ខេត្តប៉ៃលិន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ខណៈមានមនុស្សក្មេងចាស់ប្រុសស្រីជាច្រើននាក់ បានចុកពោះរាករូស និងក្អួតចង្អោរជាបន្តបន្ទាប់ ក្រោយពេលពួកគេចេញពីហូបអាហារក្នុងពិធីមង្គលការគូស្វាមីភរិយាថ្មីមួយគូរួចមក ហើយត្រឡប់ទៅដល់ផ្ទះរៀងៗខ្លួន ។ អ្នកខ្លះបានរយៈពេលប្រហែលពីរម៉ោង ខ្លះទៀតរហូតដល់ព្រឹកទើបចាប់ផ្តើមធ្វើទុក្ខរាករូសក្អួតចង្អោរ អ្នកខ្លះទៀតឈឺចុកខ្មួលក្នុងពោះខុសពីធម្មតា រហូតដល់នាំគ្នាទៅសម្រាកព្យាបាលនៅមន្ទីរព្យាបាលឯកជន អ្នកខ្លះទៀតសម្រាកនៅមណ្ឌលសុខភាព, ខ្លះនៅមន្ទីរពេទ្យបង្អែកខេត្ត និងអ្នកខ្លះហៅគ្រូពេទ្យមកព្យួរសេរ៉ូមនៅផ្ទះអស់ជាច្រើនប្លោក ។
ពួកគេម្នាក់ៗសង្ស័យថា ពុលម្ហូបមួយមុខគឺញាំបន្លែគ្រប់មុខ ។ ហេតុការណ៍នេះ បានកើតឡើងចាប់ពីម៉ោង១១យប់ ថ្ងៃទី២៨ កុម្ភៈ រហូតដល់ព្រឹកថ្ងៃទី១ មីនា ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ម្ចាស់ដើមការខាងប្រុស ឪពុកឈ្មោះ ស្វាយ ហន ម្តាយឈ្មោះ ភិន ផាន និងកូនកំលោះឈ្មោះ ស្វាយ ហុង មានស្រុកកំណើតនៅខេត្តកំពង់ចាម និងខាងស្រីមានឪពុកឈ្មោះ ឈាន់ សឿន ម្តាយឈ្មោះ សៀ សុផល រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ អ៊ុក ទូច អាយុជាង៤០ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ បានរៀបរាប់ឱ្យដឹងថា បន្ទាប់ពីគាត់ហូបការរួចរាល់ នៅវេលាម៉ោង៨យប់ ក៏ត្រឡប់ទៅផ្ទះវិញ បានត្រឹម២ម៉ោង ស្រាប់តែរកកល់ចង់ក្អួត ។ ក្រោយមកនៅវេលាម៉ោង១០យប់ ថ្ងៃដដែល ស្រាប់តែរាករូស ចុកក្នុងពោះស្ទើរតែទ្រាំមិនបាន ពេលនោះគាត់មានមន្ទិលសង្ស័យថា មកពីហូបស្រាបៀរច្រើនពេក ទើបកើតខ្យល់ ។ លុះនៅព្រឹកថ្ងៃទី១ មីនា គាត់បានសួរនាំអ្នកជិតខាងដែលទៅចូលរួមក្នុងពិធីមង្គលការតៗគ្នា គេប្រាប់ថាមានអាការជំងឺដូចៗគ្នា ទើបសន្និដ្ឋានថា ពួកគាត់ពុលម្ហូបការនោះ ។
ចែករំលែកព័តមាននេះ