ជើងឯកប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស David Price នឹងឡើងបង្ហាញខ្លួននៅលើសង្វៀនប្រទេសអាល្លឺម៉ង់ជាថ្មីម្តងទៀត នាថ្ងៃទី២៩ ខែមីនា នេះដោយជួបជាមួយកំពូលអ្នកប្រើកណ្តាប់ដៃមកពីប្រទេសឆែក Ondrej Pala ។ ការប្រកួតដែលមាន៨ទឹកនេះនឹងរៀបចំនៅសង្វៀន Velodrom ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ។
Price វ័យ៣០ឆ្នាំធ្លាប់ប្រកួតបានចំនួន១៨លើក ក្នុងនោះឈ្នះ១៦ ចាញ់២ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់បានចំនួន១៤លើក ។ ប្រកួតលើកចុងក្រោយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ ឈ្នះកីឡាករហុងគ្រី Istvan Ruzsinszky ក្នុងទឹកទី១។ បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនសម្រាប់ការប្រកួតលើកនេះ Price បានបញ្ជាក់ថា ៖ «នេះពិតជាការប្រកួតមួយដែលខ្ញុំចង់បាន ។ តាមខ្ញុំដឹង Pala ជាកីឡាករម្នាក់ដែលមិនចេះកោតខ្លាចគូប្រកួត ហើយគេតែងដើរចូលទៅរកគូប្រកួតជានិច្ច ។ ខ្ញុំបានដឹងពីបញ្ហានេះ នៅពេលដែលខ្ញុំមើលការប្រកួតរបស់គេជាមួយកីឡាករឌីរ៉េក ស៊ីសូរ៉ា»។ គេបានបន្ថែមថា ៖«ទោះបី លទ្ធផលចុងក្រោយ ស៊ីសូរ៉ា ឈ្នះ ប៉ុន្តែខ្ញុំមិនគិតថា Pala បានជួបឧបសគ្គច្រើនពីកណ្តាប់ដៃស៊ីសូរ៉ានោះទេ»។
ចំណែកកីឡាករ Pala នៅក្នុងចំនួនប្រកួតសរុប៣៦លើក គេឈ្នះ៣២លើក ចាញ់៤ និងមិនដែលស្មើ ។ កីឡាករវ័យ២៩ឆ្នាំរូបនេះធ្លាប់ផ្តួលដៃគូឱ្យសន្លប់បានចំនួន២២លើកផងដែរ ។ ការប្រកួតលើកចុងក្រោយរបស់គេនៅទីក្រុង Minsk ប្រទេសបេឡារុស កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ឈ្នះកីឡាករម្ចាស់ផ្ទះ Yuri Bihoutseu ដោយពិន្ទុ ។
លោក Kalle Sauerland ដែលជាអ្នករៀបចំការប្រកួតបាននិយាយថា ៖ «នេះគឺជាជំហានបន្ទាប់ដើម្បីពង្រឹងបច្ចេកទេសប្រកួត David Price ឡើងវិញ ។ Pala ជាកីឡាករជើងខ្លាំង និងពេញដោយបទពិសោធន៍ ។ ដូច្នេះ នេះគឺជាការសាកល្បងយ៉ាងល្អមួយសម្រាប់រូបគេ ។ មួយវិញទៀត ការជួបជាមួយកីឡាករដែលមានកណ្តាប់ដៃធ្ងន់ដូចជា Pala នេះ គឺអាចបង្ហាញឱ្យយើងបានឃើញពីកម្រិតនៃការរីកចម្រើនរបស់ David Price រយៈពេល១ឆ្នាំកន្លងមកនេះ»៕
ចែករំលែកព័តមាននេះ