ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានី​ភ្នំពេញ​បំភ្លឺ​ជុំវិញផេ​ក​លោកស្រី​ទ្រី​ ដា​ណា បង្ហោះសារ​រឿង​​ឆែក​ជាតិ​អាល់កុល​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផេ​ក​លោកស្រី ទ្រីដា​ណា បង្ហោះ​ថា «​ការ​រស់នៅ​រាល់ថ្ងៃ​រាង​ពិបាក​ណាស់

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផេ​ក​លោកស្រី ទ្រីដា​ណា បង្ហោះ​ថា «​ការ​រស់នៅ​រាល់ថ្ងៃ​រាង​ពិបាក​ណាស់ តាំងពី​មក​នៅផ្ទះ​ម្តុំ​សែន​សុខ​នេះ​» ពេល​យប់​ចេញចូល​ផ្ទះ​ត្រូវ​បាន​សមត្ថកិច្ច​ឆែក​ជាតិ​អាល់កុល​ឡាន​របស់​គាត់​រាល់ពេល ។

ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បំភ្លឺ​បកស្រាយ​ជូន​សាធារណជន​ថា អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ នា​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អនុវត្ត​ត្រួតពិនិត្យ​ជាតិ​ស្រវឹង នៅ​លើ​កំណាត់​ផ្លូវ​ភ្នំពេញ​-​ហាណូយ ខាង​មុខ​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ លុះដល់​ម៉ោង​ប្រហែល​១២​និង​៥៣​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​បានឃើញ​រថយន្ត ១​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២BS-២២២២ មាន​ម៉ូតូ ២​គ្រឿង តាម​ពីក្រោយ ធ្វើ​ដំណើរ​ពី​ខាងត្បូង​ទៅ​ខាងជើង ។

លុះ​រថយន្ត​នោះ ធ្វើ​ដំណើរ​មក​ដល់​ជិត​គោលដៅ​សមត្ថកិច្ច​អនុវត្ត​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​សញ្ញា​ឲ្យ​អ្នកបើកបរ​រថយន្ត​ចូល​កន្លែង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ប៉ុន្តែ​បែរ
ជា​រថយន្ត​​នោះ​មិន​បាន​សហការ​ចូល​មក​កន្លែង​ត្រួតពិនិត្យ និង​បាន​បត់​ឆ្វេង​មិន​ចូល​គោលដៅ​ត្រួតពិនិត្យ ។

ភ្លាម​នោះ កម្លាំង​សមត្ថកិច្ច​សង្ស័យ​ថា រថយន្ត​នោះ​បើក​គេចវេះ​ក៏​បាន​ដេញ​តាម ហើយ​កាក់
រថយន្ត​នោះ​ឲ្យ​ឈប់ និង​អញ្ជើញ​អ្នក​បើករថយន្ត​ចូល​សហការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ទើប​ម្ចាស់​រថយន្ត​ព្រម​សហការ​និង​ចូល​មក​កន្លែង​ត្រួតពិនិត្យ ។ ពេល​អ្នក​បើករថយន្ត​ដោះ​ម៉ាស​ចេញ ទើប​សមត្ថកិច្ច​ស្គាល់​ថា​ជា​ស្វាមី​របស់​លោកស្រី ទ្រី ដា​ណា ហើយ​គាត់​ក៏​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ដោយ​រលូន​គ្មាន​ការ​តវ៉ា​អ្វី​នោះ​ទេ ។

នៅ​ក្នុង​ការ​បំភ្លឺ​បាន​បញ្ជាក់​ថា បន្ទាប់​មក​ក៏​បាន​ផ្លុំ​ជាតិ​អាល់កុល ជា​លទ្ធផល​គាត់​គ្មាន​ផ្ទុក​ជាតិ​អាល់កុល​ក្នុង​ខ្លួន​នោះ​ទេ ។ កម្លាំង​សមត្ថកិច្ច ក៏​បាន​ថ្លែងអំណរគុណ​ម្ចាស់​រថយន្ត​ដែល​ព្រម​សហការ និង​អនុញ្ញាត​ឲ្យ​គាត់​បន្ត​ធ្វើ​ដំណើរ ។

តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះអនុវត្ត​ពិនិត្យ​ជាតិ​ស្រវឹង​តាម​ផែនការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ មិន​បាន​ចុះ​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​នោះ​ទេ ក្នុង​១​ស​ប្តា​ហ៍​អនុវត្ត ៤​ដង គិត​ចាប់ពី​ម៉ោង​១១​យប់ រហូត​ដល់​ម៉ោង​២​រំលង​អធ្រាត្រ ហើយ​ការ​ចុះ​អនុវត្ត​គឺ​ចល័ត​គោលដៅ ។

នៅ​គោលដៅ​ខាង​មុខ​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី កំណាត់​ផ្លូវ​ភ្នំពេញ​-​ហាណូយ គឺ​មួយ​អាទិត្យ​សមត្ថ​កិច្ច​ចុះ​ត្រួតពិនិត្យ ២​ដង​ប៉ុណ្ណោះ មិន​ដូច​ការ​លើក​ឡើង​ថា ចុះ​ចាប់​រាល់ថ្ងៃ​នោះ​ទេ ។

ដោយឡែក ចាប់តាំងពី​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ចុះ​អនុវត្ត​រឹត​បន្តឹង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​រហូត​មក​ដល់​ពេល​នេះ គឺ​សមត្ថកិច្ច​យើង​មិន​ដែល​ហៅ​ត្រួតពិនិត្យ​រថយន្ត​លោកស្រី ទ្រី ដា​ណា នោះ​ទេ ទើបតែ​ហៅ​១​លើក​នេះ​តែ​ប៉ុណ្ណោះ កាលពី​យប់មិញ នៅ​គោលដៅ​ខាងលើ គឺ​ស្វាមី​គាត់​ជា​អ្នកបើកបរ ។

ការ​ចុះ​អនុវត្ត​រឹត​បន្តឹង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​គឺ​កម្លាំង​សមត្ថកិច្ច អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សំដៅ​ឲ្យប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍និង​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ។ ម្យ៉ាងវិញទៀត ការ​ចុះ​អនុវត្ត​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​នៅ​ពេល​យប់ បើ​យោង​តាមរបាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​ភាគច្រើនចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជា​ពិសេស​សង្កេត​ឃើញ​បទល្មើស​ចរាចរណ៍​បាន​ថយ​ចុះ​ផង​ដែរ ។

តាម​ផេ​ក​លោកស្រី ទ្រី ដា​ណា «​ទ្រី​ដា​ណា Dana Try» បាន​បង្ហោះ​ថា ការ​រស់នៅ​រាល់ថ្ងៃ​រាងពិបាក​​​ណាស់ តាំងពី​មក​នៅផ្ទះ​ម្តុំ​សែន​សុខ​នេះ ផលលំបាក​របស់ខ្ញុំ​គឺ​នៅ​ពេល​យប់​តែ​ម្ដង ចំ​ពេល​ដែល​គេ​ឆែក​ជាតិ​អាល់កុល​គឺជា​រៀង​រាល់ពេល​គឺ​ឡាន​ខ្ញុំ​ត្រូវ​តែ​ចូល​ឆែក​គ្រប់ពេល មិន​ថា​ឈឺ​ថ្កាត់​យប់​ព្រលប់​មក​ពី​មន្ទីរពេទ្យ​ឬ​ក៏​មក​ពី​ផ្ទះ​ខ្ញុំ​នៅ​ហាង​ពេជ្រ ឬ​ក៏​មក​ពី​ធ្វើការ​អី គឺ​ត្រូវ​តែ​ចូល​ពិនិត្យ​ជាតិ​អាល់​ល់​កុ​ល​គ្រប់ពេល ។ ខ្ញុំ​រស់នៅ​ផ្លូវ​ច្រកចូល​ផ្ទះ​ខ្ញុំ​ជា​រៀង​រាល់ពេល មនុស្ស​ខ្ញុំ គោរព​ច្បាប់​ណាស់ ខ្ញុំ​មិន​ដែល​បំពាន​ម្តងណា​ទេ ហៅ​ខ្ញុំ​ចូល​ពេល​ណា​ក៏​ខ្ញុំ​ចូល​ដែរ ខ្ញុំ​សហការ​ជា​និច្ច ។ តែ​ម្តងនេះ​មិនដឹង​ជា​យ៉ាងម៉េច មាន​ចេតនា​ឬ​យ៉ាងណា ? ម្តងនេះ ដំបូង​ហៅ​ចូល ប្តី​ខ្ញុំ​ក៏​បើករថយន្ត​ចូល ស្រាប់តែ​ឱ្យ​ចេញ​វិញ រួច​ក៏​នាំ​គ្នា​រត់​មក​ព័ទ្ធ​ឡាន​របស់ខ្ញុំ​ហើយ​ថត​ព្រោងព្រាត ដូច​ខ្ញុំ​ជា​ជនល្មើស គ្រប់ពេល​ខ្ញុំ​សហការ​គ្រប់ពេល​តែ​ម្តង​ហ្នឹង​ម៉េច​អុ​ី​ចឹ​ង ?

ខ្ញុំ​ភ័យ​ណាស់ ឱ្យ​តែ​យ៉ាង​ៗ​នេះ ខ្ញុំ​ប្រាកដជា​អាយុ​ខ្លី​មិន​ខាន ទើប​ចេញពី​ពេទ្យ​មក​ផង ។ ខ្ញុំ​ចង់​តែ​លក់​ផ្ទះ​ចោល លែង​ចង់​រស់នៅ​ទីនោះ​ទៀត​ហើយ ព្រោះ​ការងារ​របស់ខ្ញុំ​ស្ទើរ​រ​រៀងរាល់ថ្ងៃ​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់ ការ​ធ្វើ​ដំណើរ​ពី​ផ្ទះ​នៅ​ព្រែក​ព្នៅ​មក​សែន​សុខ ។ ពេល​ខ្លះ​ត្រូវ​ចុះ​ផ្លុំ​ជាតិ​អាល់កុល​គ្រប់ពេល ហើយ​ចំ​ពេល​ដូច​ករណី​នេះ​ខ្ញុំ​ប្រាកដជា​អាយុ​ខ្លី​ហើយ​ខ្ញុំ​ភ័យ​ណាស់ ខ្ញុំ​លែង​ចង់​រស់នៅ​ទី​ហ្នឹង​ទៀត​ហើយ​និយាយ​មែន ព្រោះ​គេ​ដាក់​ចំ​ផ្លូវ​ចូល​ផ្ទះ​ខ្ញុំ​តែ​ម្តង ព្រោះ​គួរ​ឱ្យ​ខ្លាច​ខ្លាំង​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ