រាជធានីភ្នំពេញ ៖ ក្នុងពេលដ៏ខ្លីខាងមុខនេះ ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលមិនធ្លាប់មានការប្រដាល់ទាល់តែសោះនោះ នឹងបើកឆាករំលេចព្រឹត្តិការណ៍ប្រដាល់របស់ខ្លួនប្រជែងនឹងស្ថានីយទូរទស្សន៍ផ្សេងទៀតហើយ បន្ទាប់ពីប្រទាញបានមន្ត្រីដែលមានបទពិសោធន៍មួយរូបឱ្យប្តូរទ្រនំពីបុ៉ស្តិ៍លេខ៥ ចូលមកកាន់ទីនេះ ។ ទោះយ៉ាងណា ការប្រដាល់ដែលស្ថាប័ននេះរៀបចំឡើងនឹងមិនធ្វើជារៀងរាល់សប្តាហ៍នោះទេ គឺគ្រាន់តែជាការប្រដាល់បែបអន្តរជាតិក្នុងមួយខែម្តងឱ្យទៀងបុ៉ណ្ណោះ ។
លោកញាណ សូធី ជំនួយការប្រធានព្រឹត្តិការណ៍ និងជាមន្ត្រីទំនាក់ទំនងសាធារណៈប្រចាំនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលទើបផ្លាស់ចេញពីស្ថានីយទូរទស្សន៍បុ៉ស្តិ៍លេខ៥ បានប្រាប់ឱ្យដឹងថា ការប្រដាល់ដែលជាព្រឹត្តិការណ៍ថ្មីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍គ្រោងចាប់ផ្តើមនៅអំឡុងចុងខែមីនានេះ ប្រសិនបើមិនមានការប្រែប្រួល ។ បុ៉ន្តែករណីដែលស្ថានការណ៍មានការផ្លាស់ប្តូរទៅវិញនោះគឺអាចឈានដល់ចុងខែមេសាឯណោះ ទើបដំណើរការបាន ។ ទោះយ៉ាងណា ការប្រដាល់នៅក្នុងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នឹងកើតឡើងមិនយូរមិនឆាប់នោះឡើយ ដោយសារតែក្នុងមួយរយៈនេះលោក និងក្រុមការងារបាននិងកំពុងដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីស្វែងរកស្ពុនស័រ និងដំឡើងរេញឱ្យបានទាន់ពេលវេលាដើម្បីរំលេចឱ្យបាននូវការប្រដាល់ជាអន្តរជាតិដូចគម្រោង ។ លោកញាណ សូធី ត្រូវគេស្គាល់រួចមកហើយថា ជាមន្ត្រីទំនាក់ទំនង និងជាអ្នកមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍ប្រដាល់ប្រចាំនៅក្នុងស្ថានីយទូរទស្សន៍បុ៉ស្តិ៍លេខ៥ ។ វត្តមានរបស់លោកត្រូវគេឃើញបានទាញកម្មវិធីធំមួយរបស់ស្ថានីយទូរទស្សន៍អប្សរា ដែលមានឈ្មោះថា «ខ្ញុំដឹង អ្នកដឹង» ឬ «I know U know» ឱ្យចូលទៅកាន់បុ៉ស្តិ៍មួយនោះទៀតផង ។
កម្មវិធី «ខ្ញុំដឹង អ្នកដឹង» គឺជាកម្មវិធីដ៏ពេញនិយមបំផុតដោយសារតែមានរៀបរាប់ពីប្រវត្តិតារាសិល្បៈខ្មែរជារៀងរាល់ថ្ងៃ ពីច្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង១១ ដល់ម៉ោង១១ និង៣០នាទីព្រឹក។ អុីចឹងហើយ ទើបគេឃើញវត្តមានរត់ចូលរបស់មន្ត្រីនេះបានធ្វើឱ្យស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ផ្លាស់ប្តូរមុខមាត់ថ្មី បន្ទាប់ពីលោកគួច ខេវិន និងមន្ត្រីមួយចំនួនទៀតបានផ្អើលចាកចេញ ធ្វើឱ្យស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍តែលតោលមួយរយៈ ។ ក្នុងនោះគេក៏ឃើញលោកចារ រិទ្ធី ដែលជាអ្នកមានឥទ្ធិពលម្នាក់របស់បុ៉ស្តិ៍លេខ៥ រត់មកកាន់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ ដើម្បីពង្រឹងស្ថាប័ននេះឡើងវិញ ។ ក្រុមអ្នក ឃ្លាំមើលនិយាយថា វត្តមានរបស់លោកញាណ សូធី នឹងធ្វើឱ្យព្រឹត្តិការណ៍ប្រដាល់របស់អាស៊ីអាគ្នេយ៍ក្លាយជាទីផ្សារថ្មីមួយ ដោយមិនទាន់បូកបញ្ចូលការរំលេច និងទាញស្ពុនស័រធំៗឱ្យចូលជ្រោងស្ថាប័ននេះនោះផង ។ លោកញាណ សូធី បានបញ្ជាក់តាមទូរស័ព្ទថា ព្រឹត្តិការណ៍ប្រដាល់ដែលបុ៉ស្តិ៍អាស៊ីអាគ្នេយ៍នឹងបង្កើតឡើងក្នុងពេលដ៏ខ្លីនោះ គឺជាការប្រដាល់បែបអន្តរជាតិដូចដែលលោកធ្លាប់កាន់កាលបម្រើការនៅក្នុងស្ថានីយទូរទស្សន៍បុ៉ស្តិ៍លេខ៥ ។ លោកធ្វើទំនាក់ទំនងជាមួយសហព័ន្ធកីឡាប្រដាល់ប្រចាំនៅក្នុងប្រទេសថៃ ដែលមានបទពិសោធន៍ដឹកនាំកីឡាករពីគ្រប់ជាតិសាសន៍ ដើម្បីឱ្យមកប្រកួតជាមួយកីឡាកររបស់កម្ពុជារួចរាល់អស់ហើយ ដោយរង់ចាំតែការឆ្លើយតបពីសំណាក់ស្ពុនស័រ និងការដំឡើងរេញឱ្យបានស្រេចបាច់តាមការគ្រោងទុកបុ៉ណ្ណោះ ។ ការប្រដាល់នេះនឹងកំណត់ធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យចុងខែ ដែលតាមការប៉ាន់ប្រមាណពិតជាធ្វើឱ្យស្ថានីយទូរទស្សន៍ដ៏ធំមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកស្នេហាវិស័យកីឡា ។ លោកកំពុងសម្រិតសម្រាំងស្វែងរកកីឡាករកម្ពុជា និងកីឡាករបរទេសដែលមានសមត្ថភាពដើម្បីបើកឆាកស្វាគមន៍គ្នានៅលើរេញទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEATV) និងរំពឹងយ៉ាងមុតមាំថា នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងចង្កោមមហាជនមិនខាន ។
វត្តមានរបស់លោកញាណ សូធី និងមន្ត្រីល្បីឈ្មោះមួយចំនួនទៀតពីបុ៉ស្តិ៍លេខ៥ កំពុងធ្វើឱ្យ SEATV ក្លាយជាចំណុចរសើបមួយក្នុងចង្កោមអ្នកនិយមទស្សនាកម្មវិធីថ្មីនៅលើកញ្ចក់ទូរទស្សន៍ ។ លោកញាណ សូធី បន្តថា ក្រោយលេចចេញការប្រដាល់ជាអន្តរជាតិរៀងរាល់មួយខែម្តង SEATV ក៏នឹងមានគម្រោងរៀបចំការប្រដាល់ឱ្យបានទៀងទាត់ជារៀងរាល់សប្តាហ៍ផងដែរ ដោយបានទាំងអះអាងថា រូបមន្តក្នុងការប្រកួតដែលលោករៀបចំនឹងមានលក្ខណៈប្លែក ហើយរំពឹងច្រើនថា នឹងទទួលបានភាពទាក់ទាញ។ លោកសន្យាធ្វើឱ្យការប្រដាល់អន្តរជាតិនៅ SEATV កក្រើក និងមានការគាំទ្រខ្ពស់ បើទោះជាស្ថានីយមួយនេះទើបនឹងលេចចេញនូវការប្រដាល់ក្នុងជំហានក្រោយគេក្តី ៕
ចែករំលែកព័តមាននេះ