ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​​បើក​ការ​ប្រកួត​​ប្រដាល់​​ដណ្តើម​​ខ្សែ​ក្រវាត់​​ស្រា​បៀរ​ Black Panther នៅ​ដើម​​ខែ​ក្រោយ​​នេះ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​កម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា​ សហការ​ជា​មួយ​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ CAMBROW, Ltd បាន​ប្រកាស​នៅ​ក្នុង​សន្និ​សីទ​កាសែត​ស្តី​ពី​ការ​រៀបចំ​ការ​​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ Black Panther ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូ​ក្រាម​ជា​លក្ខណៈ​ទេសចរណ៍​ចំនួន​៧​ខេត្ត​-រាជ​ធានី​ រួម​ទាំង​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​យុទ្ធ​នា​ការ​​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ ខាង​មុខ ។​

រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​កម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា​ សហការ​ជា​មួយ​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ CAMBROW, Ltd បាន​ប្រកាស​នៅ​ក្នុង​សន្និ​សីទ​កាសែត​ស្តី​ពី​ការ​រៀបចំ​ការ​​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ Black Panther ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូ​ក្រាម​ជា​លក្ខណៈ​ទេសចរណ៍​ចំនួន​៧​ខេត្ត​-រាជ​ធានី​ រួម​ទាំង​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​យុទ្ធ​នា​ការ​​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ ខាង​មុខ ។​

សន្និសីទ​កាសែត​នោះ​បាន​រៀបចំធ្វើ​​កាល​ពី​ថ្ងៃទី​៤ មីនា​ នៃ​ទីស្នាក់​ការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ដោយ​មាន​ការ​ចូលរួម​ពីលោក​វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា, លោក​ឧត្តម​សេនីយ៍​ឯក តែម​ ម៉ឺន​ ប្រធានសហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ តំណាង​ក្រុម​ហ៊ុន​ CAMBROW, Ltd និង​កីឡាករ​ជា​ច្រើន​នាក់ ។​ សម្រាប់​ការ​ប្រកួត​នេះ​មាន​កីឡាករ​ប្រដាល់​ចំនួន​១២​នាក់​ចូលរួម​ ដោយ​ធ្វើ​ការ​ចាប់​ឆ្នោត​តាម​ពូល​ក្នុង​មួយ​ពូលៗ​មាន​៦​នាក់ ។​ ​ពូល A រួម​មាន​ កីឡាករ​សួស​ យ៉ាត​ (ក្លិប​កង​ទ័ព​ជើង​ទឹក)​, កីឡាករ​សល់​ ប៊ុន​ហូវ​ (ក្លិប​កុសល​កីឡា), កីឡាករ​ឃឹម​ ពេជ្រ​ចិន្តា​ (ក្លិប​បូរី​នាគ​រាជ)​, កីឡាករ​សោម​ តឿទី​ (ក្លិប​ខ្លា​រខិន​មាន​រិទ្ធ), កីឡា​ករ​ផល ​សីហា​ (ក្លិប​យុវ​ជន​កម្ពុជា​​មាន​ជ័យ) និង​កីឡាករ​តក់​ សោភ័ណ្ឌ​ (ក្លិប​អេ​ភូ​ថង​កីឡា​) ។​ សម្រាប់​ពូល​B វិញ​មាន​កីឡាករ​​ផាន់​ សុវណ្ណ (ក្លិប​មិត្ត​ប៉ូលិស)​, កីឡាករ​ឡុង​ ប៊ុន​រ៉ាត់​ (ក្លិប​សាល​វ័ន្ត​កីឡា),​ កីឡាករ​ឈិន ក្វាន់​ងុ៉យ​ (ក្លិប​មកុដ​រាជ​សីហ៍​), កីឡាករ​នួន​ សេត​សង់​ (សមា​គម​ក្រសួង​ការពារ​ជាតិ),​ កីឡាករ​ឡៅ ផានាថ​ (ក្លិប​រស្មី​កុមារ​កំព្រា)​ ​និង​កីឡាករ​កែវ​ វិរៈ​ (ក្លិប​ព្រះ​ខ័ន​រាជ​)​ ។​

លោក​វ៉ាត់ ចំរើន​ បាន​មានប្រសាសន៍​ថា​ ក្បាច់​គុន​បុរាណ​ខ្មែរ​ពិត​ជា​ល្អ​ជាង​គេ​ ទាំង​កម្លាំង​កាយ និង​បច្ចេក​ទេស​ក្នុង​ការប្រកួត ។​ មិន​ត្រឹម​តែ​បុ៉ណ្ណោះ​ ការប្រកួត​នេះ​ធ្វើ​ឡើង​មាន​គោល​បំណង​​ ក៏ដូច​ជា​គោល​ដៅសំខាន់​៣ គឺ​ទី១​ ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​យុទ្ធ​នាការ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ ទៅ​តាម​បណ្តា​ខេត្ត ។​ ទី​២​ ផ្សព្វ​ផ្សាយ​យុទ្ធនាការ​ប្រជាជន​មួយ​រូប​ចេះ​កីឡា​មួយ​ប្រភេទ​ និង​ទី​៣ ត្រៀម​កីឡា​ប្រដាល់​ដាក់​ក្នុង​វិញ្ញាសា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣ ។​ លោក​តែម​ ម៉ឺន បាន​ធ្វើ​ការ​ក្រើន​រំលឹក​ដល់​កីឡា​ករ​ទាំង​អស់​ ធ្វើ​យ៉ាងណា​ប្រកួត​ឱ្យ​អស់​ពីលទ្ធ​ភាព​ ទោះ​ជា​ដឹង​ថា​ខ្លួន​មាន​ពិន្ទុ​តិច​ជាង​គេ ឬ​ចាញ់​នៅបាត​តារាង​ក៏​ដោយ​ ដើម្បី​ធ្វើ​ខ្លួន​ជា​គំរូ​ដល់​ថ្នាល​ជំនាន់​ក្រោយ​ ជាពិសេស​នោះ​ទទួល​បាន​ការ​ស្រឡាញ់​ពេញ​ចិត្ត​ពីប្រជា​ជន​តាម​តំបន់​នីមួយៗ ។​ លោក​បន្ត​ថា​ សហ​ព័ន្ធបាន​រៀបចំ​គណៈ​កម្មការបច្ចេក​ទេស​ និង​បំពាក់​បំប៉ន​ចំណេះ​ដឹង​បន្ថែម​ដើម្បី​ដឹកនាំ ក៏​ដូច​ជា​កាត់​សេចក្តី​ឱ្យ​មាន​ភាព​យុត្តិ​ធម៌​សម្រាប់​ការ​ប្រកួត​តាម​ខេត្ត-​រាជ​ធានី​ ។​ មួយ​វិញ​ទៀត​ ការប្រកួត​ដែល​មាន​លក្ខណៈ​ផ្សព្វ​ផ្សាយ​នេះ​នឹង​ធ្វើ​ឱ្យ​​អ្នក​ទស្សនា​គិត​ថា​ កីឡាប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ពិត​ជា​មាន​វិសាល​ភាព​ធំ​ធេង​ ជាប្រភេទ​កីឡា​ប្រយុទ​្ធ​ តែ​មិន​មែន​កាច​សាហាវ​ដោយ​ការ​ប្រកួត​ចាញ់​ឈ្នះ​ជា​លក្ខណៈ​បច្ចេក​ទេស​ ។ មួយ​វិញ​ទៀត​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​លេង​កីឡា​នាំ​មក​នូវ​មិត្តភាព​ សាមគ្គី​ភាព​ ជាពិសេស​ទទួល​បាន​សុខ​ភាព​ល​្អ​ផង​ដែរ ។​

ការ​​ប្រកួត​ប្រដាល់​ខាង​លើ ​នឹង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤​ តទៅ​ ដោយ​មាន​ខេត្ត​៧ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដែល​ដំបូង​ខេត្ត​កំពង់​ធំ បន្ទាប់​មក​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ខេត្ត​សៀម​រាប​ក្នុង​ពិធី​មហា​សង្ក្រាន្ត ហើយ​បន្ត​ចេញ​ដំណើរ​ទៅ​កាន់​ខេត្ត​ឧត្តរ​មាន​ជ័យ​, បន្ទាយ​មាន​ជ័យ​, ព្រះ​វិហារ, ស្វាយ​រៀង​, កំពង់​ចាម​ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​​នៅ​រាជ​ធានី​ភ្នំពេញ​​តែម្តង​​ក្នុង​អំឡុង​ខែ​មិថុនា​ ខាង​មុខ ។​ ចំពោះ​ប្រាក់​រង្វាន់​វិញ​ ចំណាត់​ថ្នាក់​លេខ​១​ ទទួលបាន​ខ្សែ​ក្រវាត់​មួយ​ ប្រាក់​១.៧០០​ដុល្លារ​ និង​រង្វាន់​ផ្សេងៗ​ទៀត ។​ លេខ​២​ ទទួលបាន​ទឹក​ប្រាក់​១.០០០​ដុល្លារ​ និង​រង្វាន់​ផ្សេង​ទៀត​ ។ លេខ​៣​ ទទួល​បាន​​ទឹក​ប្រាក់​៦៥០​ដុល្លារ​ និង​រង្វាន់​ផ្សេង​ទៀត​ និង​លេខ​៤​ ទទួលបានទឹក​ប្រាក់​៣៥០​ដុល្លារ​ និង​រង្វាន់​​ផ្សេង​ទៀត​ ៕