រាជធានីភ្នំពេញ ៖ សមាគមកីឡាគ្រីឃីតកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងគ្រូបង្វឹករបស់ខ្លួនជាលើកដំបូង ដោយចាប់ផ្តើមពីថ្ងៃទី២៨ កុម្ភៈ ដល់ថ្ងៃទី៣ មីនា ឆ្នាំ២០១៤ នៅក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីសំណាក់លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសមាគមកីឡាគ្រីឃីតកម្ពុជា, លោក Manish ជនជាតិឥណ្ឌា អនុប្រធានសមាគម លោក Syed Mahboob Ali Shah ជនជាតិប៉ាគីស្ថានមកពី ក្រុមប្រឹក្សាគ្រីឃីតអាស៊ី ACC (Asian Cricket Council) ជាគ្រូឧទ្ទេសនាម ព្រមទាំងសិក្ខាកាមជាច្រើននាក់ទៀត ។
ក្នុងឱកាសនោះ លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា គ្រីឃីតជាប្រភេទកីឡាថ្មីសម្រាប់ប្រទេសកម្ពុជា ដោយបង្កើតជាសមាគមនៅឆ្នាំ២០១១ ហើយមិនសូវមានអ្នកស្គាល់បុ៉ន្មានទេ បុ៉ន្តែចំពោះក្រៅប្រទេសដូចជាឥណ្ឌា ប៉ាគីស្ថាន អូស្ត្រាលី និងប្រទេសជាច្រើនទៀតនៅលើពិភពលោក កីឡានេះមានភាពរីកចម្រើនខ្លាំងណាស់។
លោកបញ្ជាក់ថា យើងកំពុងតែធ្វើដំណើរឆ្ពោះទៅសមាហរណកម្ម ដោយធ្វើយ៉ាងណាឱ្យប្រភេទកីឡានេះក្លាយជាសមាជិកពេញសិទ្ធិរបស់អន្តរជាតិ ដោយពេលនេះយើងចាប់ផ្តើមបណ្តុះបណ្តាលអាជ្ញាកណ្តាល និងគ្រូបង្វឹកជាលើកដំបូង បើសិនជាយើងមិនមានចំណុចនេះ ក៏ដូចជាការផ្សព្វផ្សាយកីឡាគ្រីឃីតនេះទេ គឺយើងមិនទទួលបានជោគជ័យឡើយ ។ សម្រាប់សិក្ខាកាមវគ្គនេះគឺជាអ្នកដំបូងគេដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ហើយនៅពេលដែលយើងបានចូលជាសមាជិករបស់គ្រីឃីតហើយ យើងទាំងអស់គ្នាមានតួនាទីជារៀមច្បងគេនៅពេលដែលកីឡានេះមានកាន់តែច្រើនក្នុងប្រទេសកម្ពុជា ។
លោកបានធ្វើការក្រើនរំលឹកថា អ្វីដែលសំខាន់មួយទៀតគឺការចូលរួមក្នុងវិស័យកីឡា គ្រប់កីឡាទាំងអស់មិនថាតែគណៈកម្មាធិការជាតិ ក៏ដូចជាសហព័ន្ធកីឡាជាតិផ្សេងៗសុទ្ធតែចូលរួមដោយការលះបង់ និងការស្ម័គ្រចិត្ត ពីព្រោះកីឡាកើតឡើងបានគឺដោយសារយើងទាំងអស់គ្នារួបរួមគ្នា ។ ក្នុងនោះបើយើងស្រឡាញ់កីឡាហើយដើម្បីផលប្រយោជន៍ប្រហែលជាមានការលំបាកបន្តិច ព្រោះការធ្វើសកម្មភាពកីឡា វាមិនមែនជាការវិនិយោគទុនសេដ្ឋកិច្ចនោះទេ លុះត្រាណាកីឡានោះល្បីកាន់តែច្រើន ទើបអាចក្លាយជារឿងសេដ្ឋកិច្ច ។ លោកបន្តដោយភាពជឿជាក់ថា ពេលណាដែលកីឡាគ្រីឃីតនេះកាន់តែមានភាពល្បីឈ្មោះនោះ យើងនឹងអាចធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៥ ឬ២០១៦ ក្នុងតំបន់ណាមួយក៏បានដោយមានអន្តរជាតិជួយគាំទ្រ ហើយពេលមានព្រឹត្តិការណ៍នោះកើតឡើង អ្នកទាំងអស់គ្នាអាចក្លាយជាស្ថាបនិកមុនគេផងដែរ ។
សូមបញ្ជាក់ថា សម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងវគ្គគ្រូបង្វឹកនេះមានសិក្ខាកាមចូលរួមចំនួន៤៧នាក់ ។ វគ្គនេះត្រូវបែងចែកជាពីរ គឺវគ្គ១ ចាប់ផ្តើមពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ មីនា និងវគ្គ២ ចាប់ផ្តើមពីថ្ងៃទី៧ មីនា ដល់ថ្ងៃទី៩ មីនា ៕
ចែករំលែកព័តមាននេះ