រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សារាជធានីភ្នំពេញ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៣-២០១៤ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៣ កុម្ភៈ មកនោះ បានបញ្ចប់ហើយកាលពីថ្ងៃទី៣ មីនា ។ ពិធីបិទការប្រកួតត្រូវបានគេរៀបចំធ្វើនៅក្នុងវិទ្យាល័យ ជា ស៊ីម បឹងកេងកង ដោយមានការចូលរួមប្រគល់រង្វាន់ដល់ជ័យលាភីពីសំណាក់លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីកីឡា ភ្ញៀវកិត្តិយស និងកីឡាករ កីឡាការិនីជាច្រើននាក់ទៀត ។
ថ្លែងក្នុងពិធីនោះ លោកឃួង ស្រេង មានប្រសាសន៍ថា លោកមានចិត្តសប្បាយរីករាយដែលបានមកចូលរួមក្នុងពិធីនេះ ។ ដូចក្មួយៗទាំងអស់គ្នាបានដឹងហើយថា ការប្រកួតកីឡាជាពិធីជួបជុំមួយដើម្បីចាប់ដៃគ្នា ញញឹមរកគ្នា ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងន័យមិត្តភាព សាមគ្គីភាព ចេះអធ្យាស្រ័យគ្នា និងរួបរួមគ្នាអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនទៅមុខ ។ កុមារ និងយុវជនជាវ័យមួយបង្កើតមនុស្សជំនាន់ក្រោយ ហើយជាវ័យពោរពេញដោយថាមពល បញ្ញាឈ្លាសវៃ អង់អាចក្លាហាន ដែលអាចចូលរួមគ្រប់សកម្មភាពក្នុងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ ។ ដូច្នេះក្មួយៗត្រូវចេះប្រើប្រាស់ពេលវេលាដ៏មានតម្លៃនៃវ័យរបស់ខ្លួនក្រេបជញ្ជក់យកចំណេះដឹង និងឆ្លៀតពេលទំនេរចូលរួមជួយក្នុងសកម្មភាពសង្គមផងដែរ ។
សម្រាប់លទ្ធផលចំណាត់ថ្នាក់ប្រភេទកីឡាអត្តពលកម្មមានដូចខាងក្រោម ៈ ផ្នែកបឋមសិក្សា ចំណាត់ថ្នាក់ក្រុមលេខ១ បានទៅខណ្ឌឫស្សីកែវ, លេខ២ ខណ្ឌដង្កោ, លេខ៣ស្ទួន ខណ្ឌចំការមន និងខណ្ឌដូនពេញ ។ ផ្នែកអនុវិទ្យាល័យ ចំណាត់ថ្នាក់លេខ១ បានទៅអនុវិទ្យាល័យដង្កោ, លេខ២ អនុវិទ្យាល័យចតុមុខ និងលេខ៣ អនុវិទ្យាល័យសុធារស ។ ផ្នែកវិទ្យាល័យ ចំណាត់ថ្នាក់លេខ១ បានទៅវិទ្យាល័យជម្ពូវ័ន្ត, លេខ២ អង្គការភាពញញឹមនៃកុមារ និងលេខ៣ វិទ្យាល័យឥន្ទ្រទេវី ។
លទ្ធផលចំណាត់ថ្នាក់ប្រភេទកីឡាបាល់ទះ ៈ ផ្នែកបឋមសិក្សាសម្រាប់កុមារី ចំណាត់ថ្នាក់លេខ១ បានទៅខណ្ឌពោធិ៍សែនជ័យ, លេខ២ ខណ្ឌដង្កោ និងលេខ៣ ខណ្ឌចំការមន ។ ចំណែកកុមារាលេខ១ បានទៅខណ្ឌមានជ័យ, លេខ២ ខណ្ឌចំការមន និងលេខ៣ ខណ្ឌឫស្សីកែវ ។ ផ្នែកអនុវិទ្យាល័យសម្រាប់នារី ចំណាត់ថ្នាក់លេខ១ បានទៅអនុវិទ្យាល័យសិលាមាស, លេខ២ អនុវិទ្យាល័យដង្កោ ។ ចំណែកបុរស លេខ១ បានទៅអនុវិទ្យាល័យហ៊ុន សែន ពោធិ៍ចិនតុង, លេខ២ អង្គការភាពញញឹមនៃកុមារ និងលេខ៣ អនុវិទ្យាល័យអូរបែកក្អែម ។
ផ្នែកវិទ្យាល័យ សម្រាប់នារី លេខ១ បានទៅវិទ្យាល័យសិលាមាស, លេខ២ សាលាមេតូឌីស្ទកម្ពុជា និងលេខ៣ អង្គការភាពញញឹមនៃកុមារ ។ ចំណែកបុរស លេខ១ បានទៅវិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី, លេខ២ វិទ្យាល័យទួលទំពូង និងលេខ៣ វិទ្យាល័យហ៊ុន សែន ជម្ពូវ័ន្ត ។ ប្រភេទកីឡាបាល់បោះ ផ្នែកបឋមសិក្សាសម្រាប់កុមារា លេខ១ បានទៅខណ្ឌមានជ័យ, លេខ២ ខណ្ឌ៧មករា ។ ចំណែកកុមារី លេខ១ បានទៅសាលាបឋមសិក្សាសុវណ្ណភូមិ, លេខ២ ខណ្ឌទួលគោក ។ ផ្នែកអនុវិទ្យាល័យ សម្រាប់បុរសជាក្រុម លេខ១ បានទៅអនុវិទ្យាល័យហ៊ុន សែន ជន្លង់ម្លូ។ ចំណែកនារីជាក្រុមមិនមានទេ ។ ផ្នែកវិទ្យាល័យសម្រាប់នារី លេខ១ បានទៅវិទ្យាល័យព្រះស៊ីសុវត្ថិ, លេខ២ អង្គការភាពញញឹមនៃកុមារ និងលេខ៣ សាលាសុវណ្ណភូមិ ។ ចំណែកបុរស លេខ១ បានទៅវិទ្យាល័យព្រះស៊ីសុវត្ថិ, លេខ២ វិទ្យាល័យផ្សារដើមថ្កូវ និងលេខ៣ វិទ្យាល័យវត្តភ្នំ ។
ប្រភេទកីឡាបាល់ទាត់ផ្នែកបឋមសិក្សាសម្រាប់កុមារី លេខ១ បានទៅសាលាបឋមសិក្សាត្រពាំងស្វាយ, លេខ២ ខណ្ឌសែនសុខ ។ ចំណែកកុមារាលេខ១ បានទៅខណ្ឌឫស្សីកែវ, លេខ២ ខណ្ឌមានជ័យ និងលេខ៣ ខណ្ឌដង្កោ ។ ផ្នែកអនុវិទ្យាល័យសម្រាប់បុរស លេខ១ បានទៅអនុវិទ្យាល័យទួលសុវណ្ណារាម, លេខ២ អនុវិទ្យាល័យចតុមុខ និងលេខ៣ អង្គការមូលនិធិកុមារកម្ពុជា ។ ផ្នែកវិទ្យាល័យសម្រាប់នារី លេខ១ វិទ្យាល័យជា ស៊ីម សាមគ្គី, លេខ២ វិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី ។ ចំណែកបុរស លេខ១ បានទៅវិទ្យាល័យព្រះយុគន្ធរ, លេខ២ វិទ្យាល័យសន្ធរមុ៉ក និងលេខ៣ស្ទួន វិទ្យាល័យជា ស៊ីម បឹងកេងកង និងវិទ្យាល័យច្បារអំពៅ ។
សូមបញ្ជាក់ផងដែរថា វិញ្ញាសាដែលបានដាក់ឱ្យប្រកួតមាន៤ គឺបាល់ទាត់, បាល់ទះ, បាល់បោះ និងអត្តពលកម្ម និងមានកីឡាករ កីឡាការិនីគ្រប់សាលាទូទាំងរាជធានីភ្នំពេញ ចូលរួមចំនួន១.៥៣០នាក់ ក្នុងនោះកីឡាការិនីមានចំនួន៣៦២នាក់ ៕
ចែករំលែកព័តមាននេះ