រាជធានីភ្នំពេញ ៖ បើទោះជាមុននេះបន្ដិច កីឡាករជើងខ្លាំងរបស់ប្រទេសកម្ពុជាផ្នែកវាយកូនបាល់ដ៏ល្បីល្បាញលោកប៊ុន កេន្នី បានក្លាយជាម្ចាស់ពាន BMW Malaysia National Cir cuit 2014 Leg1 ដែលទើបនឹងបញ្ចប់នៅក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ ក៏បញ្ហារបួសស្មាដែលលោកបានជួបប្រទះកាលពីការប្រកួតលើកមុននៅតែជាឧបសគ្គដែលត្រូវគេមើលឃើញថា នឹងពិបាកក្លាយជាកីឡាករលំដាប់ពិភពលោកដូចការចង់បានជាថ្មី ។
ចាប់តាំងពីកីឡាករកម្ពុជារូបនេះ បានផ្ដួលកីឡាករជើងខ្លាំងនៅក្នុងព្រឹត្ដិការណ៍ BMW Malaysia National Circuit 2014 Leg1 ហើយជាន់ពន្លិចកីឡាករជើងខ្លាំងពិភពលោករហូតដល់១២៨នាក់ទទួលបានចំណាត់ថ្នាក់ជាម្ចាស់ពានមក មិនមែនត្រឹមតែអ្នកគាំទ្រលោកនៅ ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ពោលគឺសូម្បីតែអ្នកគាំទ្រកីឡាវាយកូនបាល់នៅលើពិភពលោកក៏ផ្ដោតការកោតសរសើរចំពោះកីឡាករវ័យ២៣ឆ្នាំរូបនេះដូចគ្នា ។ ពិសេសនៅពេលដែលលោកត្រូវគេដឹងថា នៅមិនទាន់ត្រឡប់មកកាន់សភាពដូចដើមនៃការរងរបួសផង តែអាចដណ្ដើមបានមុខមាត់បន្ទាប់ពីឆ្លងផុតការសម្រាកព្យាបាល ។ ក្រោយជ័យជម្នះ ហាក់ធ្វើឱ្យមានការចោទសួរយ៉ាងខ្លាំងថា លោកនឹងអាចក្លាយជាកីឡាករស្ថិតក្នុងបញ្ជីរបស់ពិភពលោកក្នុងឆ្នាំ២០១៤នេះឬយ៉ាងណា ខណៈដែលបញ្ហារបួសបានធ្វើឱ្យលោករបូតចេញពីបញ្ជីដ៏សំខាន់នេះទៅហើយនោះ ។ លោកបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកក្រោយស្ពាយពានមកពីប្រទេសម៉ាឡេស៊ីថា នឹងប្រឹងប្រែងហ្វឹកហាត់ ហើយឆ្ពោះទៅកាន់តំណែងជាកីឡាករលំដាប់ពិភពលោកជាថ្មី នៅក្នុងអំឡុងឆ្នាំ២០១៤នេះ ។
ប៉ុន្ដែលោកបានសម្ដែងជំហរមិនជឿជាក់ខ្លួនឯង ចំពោះឆន្ទៈនេះឡើយ ដោយសារតែបញ្ហាសណ្ដកឆ្អឹងស្មា ក្នុងពេលប្រើកម្លាំងវាយខ្លាំង និងដួលកាលពីការប្រកួតលើកមុននៅមិនទាន់ដូចដើម ។ ប៊ុន កេន្នី ប្រាប់ថា អ្វីៗគ្រាន់តែជាការតាំងចិត្ដ និងការពុះពាររបស់លោកប៉ុណ្ណោះ ប៉ុន្ដែចំពោះលទ្ធផលនៅមិនទាន់អាចកំណត់ទុកបានទេ ក្នុងពេលដែលកីឡាករជើងខ្លាំងថ្មីៗ កាន់តែរំកិលខ្លួនឆ្ពោះទៅក្នុងបញ្ជីពិភពលោក ស្របគ្នានឹងបញ្ហាស្មារបស់លោក ក៏មិនទាន់វិលមកកាន់សភាពដើម ដែលអាចឱ្យលោកប្រើកម្លាំងយារចេញ ក្នុងពេលប្រកួតបានល្អនៅឡើយនោះ។ មុនកើតមានបញ្ហារបួស គ្មានអ្នកណាមិនដឹងនោះទេ ថាលោកត្រូវគេចុះក្នុងបញ្ជីជាកីឡាករជើងខ្លាំងផ្នែកវាយកូនបាល់របស់ពិភពលោក ក្នុងចំណាត់ថ្នាក់លេខ១០៦០ និងក្រោយមកបានឡើងមកកាន់ចំណាត់ថ្នាក់លេខ៩០០ កាលពីឆ្នាំ២០១៣ ។ ប៉ុន្ដែចំណាត់ថ្នាក់នេះត្រូវបានជ្រុះផុតបញ្ជីបន្ទាប់ពីបញ្ហារបួសបានក្លាយជាឧបសគ្គដែលបង្ខំឱ្យលោកបរាជ័យក្នុងការរក្សាតំណែង។ ក្រោយជ័យជម្នះនៅក្នុងប្រទេសម៉ាឡេស៊ី ប៊ុន កេន្នី បញ្ជាក់ថា កំពុងធ្វើឱ្យលោកមានកម្លាំងចិត្ដ និងជំនឿចិត្ដក្នុងការដណ្ដើមយកតំណែងមកវិញ។ អីុចឹងហើយ ទើបការប្រឹងប្រែងហ្វឹកហាត់ និងក្ដីរំពឹងបានស្ថិតនៅក្នុងផ្នត់គំនិតរបស់លោកជាថ្មីសម្រាប់ការមានឈ្មោះក្នុងបញ្ជីពិភពលោកក្នុងឆ្នាំនេះ ។ យ៉ាងណាក៏ដោយ ក្ដីសង្ឃឹមនេះ ត្រូវជឿជាក់ក្នុងពេលមិនគិតពីបញ្ហារបួសដែលបានកើតឡើងប៉ុណ្ណោះ ។ ប៉ុន្ដែនៅពេលគិតដល់ចំណុចនេះ លោកបែរជាស្រងាកចិត្ដ និងខ្វះទំនុកចិត្ដទាំងស្រុងទៅវិញ ។
ប៊ុន កេន្នី បន្លុយពាក្យដោយក្ដីមន្ទិលថា ប្រសិនបើគ្មានបញ្ហារបួសស្មាធ្វើទុក្ខនោះវានឹងមានសង្ឃឹមច្រើនក្នុងការប្រកួត ដើម្បីដណ្ដើមយកតំណែងនោះមកវិញ ប៉ុន្ដែក្នុងពេលស្ថានភាពនេះនៅមិនទាន់ប្រសើរទាំងស្រុងបែបនេះ គឺមានតែរង់ចាំមើលស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ ដោយមិនអាចកំណត់ថា ការប្រឹងប្រែងហាត់តែមួយមុខ នឹងធ្វើឱ្យសម្រេចឆន្ទៈក្នុងការប្រកួតក្នុងពេលដ៏ខ្លីនោះ ។ ប៊ុន កេន្នី គឺជាកីឡាករវាយកូនបាល់ខ្មែរកាត់បារាំងដែលក្រៅពីមានសមត្ថភាពខ្ពស់និងល្បីល្បាញក្នុងពិភពកីឡាមួយនេះ លោកក៏ត្រូវអ្នកគាំទ្រផ្ដោតការចាប់អារម្មណ៍ព្រោះតែមានមុខមាត់ និងរូបរាងសង្ហារនោះផងដែរ ។ យ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រនៅតែជូនពរឱ្យលោកទទួលបានជោគជ័យក្នុងការប្រកួតដណ្ដើមយកតំណែងជាជើងខ្លាំងពិភពលោកជាថ្មីក្នុងឆ្នាំនេះមកវិញ បើទោះជាដឹងថា បញ្ហារបួសនៅតែជាឧបសគ្គដ៏ធំក្នុងការសម្រេចគោលដៅក្ដី៕
ចែករំលែកព័តមាននេះ