេញ ព្រោះអនុស្ថានីយទី៣ អូរបែកក្អមលោតភ្លើងទាំងស្រុង មិនអាចផ្គត់ផ្គង់អគ្គិសនីអស់ពេលជាង១ម៉ោង ខាតបង់ចំពោះអង្គភាព ក្រុមហ៊ុននានា និងអតិថិជនមិនតិចឡើយ ។ បន្ទាប់ពីបាតុភាពនេះកើតមាន គណៈកម្មការមួយត្រូវបានបង្កើតឡើងធ្វើការពិនិត្យ និងកត់ត្រាច្បាស់លាស់ពីមូលហេតុនៃការប៉ះពាល់ដើម្បីដោះស្រាយតាមច្បាប់ ។ ក្រោយពីពិនិត្យរួចរាល់ វត្ថុតាងគ្រឿងចក្រដែលជាអ្នកបង្ក ត្រូវបានឃាត់ទុកនៅប៉ុស្តិ៍នគរបាលបឹងទំពន់នោះ គឺគ្រឿងចក្រខួងគ្រឹះមួយរបស់ម្ចាស់ឈ្មោះ ទ្រី វណ្ណា ។ ប្រភពព័ត៌មានឱ្យដឹងថា លោក ទ្រី វណ្ណា បានបដិសេធមិនទទួលខុសត្រូវលើការចោទប្រកាន់នេះទេ ប៉ុន្តែគណៈកម្មការដែលចុះពិនិត្យរកឃើញមានស្នាមឆ្នូតមួយខ្សែលើដងសន្ទូចនៃគ្រឿងម៉ាសុីនខួងដីនេះ ដែលបានប៉ះទៅលើទីតាំងខ្សែតង់ស្យុង 115KV ព្រមទាំងមានសាក្សីបានប្រាប់នៅពេលផ្ទុះកក្រើកដីនេះ ទៀតផ្សេង ។ ការផ្ទុះនេះបណ្តាលឱ្យបុរសម្នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
មន្ត្រីជំនាញខ្សែបណ្តាញនិយាយថា ខ្សែបណ្តាញតង់ស្យុងខ្ពស់នេះ មិនចាំបាច់លើកប៉ះទេ សូម្បីនៅចម្ងាយ៣ម៉ែត្រពីខ្សែ ក៏ឆ្លងចរន្តផ្ទុះដែរ ដែលកម្លាំងឆ្លងនេះខាងអគ្គិសនីបានផ្សព្វផ្សាយជាហូរហែមកហើយ ៕
ចែករំលែកព័តមាននេះ