ខេត្តបន្ទាយមានជ័យ ៖ ប្រភពព័ត៌មានពីបន្ទាត់ព្រំដែនក្នុងស្រុកអូរជ្រៅ និងស្រុកស្វាយចេកបានឲ្យដឹងថា ច្រករបៀងចំនួន៦ត្រូវបានភាគីថៃ បន្តបិទមិនឲ្យមានរថយន្តតូចធំ ឬអ្នកស្រុកឆ្លងទៅមករកគ្នា ក្រៅពីសិស្សសាលានៃប្រទេសទាំង២ឡើយ ហើយបញ្ហានេះប្រភពប្រាប់ថា សង្ស័យបណ្ដាលមកពីរឿងជម្លោះម្ដុំដីខ្មែរ ស្រែថៃ(បង្គោលសីមាព្រំដែនលេខ៤៣) ចំណុចទីតាំងគម្រោងបើកច្រកដោះដូរ កសិផលបឹងស្នោរកម្ពុជានិងណូនម៉ាក់មុនថៃ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅទល់មុខទឹកដីថៃក្នុងស្រុកគោកធ្យូង។
ច្រករបៀងដែលត្រូវភាគីថៃបន្តបិទនេះរួមមាន ច្រកចំការគរ, ច្រកតំបន់០១ ស្រុកស្វាយចេក ,ច្រករបៀងតំបន់៥,ច្រកអូរបីជាន់,ច្រកជោគជ័យ និងច្រកសិលាខ្មែរក្នុងស្រុកអូរជ្រៅ។ ច្រករបៀងអូរបីជាន់ ដែលកន្លងមកប្រជាពលរដ្ឋនៃប្រទេសទាំង២ ឆ្លងទៅមកខ្លាំងជាងគេ ព្រោះខាងកម្ពុជាមានភ្ជាប់ផ្លូវជាតិលេខ២៥៨Dមួយខ្សែទៅហើយនោះ ប្រភពប្រាប់ថារយៈពេល២ទៅ៣ថ្ងៃនេះ ភាគីថៃបានចាក់សោទ្វារព្រំដែនច្រករបៀងតែម្ដង មិនឲ្យមានការឆ្លងកាត់នៅរថយន្តតូចធំ ឬអ្នកដំណើរឡើយ។
ភាគីថៃកន្លងមកបានបិទច្រករបៀងជាច្រើនកន្លែងក្នុងស្រុកអូរជ្រៅ,ស្រុកស្វាយចេកនិងស្រុកថ្មពួក ធ្វើឲ្យស្រូវអង្ករខ្មែរកកស្ទះរាប់សិបតោននៅក្នុងស្រុកថ្មពួក ប៉ុន្តែពេលនេះត្រូវបានលោក ប្រាក់ សាំ មេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៨០៧ប្រចាំនៅស្រុកថ្មពួកប្រាប់តាមទូរស័ព្ទថា ច្រករបៀងទាំងអស់ក្នុងស្រុកថ្មពួកភាគីថៃមិនបានបិទទៀតទេ គឺដំណើរការជាធម្មតាវិញហើយ។
ការបិទច្រករបស់ភាគីថៃនៅបន្ទាត់ព្រំដែនក្នុងស្រុកអូរជ្រៅនិងស្វាយចេកប្រភពប្រាប់ថា បណ្ដាលមកពីជម្លោះម្ដុំដីខ្មែរស្រែថៃក្នុងឃុំអូរបីជាន់ ដែលទីនោះមានក្រុមហ៊ុនមួយជារបស់លោក ឧកញ៉ាម្នាក់ ធ្វើការអភិវឌ្ឍគម្រោងបើកច្រកដោះដូរទំនិញកសិផល រវាងប្រទេសទាំង២ ច្រកបឹងស្នោរណូនម៉ាក់មុនហើយ ខណ:ក្រុមហ៊ុនមួយនេះរៀបចំបោះបង្គោលនិងដាក់លូដើម្បីធ្វើការអភិវឌ្ឍរៀបចំរចនាសម្ព័ន្ធរូបវ័ន្ដនានា បែរជាត្រូវប្រជាពលរដ្ឋថៃមួយចំនួនដែលធ្លាប់ធ្វើស្រែលើដីខ្មែរនៅទីនោះប្ដឹងឲ្យសមត្ថកិច្ចរបស់គេមកធ្វើការរារាំងដំណើការអភិវឌ្ឍនេះ ៕
ចែករំលែកព័តមាននេះ