រាជធានីភ្នំពេញ ៖ នៅលើរេញទូរទស្សន៍បាយ័នស្ទឹងមានជ័យ នាល្ងាចថ្ងៃសុក្រ ទី៧ មីនានេះ កីឡាករជើងខ្លាំង២រូប គឺកីឡាករឯម វត្ថា មកពីក្លិបឫទ្ធីពោធិសែនជ័យ និងកីឡាករម៉ន លីហួរ មកពីក្លិបព្រែកឯងកីឡា នឹងឡើងរេញជាថ្មីទៀតហើយដើម្បីការពារមុខមាត់ និងរក្សាក្រេឌីតដូចគ្នា ។ សំណួរមួយកំពុងលើកឡើងថា តើរវាងពួកគេនឹងបន្តខ្លាំងដូចគ្នាដដែល ឬយ៉ាងណា?
ការប្រកួតរបស់កីឡាករជើងខ្លាំងទាំងពីរនេះ ហាក់ធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនគួរសម ខណៈដែលម្នាក់ត្រូវការប្រកួតដើម្បីរក្សាតំណែងមិនឱ្យសិស្សប្អូនបំបាក់បាន និងម្នាក់ទៀតត្រូវការឈ្នះដើម្បីកុំឱ្យដៃគូសងសឹកសម្រេចគោលដៅ ។ ដ្បិតថា ពួកគេបានឡើងរេញប្រកួតខុសដៃគូគ្នា បុ៉ន្តែឆន្ទៈនិងគោលដៅ គឺមិនខុសគ្នាឡើយ ដោយមិនមានហេតុផលណាមួយធ្វើឱ្យពួកគេសម្រេចចិត្តលក់ខ្លួនបោះចោលកិត្តិយសនោះទេ ។ យ៉ាងណាក៏ដោយ សំណាងឬជ័យជម្នះ វាមិនអាចគ្រាន់តែនិយាយ ហើយក្លាយជាការពិតនោះទេ ដោយសារតែដៃគូដែលឡើងប៉ះជាមួយកីឡាករទាំងពីរល្ងាចនេះត្រូវគេមើលឃើញថា ក៏មានជំនឿមុតមាំដូចគ្នាថានឹងឈ្នះពួកគេនៅលើរេញ ។ កីឡាករឯម វត្ថា ត្រូវប្រកួតជាមួយកីឡាករផង់ សុភាព មកពីក្លិបប្រដាល់ខេត្តរតនគិរី ក្នុងតំណែងជាគូឯក និងកីឡាករម៉ន លីហួរ ឡើងត្រូវប្រកួតជាមួយកីឡាករអាន សុផល មកពីក្លិបមិត្តប៉ូលិស ក្នុងនាមគូសងសឹក ។
រវាងកីឡាករឯម វត្ថា និងកីឡាករផង់ សុភាព ពួកគេមិនធ្លាប់ជួបគ្នាឡើយ បុ៉ន្តែកីឡាករផង់ សុភាព ត្រូវគេមើលឃើញថា ជាអ្នកប្រដាល់ស្រករក្រោយដែលមានកម្រិតប្រកួតមុតស្រួចទាំងដៃ ទាំងកែង និងជង្គង់ល្អ ដែលពិបាកមើលស្រាល ។ មុននេះបន្តិច កីឡាករផង់ សុភាព ទើបតែផ្តួលកីឡាករចៅ ផលឌឿ មកពី ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ដែលអ្នកណាក៏ទទួលស្គាល់ថា ជាជើងខ្លាំងម្នាក់ឱ្យបរាជ័យដោយពិន្ទុនៅលើរេញ ទើបលទ្ធផលនោះជួយឱ្យគេឈានមកប៉ះជាមួយកីឡាករឯម វត្ថា។ ក្រុមអ្នកស្នេហាវិស័យកីឡាប្រដាល់មិនគិតថា ផង់ សុភាព ចិត្តធំ ឬថ្លើមពាសមេឃនោះទេ បន្ទាប់ពីមើលឃើញថា គេមានសន្ទុះវាយលុក និងជ័យជម្នះគ្រប់គ្រាន់សម្រាប់ឡើងរេញជាមួយកីឡាករសិស្សច្បង និងនាំមុខខាងប្រជាប្រិយភាព ឯម វត្ថា ដោយភាពស័ក្តិសម ។ ទាំងអស់នេះហើយដែលរុញឱ្យមានការតាមដាន និងចង់ដឹងថា តើ ឯម វត្ថា អាចទប់កណ្តាប់ដៃសិស្សប្អូនម្នាក់នេះបាន ឬត្រូវអាម៉ាស់នៅលទ្ធផលចុងក្រោយ ។ ដ្បិតថា កីឡាករឯម វត្ថា មានផ្លែល្អ ទាំងកណ្តាប់ដៃ ទាំងស្នៀតជើង និងកែង បុ៉ន្តែការប្រកួតលើកចុងក្រោយរបស់គេបានឈ្នះកីឡាករផល សុផាត មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយពិន្ទុ ក្នុងរូបភាពប្រផិតប្រផើយបំផុត បើទោះជា ផល សុផាត ត្រូវគេចាត់ទុកថា ជាខ្លាចាស់បាក់ចង្កូមរួចទៅហើយ ។ យ៉ាងណាក៏ដោយ សម្រាប់ក្រេឌីតក្នុងការគាំទ្រកីឡាករឯម វត្ថា មានកម្រិតខ្ពស់ជាង ទើបដាច់ខាតកីឡាករឯម វត្ថា ត្រូវតែរក្សាក្រេឌីតនេះដោយមិនអាចចាញ់កីឡាករផង់ សុភាព បានទេ បើទោះជាស្ថិតក្នុងហេតុផលអ្វីក៏ដោយ ។
ចំណែកកីឡាករម៉ន លីហួរ ក៏ត្រូវបានគេមើលឃើញថា បានក្លាយខ្លួនជាកីឡាករលេចធ្លោនៅក្នុងពិភពប្រដាល់ផងដែរ បន្ទាប់ពីយកឈ្នះផ្ទួនៗទៅលើដៃគូបន្តបន្ទាប់ ។ ជំនួបរវាងគេ និងកីឡាករអាន សុផល កំពុងក្លាយជាចំណុចរសើបមួយដែលនាំទៅដល់ការចោទសួរថា តើអ្នកណានឹងឈ្នះសម្រាប់ថ្ងៃនេះ ។ រវាងពួកគេធ្លាប់បានជួបគ្នាកាលពីលើកមុនម្តងហើយ ដោយកីឡាករម៉ន លីហួរ បានបំបាក់កីឡាករអាន សុផល យ៉ាងចាស់ដៃនៅលើរេញក្នុងរយៈពេល៥ទឹក ។ ម៉ន លីហួរ ជាកីឡាករវ័យក្មេងកម្លាំងពេញ និងមានភាពរហ័សក្នុងការវាយលុក ។ ចំពោះផ្លែដៃ និងការទាត់ចេញរបស់កីឡាកររូបនេះ ក៏មានចំណុចលេចធ្លោមិនអាចមើលស្រាលផងដែរនាពេលកន្លងមក ។ ទោះបីយ៉ាងណា កីឡាករអាន សុផល ក៏មិនមែនជាបាវសាក់ដែល ម៉ន លីហួរ អាចស៊ីបានផុយៗក្នុងការប្រកួតនោះដែរ បើទោះជាគេមិនសូវមានផ្លែដៃល្អ និងជាអ្នកប្រដាល់ដែលមានការវាយលុកមិនសូវហ៊ានប្រថុយប្រថានខ្ពស់ក្តី ។ នៅគ្រប់កាលៈទេសៈនៃការវាយលុក កីឡាករអាន សុផល ត្រូវគេមើលឃើញថា មិនសូវវាយសម្រុកក្នុងរូបភាពកំរោលចូលទេ បុ៉ន្តែបើគេវាយចេញ គឺបានផលតែម្តង ដែលអាចនិយាយបានថា កម្រើកផ្នែកណានៃរាងកាយ គឺត្រូវចំគោលដៅ ឬបានទទួលពិន្ទុពេញៗ ។
ក្រុមអ្នកតាមដានហាក់មិនមានជំនឿចិត្តថា ម៉ន លីហួរ ឈ្នះឡើយ នៅពេលគិតដល់ចំណុចខ្លាំងម្តុំៗរបស់ អាន សុផល ។ រវាងកីឡាករឯម វត្ថា និងម៉ន លីហួរ ពួកគេត្រូវការឈ្នះខ្លាំងជាងដៃគូសម្រាប់ការប្រកួតក្នុងពេលបន្តិចទៀតនេះ បើធៀបនឹងការឈ្នះរបស់កីឡាករជាដៃគូ ៕
ចែករំលែកព័តមាននេះ