ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ជិក​ដែល​គាំទ្រ​មេតុង​ទីន​ លើក​គ្នា​តាម​មក​ដល់​ក្រសួង​មហា​ផ្ទៃ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មេ​តុង​ទីន​ម្នាក់​ឈ្មោះ​ សៅ​ សុគន្ធា​ ហៅ​ភាព​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ចំពុះ​ក្អែក​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​មាន​ជ័យ​ ត្រូវ​បាន​សមា​ជិក​តុង​ទីន​ម្នាក់​ឈ្មោះ​ អុឹង​ សុធារូ​ ភេទ​ស្រី​ អាយុ​ជាង​៥០​ឆ្នាំ​ ដាក់​ពាក្យ​បណ្តឹង​ ហើយ​ត្រូវ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ ហៅ​មក​ដើម្បី​ដោះ​ស្រាយ​ ដោយ​មាន​ទាំង​សមា​ជិក​តុង​ទីន​ ដែល​គាំទ្រ​មក​ជាមួយ​ជាង​១០​នាក់​ផង​ ។​

រាជធានីភ្នំពេញ​ ៖ មេ​តុង​ទីន​ម្នាក់​ឈ្មោះ​ សៅ​ សុគន្ធា​ ហៅ​ភាព​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ចំពុះ​ក្អែក​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​មាន​ជ័យ​ ត្រូវ​បាន​សមា​ជិក​តុង​ទីន​ម្នាក់​ឈ្មោះ​ អុឹង​ សុធារូ​ ភេទ​ស្រី​ អាយុ​ជាង​៥០​ឆ្នាំ​ ដាក់​ពាក្យ​បណ្តឹង​ ហើយ​ត្រូវ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ ហៅ​មក​ដើម្បី​ដោះ​ស្រាយ​ ដោយ​មាន​ទាំង​សមា​ជិក​តុង​ទីន​ ដែល​គាំទ្រ​មក​ជាមួយ​ជាង​១០​នាក់​ផង​ ។​ ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣​ មីនា​ នៅ​ខាង​មុខ​ក្រសួង​មហា​ផ្ទៃ​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ។​

ស្ត្រី​ឈ្មោះ​ សៅ​ សុគន្ធា​ ហៅ​ភាព​ ដែល​ជា​មេ​តុង​ទីន​រូប​នេះ​ មាន​សមា​ជិក​លេង​រាប់​ពាន់​នាក់​ ត្រូវ​បាន​សមា​ជិក​ម្នាក់​ ដាក់​ពាក្យ​បណ្តឹង​ និង​កោះ​ហៅ​មក​កាន់​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ដោះ​ស្រាយ​រឿង​ប្រាក់​តុង​ទីន​ដែល​នៅ​ជំពាក់​ ។​ ប្រភព​ព័ត៌​មាន​ពី​ម្តាយ​របស់​ស្ត្រី​មេ​តុង​ទីន​ឈ្មោះ​ គង់​ ឆេង​ អាយុ​៥២​ឆ្នាំ​ ឱ្យ​ដឹង​ថា​ កូន​របស់​គាត់​បាន​ប្រកប​របរ​ជា​មេតុង​ទីន​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ មិន​ដែល​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ​ ដោយ​មាន​ការ​ដេញ​ជា​ប្រចាំ​ថ្ងៃ​ក៏​មាន​ជា​​ប្រចាំ​សប្តាហ៍​ក៏​មាន​ និង​មាន​ជា​ច្រើន​ក្បាល​ទៀត​ ។​ ហេតុ​ដែល​កូន​ស្រី​របស់​គាត់​ត្រូវ​សមា​ជិក​តុង​ទីន​ម្នាក់​ប្តឹង​នៅ​ពេល​នេះ​ ដោយ​សារ​តែ​សមា​ជិក​តុង​ទីន​ជា​ច្រើន​នាក់​ បាន​បោក​ប្រាក់​កូន​ស្រី​គាត់​រត់​ទៅ​បាត់​ មិន​ព្រម​បង់​បន្ត​ ទើប​បាន​ជា​ខ្វះ​ប្រាក់​បង្វិល​ឱ្យ​សមា​ជិក​មិន​ទាន់​ពេល​វេលា​ ហើយ​តុង​ទីន​នេះ​ដែរ​ មាន​អ្នក​លេង​រហូត​ជាង​១ពាន់​នាក់​ ជា​ច្រើន​ក្បាល​ គឺ​ចាប់​ពី​មួយ​ក្បាល​៣.០០០​រៀល​ ដល់​៤ម៉ឺន​រៀល​ និង​ធ្វើ​ការ​បង់​រៀង​រាល់​ថ្ងៃ​ និង​រាល់​សប្តាហ៍​ រហូត​ដល់​២០​ដុល្លារ​ បង់​ក្នុង​១ខែ​ម្តង​ក៏​មាន​ដែរ​ ។​

ស្ត្រី​ជា​ម្តាយ​មេ​តុង​ទីន​រូប​នេះ​បន្ត​ថា​ ចំណែក​សមា​ជិក​តុង​ទីន​ដែល​ប្តឹង​នេះ​ លេង​ប្រមាណ​ជា​១០​ក្បាល​ និង​បាន​ទិញ​យក​ឈ្មោះ​អ្នក​ដែល​លេង​មុនៗ​ច្រើន​ក្បាល​ទៀត​ ហើយ​ទទួល​បាន​ការ​ប្រាក់​ចំនួន​ជាង​១លាន​៨០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ជា​ប្រចាំ​ ឬ​ក៏​អាច​លើស​ពី​នេះ​ទៅ​ទៀត​ ។​

ប្រភព​ព័ត៌​មាន​ពី​ម្តាយ​ស្ត្រី​ជា​មេ​តុង​ទីន​ និយាយ​ទៀត​ថា​ ស្ត្រី​ម្នាក់​ជា​សមា​ជិក​តុង​ទីន​ដែល​ដាក់​ពាក្យ​បណ្តឹង​រូប​នេះ​ បាន​រឹប​អូស​យក​ប្លង់​ដី​របស់​គាត់​ដែល​មាន​តម្លៃ​ប្រមាណ​៥ម៉ឺន​ដុល្លារ​ ហើយ​តាម​ពិត​ទៅ​ សមា​ជិក​តុង​ទីន​ក៏​បាន​ជំពាក់​មេ​ប្រមាណ​២០​ម៉ឺន​ដុល្លារ​ដែរ​ ។​
ដោយ​ឡែក​ សមា​ជិក​តុង​ទីន​ដែល​តាម​គាំទ្រ​មេ​តុង​ទីន​មក​ដល់​មុខ​ក្រសួង​មហា​ផ្ទៃ​ និយាយ​ថា​ បាន​ជា​ពួក​គេ​តាម​មក​ដល់​ទី​នេះ​ ដោយ​សារ​តែ​មាន​ការ​ភ័យ​ខ្លាច​ចាប់​ខ្លួន​មេ​តុង​ទីន​ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ខាត​បង់​យ៉ាង​ច្រើន​ ព្រោះ​តុង​ទីន​ដែល​ពួក​គាត់​លេង​នោះ​មិន​ទាន់​បាន​ដេញ​១ក្បាល​ណា​ទេ​ ។​ នៅ​វេលា​ម៉ោង​ជាង​១រសៀល​ មេ​តុង​ទីន​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ តែ​ក៏​តម្រូវ​ឱ្យ​មក​បំភ្លឺ​សមត្ថ​កិច្ច​ម្តង​ទៀត​នៅ​ថ្ងៃ​ស្អែក​៕