ក្នុងការបោះឆ្នោតទុកចិត្តលើសេចក្តីព្រាងច្បាប់ដែលតាក់តែងឡើងដើម្បីប្រតិបត្តិនូវប្រព័ន្ធហៅទូរស័ព្ទបន្ទាន់ eCall សភាសហគមន៍អឺរ៉ុបបានប្រកាសនូវសេចក្តីស្នើរបស់ខ្លួនរហូតដល់ខែតុលា ឆ្នាំ២០១៥ ។ ប្រព័ន្ធហៅទូរស័ព្ទជាបន្ទាន់ eCall គឺជាឧបករណ៍ដែលត្រូវបានបង្កើតឡើងដើម្បីប្រកាសជូនដំណឹងដល់សេវាកម្មជួយសង្គ្រោះដោយស្វ័យប្រវត្តិប្រសិនបើរថយន្តជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ។ ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះ នឹងត្រូវបានដំឡើងបំពាក់នៅលើរថយន្តស៊េរីថ្មីគ្រប់ម៉ូដែលនៅក្នុងតំបន់អឺរ៉ុប ដើម្បីកាត់បន្ថយនូវកម្រិតធ្ងន់ធ្ងរនៃគ្រោះថ្នាក់ ខណៈដែលនៅក្នុងឆ្នាំ២០១២ មានអ្នកស្លាប់ចំនួន២៨.០០០នាក់ និង១,៥លាននាក់ផ្សេងទៀតបានរងរបួស ។
តាមការបញ្ជាក់ពីលោក Olga Sehnalova ដែលមានទំនាក់ទំនងស៊ីជម្រៅជាមួយនឹងសហគមន៍អឺរ៉ុប បានឱ្យដឹងថា ការចេញផ្សាយជាសាធារណៈនូវប្រព័ន្ធហៅទូរស័ព្ទជាបន្ទាន់ទូទាំងតំបន់អឺរ៉ុបជាសញ្ញាបង្ហាញនូវសមិទ្ធផលដ៏មានសារសំខាន់សម្រាប់ការពារសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវនៅតំបន់នោះ ។ ហើយមនុស្សប្រមាណជា២.៥០០នាក់ អាចនឹងត្រូវបានសង្គ្រោះជីវិតជារៀងរាល់ឆ្នាំនៅតំបន់អឺរ៉ុប ក៏ដូចជាការជួយសម្រាលគ្រោះថ្នាក់ដល់អ្នករងរបួសធ្ងន់ ដែលអាចនឹងត្រូវបានកាត់បន្ថយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងហេតុការណ៍រាប់ពាន់ករណី។ ម៉្យាងទៀត eCall នឹងមិនតម្រូវឱ្យបញ្ចូលភ្លើងនោះឡើយ ដែលវាផ្តល់ភាពងាយស្រួល និងគុណប្រយោជន៍ដ៏ប្រសើរបំផុតចំពោះអ្នកប្រើប្រាស់រថយន្ត ។
គួរកត់សម្គាល់ថា ប្រព័ន្ធហៅទូរស័ព្ទដោយស្វ័យប្រវត្តិនេះ នឹងបើកកិច្ចប្រតិបត្តិការរបស់ខ្លួននៅក្នុងករណីបុកទង្គិចជាយថាហេតុ គឺវានឹងហៅទៅកាន់លេខសង្គ្រោះបន្ទាន់១១២ភ្លាមៗ តាមរយៈបច្ចេកវិទ្យាដែលផ្តល់កម្លាំងរំញ័រដល់អាជ្ញាធរដោយស្វ័យប្រវត្តិ ៕
ចែករំលែកព័តមាននេះ