ខេត្តបាត់ដំបង ៖ ការអាងអំណាច អាងខ្សែស្រឡាយអ្នកធំ ឬយកឈ្មោះថ្នាក់ដឹងនាំកំពូលៗ មកប្រើប្រាស់ ដើម្បីអន្តរាគមន៍ ឬគំរាមកំហែងដល់អ្នកស្លូតត្រង់ ឬមន្រ្តីថ្នាក់ក្រោមតូចតាច គ្មានអំណាចទប់ទល់ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនានា ត្រូវគេមើលឃើញថា បាននិងកំពុងពេញនិយម និងបានក្លាយជាវប្បធម៌ដ៏អាក្រក់នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន បើទោះជាប្រមុខរដ្ឋាភិបាលធ្លាប់បានព្រមានជាច្រើនលើកច្រើនសារកន្លងមក បញ្ជាឲ្យនាំគ្នាលុបបំបាត់នូវ «វប្បធម៌អន្តរាគមន៍» នេះបែបណាក្ដី។
ជាក់ស្ដែងនៅវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ មីនា កម្លាំងនគរបាលព្រហ្មទណ្ឌផ្នែកបង្ការ និងបង្រ្កាបរបស់ស្នងការដ្ឋានខេត្ត ដែលទទួលបទបញ្ជាជាប្រចាំឲ្យចុះទប់ស្កាត់តាមគោលដៅនានា លើផ្លូវជាតិលេខ៥ បានចេញប្រតិបត្តិការស្ទាក់ឃាត់រថយន្តប្រភេទស្លាកលេខ3A (ជាប្រភេទរថយន្តធុនធ្ងន់ ដែលអាជ្ញាធរខេត្តហាមឃាត់មិនឱ្យបើកចូលក្រុង) បានរងការមាក់ងាយយ៉ាងចាស់ដៃពីសំណាក់អ្នកបើកបររថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុន «វីរះប៉ុនថាំ អេចប្រេស»។ សេចក្តីរាយការណ៍បានស្រង់សម្តីពីសមត្ថកិច្ច និងសាក្សីឱ្យដឹងថា ក្រៅពីជេរប្រមាថសមត្ថកិច្ចគ្មានសំចៃមាត់ អ្នកបើកបររថយន្តនោះ បានប្រើប្រាស់ឈ្មោះកូនមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័ននីតិបញ្ញត្តិ មកគំរាមសមត្ថកិច្ច ហើយថែមទាំងបើករថយន្តដេញបុកសមត្ថកិច្ចរត់ប្រសាចពេញថ្នល់ និងបានបុកម៉ូតូសមត្ថកិច្ចដែលឈប់ពាំងខាងមុខ បណ្ដាលឲ្យខូចខាតនោះថែមទៀត គ្រាដែលកម្លាំងសមត្ថកិច្ចរារាំងមិនឲ្យរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុននេះបើកចូលក្នុងក្រុង។
សមត្ថកិច្ចបានបន្តប្រាប់ថា រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន «វីរះប៊ុនថាំ អេចប្រេស» នោះពាក់ស្លាកលេខ កោះកុង 3A-0483 តែគេមិនបានស្គាល់ឈ្មោះតៃកុងកំពូលឆ្លើយនោះទេ។ សមត្ថកិច្ចបន្តថា រថយន្តនេះ ដឹកអ្នកដំណើរពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ហើយត្រូវសមត្ថកិច្ចស្ទាក់ឃាត់នៅចំណុចខាងមុខផ្សារទំនើបB2B ក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង គ្រាដែលរថយន្តនេះ ព្យាយាមបើកចូលក្រុង។ ប៉ុន្តែមិនអាចរារាំងបានឡើយ ដោយសារតៃកុងរថយន្តនេះ អាងយក្សនៅពីក្រោយខ្នង។
សមត្ថកិច្ចដដែលបញ្ជាក់ថា ពេលដែលកាក់រថយន្តនេះជាប់ភ្លាម សមត្ថកិច្ចបានពន្យល់ប្រាប់អំពីច្បាប់ និងសេចក្ដីណែនាំរបស់អាជ្ញាធរខេត្តដល់អ្នកបើកបររថយន្តនោះ ឲ្យគាត់បើកទៅផ្លូវវាងក្រុងត្រង់រង្វង់មូលហនុមាន ប៉ុន្តែអ្នកបើកបរនេះមិនព្រមស្ដាប់ទេ ថែមទាំងស្រែកគំរាមយ៉ាងព្រហើនពីក្នុងរថយន្តថា«ខ្ញុំមិនស្ដាប់អ្នកណាទាំងអស់ ព្រោះឡាននេះជាឡានកូនមន្ត្រីជាន់ខ្ពស់ស្ថាប័ននីតិបញ្ញត្តិចង់ធ្វើអីធ្វើទៅ» ដោយគំរាមមិនទាន់ចប់ផង បុរសនោះ បានបើករថយន្តដេញបុកសមត្ថកិច្ចរត់ប្រសាច និងបុកកម្ទេចម៉ូតូសមត្ថកិច្ច បណ្ដាលឲ្យខូចខាត១គ្រឿងទៀត។
តៃកុងរថយន្តទំនើងនេះ បានបើករថយន្តទៅឈប់នៅចំណតរបស់ក្រុមហ៊ុននៅម្ដុំផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង ដោយប្រឈមនឹងសមត្ថកិច្ចជិត១ម៉ោង ខណៈអ្នកមានអំណាចជាច្រើនបានទូរស័ព្ទអន្តរាគមន៍ទៅលោកស្នងការខេត្តសុំឲ្យដោះលែង។ ប៉ុន្តែតៃកុងរថយន្តនោះមិនព្រមបើកទ្វារឲ្យអ្នកដំណើរចុះបត់ដៃបទជើងទេ រហូតមានអ្នកដំណើរខ្លះបត់ជើងតូចច្រកដបនៅក្នុងរថយន្ត និងខ្លះទៀតចេញតាមបង្អូចកញ្ចក់ចុះមកបត់ជើងខាងក្រោម សូម្បីតែអ្នកបើកបរដ៏មហិមានោះ ក៏មិនព្រមចុះពីលើរថយន្តមកនិយាយជាមួយសមត្ថកិច្ចដែរ ពិតជាខ្លាំងមែន។ ទីបំផុតដោយសារមានការអន្តរាគមន៍ច្រើនពេក លោកស្នងការខេត្តក៏បានសម្រេចបញ្ជាឲ្យដោះលែងរថយន្តនោះ។ ប៉ុន្តែលោកជេត វណ្ណនី ស្នងការរងខេត្តបានបញ្ជាក់ថា សមត្ថកិច្ចបានឲ្យតំណាងក្រុមហ៊ុន និងអ្នកបើកបរបែបអន្ធពាលនោះ ធ្វើកិច្ចសន្យាហើយ មុនពេលអនុញ្ញាតឲ្យរថយន្តនេះ បន្តដំណើរ។
ទោះជាយ៉ាងណា ការចុះអនុវត្តច្បាប់ ដោយគ្មានប្រសិទ្ធភាព ដោយសារប្រឈមនឹងអ្នកមានអំណាចបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍របស់កងកម្លាំងសមត្ថកិច្ច ដូចជាករណីខាងលើនេះជាដើម។ ទីបំផុតសមត្ថកិច្ចបានត្រឹមតែការមើលងាយមើលថោកប៉ុណ្ណោះ។ ក្រុមអ្នកវិភាគបានលើកឡើងថា គ្រាន់តែជាអ្នកបើកបររថយន្តឲ្យអ្នកមានឥទ្ធិពលម្នាក់សោះ អាចជេរប្រមាថសមត្ថកិច្ចកប់ៗមាត់ ហើយអាចគេចផុតពីសំណាញ់ច្បាប់បានយ៉ាងល្អទៀត តើច្បាប់មានតម្លៃអ្វីទៅ ? តើពេលណា ទើបវប្បធម៌អន្តរាគមន៍នេះត្រូវសាបរលាបពីក្នុងសង្គមខ្មែរ?
ចែករំលែកព័តមាននេះ