រាជធានីភ្នំពេញ ៖ រហូតមកដល់រសៀលថ្ងៃទី២៥ សីហា ស្នូរសំឡេងស៊ីរ៉ែនរថយន្តពន្លត់អគ្គិភ័យ នៅតែបញ្ចេញសំឡេងយ៉ាងគ្រលួចនៅលើកំណាត់ផ្លូវលេខ២៧១ ឆ្ពោះទៅកាន់កន្លែងដែលឆេះ តាំងតែពីថ្ងៃទី២៣ សីហាកន្លងមកនេះមានរយៈពេល២យប់៣ថ្ងៃហើយនោះ គឺភ្លើងឆេះរោងចក្រផលិតពូក ដ៏ធំមួយកន្លែង ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ8BT ក្រុម៤ ក្នុងភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មុខមន្ទីរពេទ្យរុស្ស៊ីឆ្ងាយបន្តិចដែលមកដល់ពេលនេះគ្រោះអគ្គិភ័យបានបំផ្លាញអស់គ្មានសល់។
ទីតាំងផលិតពូកដ៏ធំមួយនេះ ស្ថិតនៅលើផ្ទៃដីប្រមាណ១ហិកតា ដោយសង់ឡើងពីរបងថ្ម ប្រង់ស័ង្កសី រួមជាមួយអគារដ៏ធំ កម្ពស់៦ជាន់នៅជាប់គ្នាផងដែរសម្រាប់ស្តុកផលិតផលសម្រេច ។ ការឆេះដ៏ខ្លាំងក្លានោះពិតជាមិនធ្លាប់មានប្រវត្តិពីមុនមកនោះទេ ក្នុងរាជធានីភ្នំពេញ ដែលការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៤៥ជើង និងប្រើប្រាស់ទឹកមានប្រមាណជាង៣០០គ្រឿងឯណោះ ។ តាំងពីហេតុការណ៍កើតឡើងនៅរសៀលថ្ងៃ២៣ សីហា រហូតដល់វេលារសៀលថ្ងៃទី២៤ សីហា ទើបអាចគ្រប់គ្រងអណ្តាតភ្លើងបាន១០០ភាគរយ ពោលគឺការឆេះ មានរយៈពេលរហូតទៅដល់ជាង២០ម៉ោង ។
បើយោងតាមប្រភពព័ត៌មាន ពីក្រុមកម្មកររោងចក្រខាងលើ ឱ្យដឹងថា នៅមុនពេលកើតហេតុ បានឮសូរសម្លេងផ្ទុះចេះពីកាប៊ីនភ្លើងនៃរោងចក្រនេះ លុះមិនបានប៉ុន្មានផងក៏បានការឆ្លងចរន្តភ្លើង រួចបង្កជាអណ្តាតភ្លើងឆេះខ្សែភ្លើង និងរាលដាលដល់សម្ភារដែលសុទ្ធតែជ័រដែលមានក្នុងរោងចក្រ ហើយឆេះកាន់តែខ្លាំងឡើងៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករកម្មការិនីរត់ជាន់ជើងគ្នាប្រសាចយករួចខ្លួន ។
សូមបញ្ជាក់ថា ជុំវិញការឆេះខាងលើ ដែលមានរយៈពេលរហូតដល់២យប់៣ថ្ងៃនេះ គេសង្គេតឃើញវត្តមានថ្នាក់ដឹកនាំជាច្រើនរូប បានចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពនៅទីតាំងនោះដូចជា លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រេាះមហន្តរាយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស លោកឧត្តមសេនីយ៍ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការនិងពន្លត់គ្រោះអគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងវត្តមានលោកឧត្តមសេនីយ៍ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌ បានដឹកនាំកម្លាំងចុះផ្ទាល់ដើម្បីជួយអន្តរាគមន៍ និងដើម្បីរក្សានូវសណ្តាប់ធ្នាប់របៀបរៀបរយ នៅកន្លែងកើតហេតុផងដែរ ។
ជំុវិញគ្រោះអគ្គិភ័យដែលពំុធ្លាប់កើតមាននៅក្នុងភូមិសាស្ត្ររាជធានីនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ឱ្យដឹងថា រយៈពេល២យប់៣ថ្ងៃកន្លងមកនេះ គណៈកម្មាធិការ រួមជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការជួយសង្គ្រោះដល់ទីតាំងដែលឆេះនេះ ដោយកម្លាំងចម្រុះទាំងអស់បានផ្លាស់ប្តូរវេនគ្នាជាបន្តបន្ទាប់ក្នុងការបន្តប្រតិបត្តិការរបស់ខ្លួន ដើម្បីពន្លត់អណ្តាតភ្លើងរហូតបានរលត់ទាំងស្រុង១០០ភាគរយ មិនឱ្យមានការរីករាលដាលទៅដល់លំនៅឋាន្ឋដ៏ទៃទៀតដែលនៅក្បែរនេាះ ។
លោកទេសរដ្ឋមន្ត្រីបន្តថា សម្រាប់អគាររោងចក្រទាំងមូល គឺត្រូវភ្លើងឆេះអស់ទាំងស្រុងទៅហើយ ដូច្នេះហើយគណៈកម្មាធិការជាតិ ដែលមានលោកជាអនុប្រធានទី១ និងអាជ្ញាធរទាំអស់បានសម្រេចរុះរើ កម្ទេចទីតាំងទាំងមូលចោលតែម្តង ដោយត្រូវវាយបំផ្លាញអគារទាំង២ដែលត្រូវភ្លើងឆេះមានកម្ពស់៦ជាន់។ តាមការអះអាងបញ្ជាក់ឱ្យដឹងពីក្រុមមន្ត្រីជំនាញផ្នែកសំណង់ ដែលទទួលបន្ទុកវាយកម្ទេចអគារធំៗ នៃទីតាំងរោងចក្រដែលឆេះនេះ បានឱ្យដឹងថា ចំពោះថេរវេលាដែលក្រុមជំនាញត្រូវប្រើពេលក្នុងការរុះរើ និងវាយកម្ទេចអគារទាំងមូលចោលនោះ គឺត្រូវចំណាយពេលក្នុងចន្លោះពី១៥ ទៅ២០ថ្ងៃ ដោយត្រូវប្រើអេស្កាវ៉ាទ័ររហូតទៅដល់៧គ្រឿង រថយន្តជាច្រើនគ្រឿងសម្រាប់ដឹកកាកកសំណល់ចេញ រួមទាំងរថយន្តជាប្រភេទរថយន្តសម្រាប់វាយកម្ទេចថ្មផងដែរ ។
ក្រុមមន្ត្រីដដែលបញ្ជាក់ថា ការវាយកម្ទេច គឺត្រូវបែងចែកជា២ដំណាក់កាល ដំបូង ត្រូវប្រើអេស្កាវ៉ាទ័រវាយទម្លុះរបងជញ្ជាំងជាមុនសិន រួចចូលទៅវាយកម្ទេចដែកដែលត្រូវភ្លើងឆេះ ហើយកាយប្រមូលដឹកចេញ ដើម្បីយកបរិវេណដីឱ្យទំលំទូលាយ ទើបឈានដល់ដំណាក់កាលពី២ ឈានទៅវាយកម្ទេចអគារកម្ពស់៦ជាន់តែម្តង ។ លោកថា អំឡុងនៃការវាយកម្ទេចនោះ ក៏មានក្រុមមន្ត្រីនគរបាលផ្នែកអគ្គិភ័យ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចាំបាញ់ទឹកអមជាមួយការវាយ និងកាយជានិច្ច ដើម្បីងាយស្រួលទប់ស្កាត់ ក្រែងកើតមានអណ្តាតភ្លើងឆេះឡើងមកវិញផងដែរ ។
សូមបញ្ជាក់ថា ចំពោះស្ថានភាពផ្លូវនៅជំុវិញតំបន់កើតហេតុ គឺត្រូវបានបិទចរាចរណ៍ធ្វើដំណើរទៅមកទាំងស្រុង ដោយមានកម្លាំងចម្រុះជាច្រើននាក់ ដាក់កម្លាំងឈរចាំយាមកាមផងដែរ មិនឱ្យពលរដ្ឋ ឬអ្នកដំណើរចូលបានឡើយ ក្រែងកើតមានគ្រោះថ្នាក់ផ្សេងៗដល់ពួកគេ កំឡុងពេលប្រតិបត្តិការវាយកម្ទេចអគាររបស់ក្រុមមន្ត្រីជំនាញផ្នែកសំណង់ និងក្រុមសមត្ថកិច្ច ។ ទន្ទឹមនឹងនោះរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក៏បានត្រៀមនៅជុំវិញតំបន់នោះផងដែរ ។
មហន្តរាយដោយអគ្គិភ័យដ៏ធំមួយនេះ គឺបានបំផ្លាញអគាររោងចក្រទាំងស្រុងដែលមានអគារធំៗចំនួន២ខ្នង មួយខ្នងកម្ពស់៤ជាន់ និងមួយខ្នងទៀតកម្ពស់៦ជាន់ រួមទាំងទីតាំងសង្វាក់ផលិតកម្ម ដោយបានឆេះឧបករណ៍ និងម៉ាស៊ីនផលិតជាច្រើនគ្រឿង រួមទាំងផលិតផលសម្រេចរួចអស់ជាច្រើនផងដែរ ដែលសរុបគិតជាទឹកប្រាក់ គឺអស់ប្រហែលជិត៤លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ