រាជធានីភ្នំពេញ ៖ សកម្មជនដីធ្លីមកពីសហគមន៍បឹងកក់និងបុរីកីឡាចំនួន០៣នាក់ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង០៨និង១០នាទីព្រឹកថ្ងៃទី០៥ មីនា ឆ្នាំ២០១៤ ខណៈពេលសកម្មជនទាំងនោះនាំគ្នាបិទច្រកទ្វារចេញចូលសាលារាជធានីភ្នំពេញ។
ទាក់ទិននឹងការឃាត់ខ្លួនអតីតអ្នកភូមិបឹងកក់និងសកម្មជនសហគមន៍បុរីកីឡានេះ លោកគឹម វុត្ថា ប្រធានផ្នែកសណ្តាប់ធ្នាប់ខណ្ឌដូនពេញបានឲ្យដឹងថា អតីតអ្នកភូមិបឹងកក់និងសកម្មជនសហគមន៍បុរីកីឡា ប្រមាណជា១០នាក់ បាននាំគ្នាប្រមូលផ្តុំនៅច្រកចេញចូលសាលារាជធានីភ្នំពេញ ដែលជាម៉ោងមន្ត្រីរាជការសាលារាជធានីភ្នំពេញ ធ្វើការងារ បើទោះជាសមត្ថកិច្ចបានសុំឲ្យពួកគេចាកចេញពីច្រកចេញចូលនោះទៅកន្លែងផ្សេងក៏ដោយ។ ដោយមានបទបញ្ជាពីអភិបាលសាលារាជធានីភ្នំពេញ ក៏ដូចជាតាមការណែនាំពីលោកអភិបាលខណ្ឌដូនពេញ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនស្ត្រី០៣នាក់ ក្នុងនោះអតីតបឹងកក់២នាក់ដែលមានគោលបំណងសុំគោលនយោបាយ ដោះស្រាយបន្ថែម រីឯម្នាក់ទៀតជាសកម្មជនបុរីកីឡា គោលបំណងសុំឲ្យសាលារាជធានីពន្លឿនដោះស្រាយលំនៅឋានឲ្យបានឆាប់។ ប្រជាពលរដ្ឋបឹងកក់ម្នាក់បាននិយាយថា ស្ត្រី០៣នាក់ដែលត្រូវបានឃាត់ខ្លួននោះរួមមាន ទី១-ឈ្មោះ សៀ ណារ៉េត ,ទី២-ឈ្មោះ អ៊ឹម ស្រីតូច និងទី៣-ឈ្មោះ សាត ជា ។
លោកប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញបានបញ្ជាក់ថា ស្ត្រី០៣នាក់ដែលឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺដើម្បីរក្សាសណ្តាប់ធ្នាប់ ក្រោយមកឲ្យពួកគេធ្វើកិច្ចសន្យានិងដោះលែង ៕
ចែករំលែកព័តមាននេះ