ជនប៉ាឡេស្ទីន២នាក់បានត្រូវស្លាប់កាលពីថ្ងៃទី៣ មីនា នៅភាគខាងជើងជ្រោយហ្គាហ្សា ដោយសារការវាយឆ្មក់មួយរបស់អីុស្រាអែល ដែលក៏បណ្តាលឱ្យមនុស្ស២នាក់ទៀតត្រូវរបួសដែរក្នុងដែនដីត្រួតត្រាដោយក្រុមហាម៉ាស់នោះ។ អ្នកនាំពាក្យម្នាក់របស់ផ្នែកសង្គ្រោះបន្ទាន់ហ្គាហ្សាបញ្ជាក់ថា យុវជនអាយុប្រមាណជា២០ឆ្នាំម្នាក់ត្រូវស្លាប់ដោយសារមីស៊ីល១គ្រាប់បាញ់ចេញពីយន្តហោះអុីស្រាអែល១គ្រឿងលើមនុស្សមួយក្រុម ស្ថិតក្នុងចម្ការមួយឯបេអុីតហានូន ជិតព្រំដែនជាមួយអុីស្រាអែល ។ ចំណែកបុរសម្នាក់ទៀតអាយុ៣១ឆ្នាំដែលត្រូវរបួសធ្ងន់ក៏ស្លាប់ដែរក្រោយការវាយឆ្មក់នេះ ។
កងទ័ពអុីស្រាអែលអះអាងថា ការវាយឆ្មក់តាមអាកាសនេះគឺសំដៅលើពួកភេរវករដែលត្រៀមបាញ់គ្រាប់រុក្កែតចេញពីភាគខាងជើងជ្រោយហ្គាហ្សា ។ការបាញ់គ្រាប់រុ៉ក្កែតចេញពីជ្រោយហ្គាហ្សាទៅកាន់អុីស្រាអែលភាគច្រើនដោយពួកជីហាដនិយមមានការកើនឡើងរយៈពេលបុ៉ន្មានខែចុងក្រោយនេះ ទោះបីជាក្រុមហាម៉ាស់ខិតខំរារាំងដើម្បីថែរក្សាបទឈប់បាញ់គ្នាក៏ដោយ ៕
ចែករំលែកព័តមាននេះ