រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់Metfone Cambodian League កាលពីល្ងាចថ្ងៃអាទិត្យ ទី២ មីនា ឆ្នាំ២០១៤ ដែលមាន២ប្រកួតនោះ ក្រុមចម្ការកៅស៊ូបឹងកេត បានទទួល៣ពិន្ទុបន្ថែមទៀតហើយ បន្ទាប់ពីប្រកួតឈ្នះក្រុមសាកលវិទ្យាល័យវេស្ទើន 2-0 ។
ជំនួបរវាងអតីតក្រុមជើងឯក League 2012 ចម្ការកៅស៊ូបឹងកេត និងក្រុមវេស្ទើន ក្នុងតង់ទី១បឹងកេតរកបានគ្រាប់បាល់នាំមុខ១គ្រាប់ ដោយកីឡាករពាក់អាវលេខ៩ ឃួន ឡាបូរ៉ាវី នៅនាទីទី១០ ខណៈតង់ទី២រកបាន១គ្រាប់បន្ថែមទៀតដោយកីឡាករពាក់អាវលេខ១១ ចាន់ វឌ្ឍនាកា នៅនាទីទី៨០ ធ្វើឱ្យចប់ការប្រកួតពេញម៉ោងក្រុមចម្ការកៅស៊ូបឹងកេតឈ្នះក្រុមវេស្ទើន ដោយលទ្ធផលបច្ចេកទេស២ទល់នឹង០ ។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់បាល់ទាំង២គ្រាប់ដែលរកបានដោយក្រុមបឹងកេត នោះ វាមិនមែនជារឿងងាយស្រួលឡើយ ព្រោះការប្រកួតមានភាពស្វិតស្វាញខ្លាំងណាស់ ដោយក្រុមវេស្ទើនក៏មានឱកាសលេងវាយសម្រុកខ្លាំងណាស់ដែរ គ្រាន់តែគ្មានសំណាងរកបានគ្រាប់បាល់ប៉ុណ្ណោះ ។
សម្រាប់ជ័យជម្នះលើកនេះ ធ្វើឱ្យក្រុមចម្ការកៅស៊ូបឹងកេតឡើងទៅឈរនៅលេខរៀងទី៣ ក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្នជាមួយនឹងពិន្ទុ១២ ដោយលេងបាន៦ប្រកួតឈ្នះ៤ និងចាញ់២ប្រកួត រីឯក្រុមវេស្ទើនទើបទទួលបាន៥ពិន្ទុប៉ុណ្ណោះ ដោយ៥ប្រកួតឈ្នះ១ ចាញ់២ និងស្មើ២ ។
១ប្រកួតទៀត ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឱ្យក្រុមការពារតំណែងជើងឯកខេត្តស្វាយរៀង ខកចិត្តយ៉ាងខ្លាំងក្រោយពីអាចលេងស្មើ 1-1 ជាមួយក្រុមនេះ ។ ពេលប្រកួតក្រុមទាំង២ហាក់ដាក់គំនាបគ្នាទៅវិញទៅមកយ៉ាងខ្លាំងតាំងពីចាប់ផ្តើមរហូតដល់ចាប់ការប្រកួត ។ ប៉ុន្តែឱកាសនៃការរកគ្រាប់បាល់ គឺមានតែក្នុងតង់ទី១ប៉ុណ្ណោះ ដោយក្រុមខេត្តស្វាយរៀងរកបាន១គ្រាប់មុន ដោយកីឡាករពាក់អាវលេខ២២ សំអឿន ពិដោរ នៅនាទីទី៣៤ ។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិរកបាន១គ្រាប់ដែរ នៅនាទី៤៥នៃម៉ោងថែមបង្គ្រប់ដោយកីឡាករពាក់អាវលេខ៩ នួន បូរី ហើយលទ្ធផលនេះក៏នៅរក្សារហូតដល់ចប់ការប្រកួតតែម្តង ។ គិតមកដល់ពេលនេះ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិលេងបាន៦ប្រកួតឈ្នះ៣ ចាញ់១ និងស្មើ២ ទទួលបាន១១ពិន្ទុ ឈរនៅលេខរៀងទី៤ ។ ចំណែកក្រុមខេត្តស្វាយរៀងវិញ លេងបាន៥ប្រកួតឈ្នះ២ ចាញ់១និងស្មើ២ ទើបទទួលបាន៨ពិន្ទុប៉ុណ្ណោះ ។
សម្រាប់ការប្រកួតជាបន្ត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ មីនា ដោយនៅស្តាតចាស់ការប្រកួតចាប់ផ្តើមពីម៉ោង១៣និង៣០នាទីតទៅ គឺក្រុមសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ប្រកួតជាមួយក្រុមចម្ការកៅស៊ូបឹងកេត និងមួយប្រកួតទៀតក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិប្រកួតជាមួយក្រុមណាហ្គាខប ។ ដោយឡែកនៅពហុកីឡាដ្ឋានជាតិអូឡាំពិកវិញ ការប្រកួតធ្វើឡើងនៅម៉ោង១៥និង៣០នាទីតទៅ រវាងក្រុមក្រសួងការពារជាតិ ប្រកួតជាមួយក្រុមបៀលប្រាយយូណាយធីត និងមួយប្រកួតទៀតក្រុមត្រាយអាស៊ី (ខេត្តកណ្តាល)ប្រកួតជាមួយក្រុមភ្នំពេញ ក្រោន ៕
ចែករំលែកព័តមាននេះ