ស៊ីរី​បញ្ជូន​កម្លាំង​បន្ថែម​បន្ត​វាយលុក​ខេត្ត​អុី​ដ​លី​ប


ប្រទេស​ស៊ីរី ៖ ​ស៊ីរីកាលពី​ថ្ងៃ​ទី​២៤​ សីហា បាន​ប្រមូលផ្ដុំ​កងកម្លាំង​បន្ថែម​នៅ​ខេត្ត​អុីដ​លី​ប ដើម្បី​បន្ត​​ការ​វាយលុក​របស់​ខ្លួន​ប្រឆាំង​ពួក​ជី​ហា​ដ​ និង​ពួក​ឧទ្ទាម​ក្នុង​ខេត្ត​នោះ ដែល​កងកម្លាំង​រដ្ឋាភិ​បាល​​ហាក់​ចង់ រុលទៅមុខ​សំដៅ​ទៅ​ទីក្រុង​MAARET AL NOOMANE​ ។

ការ​វាយលុក​នេះ​កាន់តែ​សំខាន់​ដែល​ខេត្ត​អុីដ​លី​ប ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ចុង​ក្រោយ​នៅ​ស៊ីរី ដែល​ស្ថិត​ក្នុង​ដៃ​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម និង​គេច​ផុត​ពី​ការ​គ្រប់គ្រង​នៃ​របប​ក្រុង​ដា​ម៉ាស់​នៅឡើយ​ ។

អ្នកកាសែត​បរទេស​មួយ​ក្រុម​ដែល​កងទ័ព​ស៊ីរីនាំ​ទៅ នា​ថ្ងៃ​ទី​២៤ ​សីហា​ បាន​ចូល​ទៅ​ក្នុង​ទីក្រុង ​KHAN CHEIKHOUN ដែល​កងទ័ព​ស៊ីរីទើប​វាយ​រំដោះ​យក​បាន​នៅ​ខេត្ត​អុីដ​លី​ប ហើយ​បានឃើញ​ផ្សែងហុយ​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​ដែល​នៅ​បន្ត ៣​ថ្ងៃក្រោយ​ការ​ដណ្ដើម​យក​បាន​ទីក្រុង​នេះ​ដែល​ស្ងាត់ជ្រងំ ដោយសារ​ប្រជាជន​ភៀសខ្លួន​ចេញ​អស់ ។

តាមដង​វិ​ថី​មួយ​ចំនួន​បណ្ដា​រថក្រោះ​ឬ​រថយន្ត​កាំ​មី​ញ៉ុ​ង​ធុន​តូច ដឹក​កង​ទាហាន​ត្រូវ​បាន​ដាក់
ពង្រាយ​ ។ ទង់ជាតិ​ស៊ីរី​ត្រូវ​បាន​បង្ហូត​ក្នុង​ក្រុង​ ។ ជួយ​ទ្រទ្រង់​ដោយ​កង​យន្តហោះ​រុ​ស្ស៊ី កងទ័ព​ស៊ីរី​អាច​បើក​ការ​វាយលុក​លើ​ដី ក្រោយ​ការទម្លាក់​គ្រាប់់បែក​ខ្លាំងក្លា​រយៈពេល​៤​ខែ ប្រឆាំង​ខេត្ត​អុីដលី​ប ​និង​បណ្ដា​តំបន់​ជិតខាង ក្នុង​ខេត្តអា​ឡែ​ប ហា​ម៉ា​និង​ឡា​តា​គី​យ៉េ​ដែល​ត្រួតត្រា
ដោយ​ពូក​ជី​ហា​ដ ។

អង្គការសិទ្ធិមនុស្ស​ស៊ីរី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​គូសបញ្ជាក់​ថា កងទ័ព​ស៊ីរីប្រមូល​កម្លាំង​បន្ថែម​នៅ​ភាគ​ខាងជើង​ក្រុង​ KHAN CHEIKHOUN ត្រៀម​សម្រាប់​វាយ​រុលទៅមុខ ឆ្ពោះទៅ​កាន់​ក្រុង​ MAARET AL NOOMANE ។ ចំណែក​កង​យន្តហោះ​បាន​បន្ត​វាយប្រហារ​ប្រឆាំង​បណ្ដា​ភូមិ​ស្ថិត​នៅ​ជុំវិញ​ក្រុង​នេះ​។

ស៊ីរីក៏​វាយ​ដណ្ដើម​យក​បាន​មូលដ្ឋាន​ជា​ច្រើន​នា​ភាគ​ខាងជើង​ខេត្ត​ហា​ម៉ា ។ ក្នុង​តំបន់​ម៉ូ​រេ​ក​នា​ភាគ​ខាងជើង​ខេត្ត​ហា​ម៉ា ក្រុង​អ្នកកាសែត​បរទេស បានឃើញ​ប៉ុស្តិ៍​សង្កេតការណ៍​របស់​កងទ័ព​តួ​ក​គី​ឡោម​ព័ទ្ធ​ដោយ​កងទ័ព​ស៊ីរី ។ នៅ​ព្រំដែន​នៃ​ខេត្ត​អុីដ​លី​ប តួ​ក​គី​ដែលពឹងផ្អែក​លើ​ពួក​ឧទ្ទាម​ដែល​ពេល​នេះ​កាន់តែ​ចុះ​ខ្សោយ មាន​ប៉ុស្តិ៍​សង្កេតការណ៍​ចំនួន​១២​កន្លែង ក្នុង​ខេត្ត​អុីដ​លី​ប ​និង​ហា​ម៉ា ។ ការ​ឡោម​ព័ទ្ធ​ប៉ុស្តិ៍សង្កេតការណ៍​តួ​ក​គី​បាន​បង្កើន​ភាព​តានតឹង ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ