ជីវិតជនពិកាជើងទាំង២ រស់នៅបានដោយការសុំទាន
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ បើគេធ្វើដំណើរទៅសួនកុមារ ទល់មុខនឹងសាលាខេត្តប៉ៃលិន ដើម្បីនាំកូនចៅដើរ
ខេត្តប៉ៃលិន ៖ បើគេធ្វើដំណើរទៅសួនកុមារ ទល់មុខនឹងសាលាខេត្តប៉ៃលិន ដើម្បីនាំកូនចៅដើរ
ខេត្តប៉ៃលិន ៖ បើគេធ្វើដំណើរទៅសួនកុមារ ទល់មុខនឹងសាលាខេត្តប៉ៃលិន ដើម្បីនាំកូនចៅដើរលេងកម្សាន្តនៅទីនោះ នាពេលយប់ គេនឹងប្រទះឃើញបុរសវ័យចំណាស់ម្នាក់ អាយុជិត៨០ឆ្នាំ ពិការជើងទាំងសងខាង ប្រើដៃរុញរទេះឆ្វែលចុះឡើងៗ នៅជុំវិញសួនកុមារ សុំប្រាក់ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីផ្គត់ផ្គង់ជីវភាព និងទុកខ្លះសម្រាប់បង់ថ្លៃផ្ទះជួលស្នាក់នៅផងដែរ។
បើតាមការរៀបរាប់ពីបុរសពិការវ័យចំណាស់ ឈ្មោះ អ៊ំ ផល អាយុ៧៩ឆ្នាំ បានឱ្យភ្នាក់ងារយើងដឹងថា ៖ ពីមុនគាត់ជាអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ អត់ធ្លាប់មានប្រពន្ធកូននឹងគេនោះទេ ព្រោះតែខ្លួនពិការគ្មានអ្នកណាស្រឡាញ់ឡើយ ហើយក៏បានធ្វើដំណើររសាត់អណ្ដែតចូលមកសុំទាន រហូតដល់ក្នុងខេត្តប៉ៃលិន ក៏បានជួបនឹងស្ត្រីមេម៉ាយម្នាក់ ទើបយកគ្នាជាប្ដីប្រពន្ធជួលផ្ទះគេស្នាក់នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុង១ខែ អស់ថ្លៃឈ្នួល៦ម៉ឺនរៀល។
គាត់បន្តទៀតថា ដោយសារតែខ្លួនពិការជើងទាំងពីរ មិនអាចប្រកបមុខរបរណាផ្សេងទៀតបាន ទើបគាត់ជិះរទេះរុញដោយដៃខ្លួនឯង សុំទានគេតាំងពីក្មេងមកម៉្លេះ ។ គាត់ថា កាលពីមុន ក៏ធ្លាប់ឆ្លងដែន ចូលទៅសុំទាន រហូតដល់ទីក្រុងបាងកក ប្រទេសថៃ អស់រយ:ពេលជាច្រើនឆ្នាំដែរ។ តែលុះក្រោយមក ក៏ត្រឡប់ចូលស្រុកខ្មែរវិញ ហើយក៏ដើរសុំទានគេ រហូតមកដល់ក្នុងខេត្តប៉ៃលិន ក៏ជួបនារីជាស្ត្រីមេម៉ាយម្នាក់ ឈ្មោះ យាយម៉ៅ ពិការដៃម្ខាង មានកូនជាមួយប្ដីមុនចំនួន២នាក់ (ស្រីទាំងអស់)។
គាត់ក៏បានរៀបរាប់ពីប្រវត្តិ មុនពេល ដែលចូលមកក្នុងខេត្តប៉ៃលិន គឺគាត់គ្មានសាច់ញាតិ ឬផ្ទះសម្បែងនឹងគេនោះទេ ដោយសុំទានគេនៅតាមភូមិ តាំងពីព្រឹករហូតដល់ល្ងាច យប់ត្រង់កន្លែងណា សុំវត្តព្រះសង្ឃស្នាក់នៅទីនោះពោលគឺសុំ១ថ្ងៃ សម្រាប់រស់១ថ្ងៃ។ ចំពោះការរុញរទេះសុំទានគេនេះ ក្នុង១ថ្ងៃ គាត់ទទួលបានថវិកាចាប់ពី២ទៅ៣ម៉ឺនរៀល លុះក្រោយពីទិញម្ហូបអាហារហូបអស់១ម៉ឺនរៀល នៅសល់ខ្លះ ទុកសន្សំសម្រាប់ឱ្យថ្លៃផ្ទះជួល។
គាត់រៀបរាប់ថា ពេលដែលគាត់កំពុងរុញរទេះសុំទាន អត់មានការហាមឃាត់ពីអាជ្ញាធរមូលដ្ឋាន ឬដេញចេញពីសន្តិសុខនោះទេ ដោយសុំទានគេរហូតដល់ម៉ោង៩ ទៅ១០យប់ ក៏ត្រឡប់ទៅសម្រាកនៅផ្ទះជួលវិញ។ គាត់បញ្ជាក់ថា មុខរបរសុំទានគេនេះ ពិតជាធ្វើឱ្យគាត់មានការខ្មាសគេខ្លាំងដែរ តែដោយសារមិនមានជម្រើសអ្វីក្រៅពីនេះ ក៏បន្តសុំគេទោះបីជាពេលខ្លះគេដាក់ឱ្យ១០០០ទៅ៥០០០រៀល គាត់ពិតជាមានចិត្តសប្បាយរីករាយ ក៏ជូនពរគេឱ្យជួបតែសំណាងល្អ មានក្ដីសុខក្នុងក្រុមគ្រួសារ កុំឱ្យមានការអត់ឃ្លានដូចជារូបគាត់នេះទៀត។
ទោះបីជាយ៉ាងណាក៏ដោយ មុខរបរសុំទានគេនេះ មិនទៀងទាត់ឋិតថេរនោះទេ នៅថ្ងៃខ្លះអត់បានលុយកាក់សម្រាប់ទិញអាហារហូបក៏មានដែរ។ តែដោយសារជរាពិការ គាត់ខិតខំប្រឹងប្រែងសុំគេទាំងយប់ទាំងថ្ងៃ ដើម្បីបានប្រាក់ទុកសម្រាប់ឈ្នួលផ្ទះ និងទិញម្ហូបអាហារផងដែរ ៕
ចែករំលែកព័តមាននេះ