ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា សុំ​ចុះ​​បញ្ជី​សមា​គម ឬ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​នៅ​ក្រសួង​មហា​ផ្ទៃ​ទាល់​តែ​ចំណាយ​លុយ​ពី​៥០០​​ដុល្លារ​ទៅ​២.០០០​ដុល្លារ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​ពី​បុគ្គ​លិក​សមា​គម ឬ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល និង​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​មួយ​ចំនួន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​សុំ​ចុះ​ឈ្មោះ និង​ទទួល​​ស្គាល់​ពី​សមា​គម ឬ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ផ្លូវការ​ពីសំណាក់​ក្រសួង​មហា​ផ្ទៃ សាម៉ី​សមា​គម ឬ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​រត់​ការ​ដោយ​ចំណាយ​លុយ​ចាប់​ពី​៥០០​ដុល្លារ​ទៅ​២.០០០​ដុល្លារ

រាជធានីភ្នំពេញ ៖ ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​ពី​បុគ្គ​លិក​សមា​គម ឬ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល និង​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​មួយ​ចំនួន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​សុំ​ចុះ​ឈ្មោះ និង​ទទួល​​ស្គាល់​​សមា​គម ឬ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ផ្លូវការ​ពីសំណាក់​ក្រសួង​មហា​ផ្ទៃ សាម៉ី​សមា​គម ឬ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​រត់​ការ​ដោយ​ចំណាយ​លុយ​ចាប់​ពី​៥០០​ដុល្លារ​ទៅ​២.០០០​ដុល្លារ ទៅ​តាម​ប្រភេទ​​សកម្ម​​ភាព​ និង​បេសក​​កម្ម​​របស់​សមា​គម ឬ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​នោះ ។

ប្រភព​​បាន​បន្ត​ដោយ​លើក​ជា​ឧទាហរណ៍​ថា ប្រសិន​បើ​សមា​គម​ ឬ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ធ្វើ​សកម្ម​ភាព​លើ​ផ្នែក​អប់រំ​​ សុខា​ភិបាល ឬ​សង្គម​កិច្ច​ នោះ​ត្រូវ​រត់​ការ​ចាប់​ពីថ្នាក់​មូល​ដ្ឋាន​ រហូត​ទៅ​ដល់​ក្រសួង​ត្រូវចំណាយ​ចាប់​ពី​៥០០​ដុល្លារ​ទៅ​ដល់​១.០០០​ដុល្លារ ប៉ុន្តែ​បើ​សមា​គម​ធ្វើ​សកម្ម​ភាព​លើ​ផ្នែក​ឥណទាន​ (មីក្រូ​ហិរញ្ញ​វត្ថុ) នោះ​ត្រូវ​រត់​ការ​ដូចគ្នា​ខាង​លើ​នេះ ដោយ​ចំណាយ​ចាប់​ពី​១.០០០​ដុល្លារ​ទៅ​២.០០០​ដុល្លារ ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក​នាយ​ឧត្តម​​​សេនីយ៍​ ខៀវ សុភ័គ ​មិន​អាច​ទាក់​ទង​តាម​ទូរស័ព្ទ​​ ដើម្បី​សុំ​សេច​ក្តី​អត្ថាធិ​ប្បាយ​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី៥ មីនា ២០១៤ ។ យ៉ាង​ណា​ក៏​ដោយ ប្រធាន​ការិយា​ល័យ​​គ្រប់​គ្រង​សមា​គម និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​នៃ​នាយក​ដ្ឋាន​កិច្ច​​ការ​នយោ​បាយ​ក្រសួង​មហា​ផ្ទៃ លោក​ឆាន់ ចន្ទ​សុភក្តិ បាន​បដិ​សេធ​​រាល់​ការ​ចោទ​ប្រកាន់​​ខាង​លើ ដោយ​ថា ជា​រឿង​មិន​ពិត ព្រោះ​មន្ត្រី​ ឬ​បុគ្គ​លិក​របស់​លោក​ពុំ​ដែល​រត់​ការ​នោះ​ទេ ប៉ុន្តែ​បើ​មាន​អ្នក​ខាង​ក្រៅ​រត់​ការ​ លោក​ក៏​មិន​ដឹង​នោះ​ដែរ ។

បើ​តាម​លោក​ប្រធាន​ការិយា​ល័យ​គ្រប់​គ្រង​សមា​គម និង​អង្គ​ការ​​ក្រៅ​រដ្ឋា​ភិបាល​​ដដែល ​ការ​សុំ​ចុះបញ្ជី​ទទួល​ស្គាល់​ផ្លូវ​ការ​ពី​ក្រសួង​មហា​ផ្ទៃ​ត្រូវ​ចំណាយ​ត្រឹម​តែ​៥.០០០​រៀល​ប៉ុណ្ណោះ លើ​ការ​ទិញ​ពាក្យ និង​សំណុំ​បែប​បទ​ក្នុង​ការ​ចុះ​បញ្ជី​សមា​គម​ ឬ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល ៕